adverise with khmeread Untitled

Fan ថៃ​ប្រតិកម្ម​ចំពោះ​ការលើកឡើង​របស់​ខ្មែរ​ថា ល្ខោនខោល​ជា​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​ផ្តាច់មុខ​

    ​បន្ទាប់ពី​ប្រទេស​ថៃ​បានដាក់​ស្នើ​អង្គការ​យូណេស្កូ​ឱ្យ​ដាក់​ល្ខោនខោល​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ពិភពលោក​កាលពី​ខែ​មុន ប្រជាជន​កម្ពុជា​ភាគច្រើន​មិន​រីករាយ​ចំពោះ​ដំណឹង​នេះ​ទេ​ដោយ​អះអាងថា ល្ខោន​នេះ​គឺជា​របស់​ខ្មែរ​។

​    ​ក្នុង​ទំព័រ Facebook ដែលមាន​ឈ្មោះថា "​ហេតុតែ​ស្រលាញ់ "Haet Tae Srolanh"" និង "I Love Khmer True Story" បាន​ផ្ញើ​សារ​ដល់​ប្រជាជន​ខ្មែរ​ឱ្យបាន​ដឹង​ពី​វប្បធម៌​របស់ខ្លួន​និង​បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ភាគី​ថៃ​។​

​    ​ទោះយ៉ាងណា ខាង​ប្រទេស​ថៃ​វិញ ក៏បាន​ប្រតិកម្ម​ចំពោះ​អ្វីដែល​ភាគី​ខាង​ប្រទេស​កម្ពុជា​បានលើកឡើង​ផងដែរ​។ បណ្តាញ​ផ្សព្វផ្សាយ "ทีวีพูล TVPool Buffet" ក៏បាន​ចុះផ្សាយ​ទាក់ទិន​នឹង​រឿងនេះ​ដែរ​។ វេ​ប​សាយ​នេះ​សរសេរ​លើ​ចំណងជើង​របស់ខ្លួន​ថា "​កម្ពុជា​អះអាងថា​ល្ខោនខោល​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​រប​ស់​ខ្លួន​" ដោយ​ទាក់ទាញ​អ្នក​បញ្ចេញមតិ​ជាច្រើន ក្នុងនោះ​អ្នក​បញ្ចេញមតិ​ជនជាតិ​ថៃ​ភាគច្រើន​អះអាងថា ខ្មែរ​ថៃ​រង​ឥទ្ធិពល​ឥណ្ឌា​ដូច្នេះ​ល្ខោនខោល​មិនមែនជា​របស់​កម្ពុជា​ផ្តាច់មុខ​ទេ​។

​    ​បើ​យោងតាម​សារព័ត៌មាន Bangkok Post ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៥ បានឱ្យដឹងថា ប្រទេស​ថៃ​បានស្នើ​ឱ្យ​ដាក់​ល្ខោន​ឈ្មោះថា Khon (โขน) ចូល​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អរូបី​ពិភពលោក​ហើយ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ​លោក Vira Rojpojchanarat បាន​និយាយថា "​ហេតុផល​មួយ​ដែល​យើង​ជ្រើសរើស​ល្ខោន Khon មុនគេ​គឺ​វា​បង្ហាញ​យ៉ាង​ល្អឥតខ្ចោះ​ចំពោះ​ភាពរុងរឿង​នៃ​វប្បធម៌​ថៃ​"​។​

​    ​ស្របពេល​នេះដែរ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ប្រទេស​កម្ពុជា បានប្រកាស​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា ក្រសួង​បានរៀបចំ​បញ្ជី​ឈ្មោះ​ទម្រង់​បេតិកភណ្ឌ​អរូបី​មួយចំនួន​មានដូចជា ល្ខោនស្បែក​ធំ ល្ខោនខោល ចាប៉ីដងវែង និង​តម្បាញ​សូត្រ ។​ល​។ ដើម្បី​ត្រៀម​ស្នើ​ទៅ​អង្គការ​យូណេស្កូ​។​

​    ​គួរបញ្ជាក់​ផងដែរ​ថា អង្គការ​យូណេស្កូ​បានអនុញ្ញាត​ឱ្យ​កម្ពុជា​ចុះ របាំ​ក្បាច់បុរាណ​ខ្មែរ​ឬ​របាំ​ព្រះរាជ​ទ្រព្យ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​កាលពី​ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ និង​ល្ខោន​ស្រមោល​ស្បែក​ធំ កាលពី​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០០៥៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់