adverise with khmeread B1c40f02 062e 40c2 82ed 54d5050a6ca1

ខឹង​អ្នករត់ម៉ូតូឌុប​ហៅ​សាំ​ពេក​ដាល់​២​ដៃ, ចូល​បក​ប៉ូលិស​

    ភ្នំពេញ ៖ បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់​ត្រូវ​ជនបរទេស​ដាល់​២​ដៃ​ផ្ទួន​បែក​មាត់ ព្រោះតែ​ខឹង​ជនរងគ្រោះ​ហៅ​ឱ្យ​ជិះ​ម៉ូតូឌុប​សាំ​ពេក បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង២ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​៦​ មិថុនា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​១១០ ​កែង​ផ្លូវ​លេខ​១៣ ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ នា​ប សុវណ្ណ​រ៉ា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ។ ចំណែក​ជនបង្ក​ឈ្មោះ ថូ​ម៉ាស់ ភេទ​ប្រុស​ អាយុ២៧​ឆ្នាំ ជា​ជនជាតិ​ម៉ិ​ច​ស៊ិ​ច​កូ មុខរបរ​ជា​គ្រូបង្រៀន​នៅ​សាលារៀន​សុវណ្ណ​ភូមិ សាខា​បាក់​ទូក ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​លេខ​១០៨ ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។​

    តាម​សម្តី​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ រូបគាត់​ដឹក​ម៉ូយ​ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​១១០ ក្នុងទិសដៅ​ពី​លិចទៅ​កើត មកដល់​កែង​ផ្លូវ​លេខ​១៣។ ពេលដែល​គាត់​ដាក់​ម៉ូយ​ចុះ ក៏​ឃើញ​ជនបង្ក​ដើរ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​លេខ​១១០​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។​

    ឃើញ​ដូចនេះ រូបគាត់​ក៏​លើកដៃ​ហៅ​ជនបង្ក​ឱ្យ​ជិះ​ម៉ូតូ ពេលនោះ​ជនបង្ក​មិនបាន​និយាយ​អ្វី​ទេ គ្រាន់តែ​ដើរមក​ជិត​ក៏​វាយ​រូបគាត់​២​ដៃ​ចំក្បាល និង​ស្នៀត​ផ្កា បែក​មាត់ រូបគាត់​ក៏​ស្រែក​ឱ្យ​អ្នក​នៅ​ម្តុំ​នោះ​ជួយ ពេលនោះ​ជនបង្ក​បាន​រត់​សំដៅ​ផ្ទះ​លក់​កាហ្វេ​នៅក្បែរនោះ និង​ទាញ​បាន​កាំបិត​ប៉័​ង​តោ មក​ដេក​កាប់​ជនរងគ្រោះ​ថែម​ទៀតផង។​

    ឃើញ​ដូចនេះ​អ្នក​នៅ​ជិត​នោះ​ប្រហែល​ជាង​១០​នាក់​ជួយ​ដេញចាប់​ជាប់​យកមក​ប្រគល់ជូន​សមត្ថកិច្ច។ ពេលមកដល់​ប៉ុស្តិ៍ប៉ូលីស​ជនបង្ក​បាន​សួរ​ប៉ូលិស​វិញ​ថា "​រូបគេ​ខុស​អ្វី ?" និង​បាន​និយាយថា "​ក្នុង​មួយឆ្នាំ​រូបគាត់​វាយ​មនុស្ស​យ៉ាងហោច​បាន​ម្តង​"។​

    ក្រោយពេល​កើតហេតុ​ជនបង្ក​បាន​សម្រួល​ជាមួយ​ជនរងគ្រោះ​ដោយ​សុខចិត្ត​សង​សំណង​ចំនួន​៣០០​ដុល្លារ​តែ​នៅជាប់​ខ្លួន​អត់​មាន​លុយ​ទេ ចាំ​ព្រឹក​បាន​យកលុយ​ឱ្យ​។ ចំណែក​ជនរងគ្រោះ​គាត់​ហាក់​មិន​ចង់បាន​សំណង​ទេ តែដោយសារ​មានការ​សម្របសម្រួល ពី​បងប្អូន​នៅក្បែរនោះ ណាមួយ​មិន​ចង់​មានរឿង​វែងឆ្ងាយ​ផង ទើប​សុខចិត្ត​ទទួល​ប្រាក់​សំណង​ដើម្បី​បញ្ចប់រឿង​នៅ​ហ្នឹង​កន្លែង៕

    (​ពន្យល់​ពាក្យ​"​បក​ប៉ូលិស​គឺ​ប៉ុស្តិ៍​ប៉ូលិស​" គេ​ប្រើ​នៅ​សម័យ​អាណានិគម​បារាំង​ចាស់ៗ​ហៅចូល​"​បក​ប៉ូលិស​"​។ ខ្មែរ​រីដ​លើកឡើង​ពាក្យ​នេះ​ដើម្បីឱ្យ​ប្អូនៗ​បាន​ស្គាល់​)​។​

adverise with khmeread

មតិយោបល់