adverise with khmeread Sammo kam bo hung

ជីវប្រវត្តិសង្ខេបរបស់តារាភាពយន្តហុងកុង សាមម៉ូ ហុង ហៅអាម៉ាប់

            កើតនៅ​ទីក្រុងហុងកុងកាលពីថ្ងៃទី៧ខែមករាឆ្នាំ​១៩៥២ សាមម៉ូ ហុង (Sammo Hung) ដែលខ្មែរយើងនិយម​ហៅ​ថា អាម៉ាប់ នោះ បានចាប់ផ្តើម​អាជីព​សម្តែង​របស់លោក ខណៈ​ពេល​លោក​ហ្វឹក​ហាត់ការសម្តែង​សៀក ក្បាច់គុននិង​ក្បាច់រាំតាំងពី​នៅតូច​នៅសាលា China Drama Academy ហើយ​លោក​មានឈ្មោះបោះ​សំឡេងតាមរយៈ​ការសម្តែង​ក្នុង​រឿង “The Seven Little Fortunes” ។

អាម៉ាប់ ចាប់ផ្តើម​បង្ហាញមុខក្នុង​ភាព​យន្តលើក​ដំបូង​ជា​តារាភាព​យន្ត​តាំងពី​អាយុ​១២​ឆ្នាំ និងបាន​ធ្វើ​ការងារ​ជាមួយនឹងភាព​យន្ត​ក្បាច់គុន​ជា​ច្រើនក្នុងឋានៈ​ជា​តារាសម្តែង អ្នក​ដឹកនាំ​រឿង ផលិតករនិង​ជាអ្នក​រៀបចំឈុតសម្តែង​ ដោយ​សហការជាមួយលោក ប៊្រូស លី ហៅលី ស៊ាវឡុង និងលោក ជែកឃី ចាន ហៅ​ ឈិន ឡុង ដែលជាកំពូល​តារាភាព​យន្តនោះ។

            ឥឡូវនេះ សាមម៉ូ ហុង គឺជា​អ្នកឈាន​មុខគេនិង​ជាអ្នកបង្កើតនិន្នាការ​នៅក្នុងវិស័យ​ភាព​​យន្ត​វាយ​តប់​ហុងកុង។ សាមម៉ូ ហុង បានសម្រាកមួយរយៈធំ​ បន្ទាប់ពី​លោកសម្តែង​នៅ​ក្នុង​ភាព​យន្ត​ “Enter the Dragon” របស់ ប៊្រូស លី កាលពីឆ្នាំ​១៩៧៣។

លោកបានចាប់ផ្តើម​សាងកេរ្តិ៍ឈ្មោះ​ក្នុងឋានៈ​ជា​តារា​កំប្លែង​នៅក្នុងភាព​យន្ត​កំប្លែង​កុង​ហ៊្វូ​ជា​ច្រើនរឿង ដោយ​ចាប់ផ្តើមជាមួយនឹងរឿង “Enter the Fat Dragon” កាលពីឆ្នាំ​១៩៧៨។ លោក​បានផលិតនិងចូលរួមសម្តែង​ក្នុង​ភាព​យន្តហើយទទួលបានជោគជ័យជា​ច្រើន​អំឡុង​ទសវត្សរ៍ឆ្នាំ​១៩៧០​​ដល់​ឆ្នាំ​១៩៨០ សម្រាប់​ផលិតកម្ម​ Golden Harvest ដែលឈាន​មុខគេនៅ​ទីក្រុងហុងកុង។

អំឡុងទសវត្សរ៍ឆ្នាំ​១៩៨០ សាមម៉ូ បានសហការជាមួយ​នឹង​មិត្តយូរអង្វែង​ ជែកឃី ចាន ផលិតភាព​យន្ត​កំប្លែង​និង​វាយតប់​ដ៏ជោគជ័យ​ជាច្រើនរឿងដែលធ្វើឲ្យ​លោក ទទួល​ងារ​ជា​តារា​ភាព​យន្តនិងជាអ្នក​ដឹកនាំរឿងពោរពេញដោយទេពកោសល្យ ហើយ​ក៏ជាពេល​ដែល​ធ្វើឲ្យ​អាជីព​​របស់លោក ជែកឃី ចាន ក្លាយជា​តារាភាព​យន្តអន្តរជាតិ​ផងដែរ។ សាមម៉ូ ក៏​ធ្លាប់បាន​បង្ហាញមុខមួយរយៈ​ក្នុងភាព​យន្ត​ភាគរបស់ទូរទស្សន៍​អាមេរិក​រឿង Martial Law កាលពី​ឆ្នាំ​១៩៩៨​ផងដែរ។

សាមម៉ូ បានដឹកនាំរឿង “One Upon a Time in China and America” កាលពី​ឆ្នាំ​១៩៩៧ ជា​ភាព​យន្តដំបូង​របស់លោក​ដែលបាន​ថតនៅ​សហរដ្ឋអាមេរិក។ លោកនិងភរិយា​របស់លោក​ឈ្មោះ មីណា (Mina) ឥឡូវនេះត្រូវ​បែងចែកពេលវេលា​រវាងផ្ទះនៅក្រុងហុងកុង​និង​ក្រុង​ឡូសអែន​ជើឡេស៕

adverise with khmeread

មតិយោបល់