adverise with khmeread 257aa9d3 d0aa 46b5 9650 64a57dadcdf5

ជើងឯក​ខាង​ប្រណាំង​ម៉ូតូ​បង្ហោះ​ភ្លាត់ស្នៀត​ធ្លាក់ចូល​ប្រឡាយទឹក​ស្អុយ​ត្រាំ​មួយ​យប់​

    ភ្នំពេញ ៖ បុរស​ម្នាក់ ដែល​អះអាងថា​ខ្លួន​ជា​អ្នកបើក​ម៉ូតូ​ប្រណាំង តែ​កំពុង​ស្រវឹងស្រា បើក​បង្ហោះ​ជ្រុលភ្លាត់ស្នៀតធ្លាក់ចូល​ទៅក្នុង​ប្រឡាយ​ទឹកស្អុយ​ខ្មាស់​គេ កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន ចូល​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​ប្រឡាយ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    បន្ទាប់ពី​ធ្លាក់ទឹក​ស្អុយ ដោយសារ លើក​ម៉ូតូ​មិន​រួច ម្ចាស់​ដើរទៅ​ផ្ទះ​បាត់ ទុកចោល​មួយ​យប់ ត្រូវបាន​ប្រជា​ការពារ​ភូមិ នាំគ្នា​លើក​ម៉ូតូ យកទៅ​ប្រគល់ឱ្យ​អាជ្ញាធរ​សង្កាត់ រហូតដល់ វេលា​ម៉ោង​១​រសៀល ថ្ងៃទី​០៦ ខែមិថុនា​នេះ​ទើប​លេចមុខ​ម្ចាស់ មក​ដើរ​សួររក​ម៉ូតូ​វិញ។​

    ម៉ូតូ​ដែល​ម្ចាស់​បោល ទម្លាក់​ចូល​ទឹកស្អុយ ម៉ាក SL កែ សេរី ធ្វើជា​ម៉ូតូ​ប្រណាំង ពណ៌​លឿងទុំ ពាក់​ស្លាក​លេខ ភ្នំពេញ 1U-6070 មាន​ម្ចាស់ជា​អ្នកប្រណាំង​ម៉ូតូ ឈ្មោះ សួន សុភា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ជិត​ផ្សារ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ មាន​ស្រុកកំណើត ភូមិ​ត្មោ​ត​កើត ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម។​

    តាម​សម្តី​បុរស ​សួន សុភា ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុខ្លួន ចេញ​មកពី​ផឹក​ស៊ីជាមួយ​មិត្ត​ភ័ក្ត្រ លុះ​ស្រវឹង ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ តាមផ្លូវ​បេតុង ភូមិ​ព្រៃ​ល្វា ពី​ត្បូង​ទៅ​ជើង ចេញទៅ​ដល់​ភូមិ​ជ្រៃ​កោង គេច​ពី​រថយន្ត ហោះ​ធ្លាក់ចូល​ប្រឡាយទឹក​តែម្តង។​

    ខណៈដែល​យប់​ស្ងាត់ ពុំមាន​មនុស្ស​ណា​ឆ្លងកាត់ ពឹង​ឱ្យ​ជួយ​លើក ដោយសារ​ម្ចាស់​មានតែ​ម្នាក់ឯង ម៉ូតូ ធំ ធ្ងន់ លើក​មិន​រួច ក៏​ដើរ​ថ្មើរជើង​ទៅផ្ទះ​បាត់ ទុក​ម៉ូតូ​ចោល​ឲ្យ​នៅ​ត្រាំ​ទឹកស្អុយ​មួយ​យប់​ទៅ។​

    ប្រជាពលរដ្ឋ បានឱ្យដឹងថា ម៉ូតូ​មួយគ្រឿង​ខាងលើ ព្រឹក​ព្រលឹម ថ្ងៃទី​០៦ ទៅហើយ​ទើប​ប្រទះឃើញ នៅ​ត្រាំ​ទឹកស្អុយរក​ម្ចាស់​មិនឃើញ ក៏​យកទៅ​រក្សាទុក​នៅ​សាលាសង្កាត់​ចោមចៅ រហូតដល់​រសៀល ថ្ងៃ​ដដែល​ទើប​លេចមុខ​ម្ចាស់ កាន់​កាត​គ្រី មកសុំ​យក​ម៉ូតូ​ពី​សាលាសង្កាត់​ចោមចៅ​ត្រឡប់​ទៅវិញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់