adverise with khmeread 1

បុរស​ម្នាក់​ត្រូវគេ​ធ្វើឃាត​, សេក​អាចជា​សាក្សី​រស់​ដ៏​សំខាន់​ក្នុងករណី​ឃាតកម្ម​មួយ​នៅ​អាមេរិក​

​    ​សាក្សី​ដែល​បានឃើញ​ឃាតករ​សម្លាប់​មនុស្ស​ត្រូវ​បាន​រកឃើញ​ហើយ នោះ​គឺ​សត្វ​សេក​! ប៉ុន្តែ​សំណួរ​មួយ​ដែល​គេ​ចោទសួរ​នោះ​ថា តើ​មាន​នរណា​ជឿ​ចម្លើយ​របស់​សេក​នោះ​អត់​?

​    ​បើ​យោងតាម​ប៉ុស្តិ៍ WOOD-TV បុត្រ​សម្ព័ន្ធ​របស់​ប៉ុស្តិ៍ NBC បានឱ្យដឹងថា ឈ្មោះ​របស់​សេក​នេះ​គឺ Bud ដែលជា​សេក​ពណ៌​ប្រផេះ​មកពី​ទ្វីបអាហ្វ្រិក​និង​ចូលចិត្ត​និយាយ​ប៉ាតណាប៉ាតណី​សព្វថ្ងៃ​កំពុង​រស់នៅ​ទីក្រុង Ensley Township រដ្ឋ Michigan​។​

​    ​កាលពីពេល​ថ្មីៗ​នេះ វា​បាន​ស្រែក​ត្រាប់​ម្ចាស់​វា នៅ​មុនពេល​ម្ចាស់​នោះ​ត្រូវបាន​គេ​បាញ់​ថា "​កុំ​បាញ់​អី​" (Don't f***ing shoot)​។​

​    ​រឿង​ដែលថា​សេក​អាច​ដឹង​ពី​ឃាតក​សម្លាប់​មនុស្ស​ប្រហែលជា​ធ្វើ​មនុស្ស​ជាច្រើន​អស់សំណើច ប៉ុន្តែ​កុំ​ដោយសារតែ​ម្ចាស់​របស់​វា លោក Martin Duram វ័យ ៤៥ ឆ្នាំ​ដែល​ត្រូវបាន​បាញ់​ស្លាប់​នៅផ្ទះ​របស់គាត់​កាលពី​ខែឧសភា ឆ្នាំ ២០១៥ ឥឡូវ​គេ​ដឹងថា​សត្វ​សេក​មាន​ប្រយោជន៍​ណាស់​។ នេះ​បើ​យោងតាម​ប៉ុស្តិ៍ WOOD-TV​។​

​    ​សាកសព​លោក Martin Duram ត្រូវបាន​រកឃើញ​នៅក្បែរ​ប្រពន្ធ​របស់គាត់ គឺ​អ្នកស្រី Glenna ដែល​ត្រូវគេ​បាញ់​ប​ញ្ឈិ​ត​ត្រូវ​ក្បាល​បន្តិច​ប៉ុន្តែ​គាត់​នៅរស់​ទេ​។ ទោះយ៉ាងណា ដំបូង​ប៉ូលិស​បាន​សន្ម​ត់​ថា​អ្នកស្រី Glenna Duram គឺជា​ជនរងគ្រោះ​អំឡុង​ការបាញ់ប្រហារ ប៉ុន្តែ​ក្រោយ​ទទួល​បានការ​លាតត្រដាង​ពី WOOD-TV ឥឡូវ​ស្ត្រី​ជា​ប្រពន្ធ​បាន​ក្លាយជា​ជនសង្ស័យ​នៅក្នុង​អំពើ​ឃាតកម្ម​នេះ​។​

​    ​ម្តាយ​របស់លោក Duram គឺ​អ្នកស្រី Lillian Duram បាន​ប្រាប់ WOOD-TV ថា "​សេក​នេះ​ស្រង់​យក​រាល់​អ្វីៗ​ទាំងអស់ ហើយ​វា​មាន​មាត់ដាច​ណាស់​"​។  ចំណែកឯ​ឪពុក​របស់​បុរស​ជន​រងគ្រោះ​លោក Charles Duram បាន​បន្ថែមថា "​តាម​មតិ​របស់ខ្ញុំ ខ្ញុំ​យល់ឃើញថា សេក​នេះ​បាន​នៅ​ទីនោះ ហើយ​វា​ចងចាំ​ឃាតកម្ម​នេះ ទើប​វា​និយាយ​រឿងនេះ​ចេញមក​"​។​

​    ​ម្ចាស់​ថ្មី​របស់​សេក​នេះ គឺ​អតីត​ប្រពន្ធ​របស់លោក Martin អ្នកស្រី Christina Keller បាន​យល់ស្រប​ថា សេក​នេះ​មាន​ទម្លាប់​និយាយ​ត្រាប់​សំឡេង​តាម​មនុស្ស​ប្រុស​ស្រី​ដែល​ឈ្លោះប្រកែក​គ្នា​។ អ្នកស្រី​បន្តថា "​ខ្ញុំ​បានឮ​មនុស្ស​ពីរ​នាក់​ឈ្លោះទាស់ទែង​គ្នា​ដ៏​អាក្រក់​។ មនុស្ស​ពីរ​នាក់​នោះ​ខ្ញុំ​ស្គាល់​ហើយ​ខ្ញុំ​ចាំ​សំឡេង​របស់​ពួកគេ​"​។ អ្នកស្រី​ក៏​ជឿថា "​កុំ​បាញ់​" គឺជា​ពាក្យសម្តី​ចុងក្រោយ​របស់លោក Duram​។​

​    ​បើ​យោងតាម WOOD-TV បានឱ្យដឹងថា របាយការណ៍​ប៉ូលិស​បាន​លាតត្រដាង​ថា ក្រុម​ស៊ើបអង្កេត​ត្រូវ​ប៉ូលិស​ស្នើថា​តើ​សេក​នេះ​អាច​ប្រើ​ជា​ភស្តុតាង​ឬ​យ៉ាងណា ប៉ុន្តែ​ពួកគេ​មិនបាន​បង្ហាញ​ការឆ្លើយតប​របស់​ប៉ូលិស​នៅឡើយ​ទេ​។​

​    ​ទោះយ៉ាងណា ឪពុក​របស់លោក Duram បាន​ប្រាប់ថា គាត់​មិន​ហ៊ាន​អះអាងថា កូនប្រសា​ស្រី​របស់គាត់​មានទោស​ឬក៏​គ្មាន​ទោស​នោះទេ ដោយបាន​លើកឡើងថា គាត់​សង្ឃឹមថា ច្បាស់​ជាមាន​រឿង​ណាមួយ​ស្ថិតនៅ​ពីក្រោយ​ឃាតកម្ម​នេះ​ដែល​យើង​មិន​បានដឹង​៕

ប្រភព៖ Washington Post

adverise with khmeread

មតិយោបល់