កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីបង្កឡើង ដោយរថយន្តធុនតូចបើកបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ត្រង់ចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប៉ូលិសបានឱ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយរថយន្តម៉ាក TITAN ពណ៌ស ប្រភេទដឹកទំនិញធុនតូចពាក់ស្លាកលេខភ្នំពេញ 2V-7468 បើកបរដោយជនមិនស្គាល់ឈ្មោះរត់គេចបាត់ បើកបរពីភ្នំពេញទៅអ្នកលឿង។
ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូម៉ាក GTX ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FF-4954 បើកដោយឈ្មោះ សំណាង កញ្ចី ភេទស្រី អាយុ៣០ឆ្នាំមានទីលំនៅភូមិពាម ឃុំរការកោងស្រុកមុខកំពូល ខេត្តកណ្តាល ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
ប៉ូលិសបានបន្តទៀតថា ក្រោយពីរថយន្ត Titan បុកម៉ូតូហើយរួចក៏បន្តទៅបុករថយន្តមួយគ្រឿងទៀតម៉ាក FUSO ពណ៌បៃតងប្រភេទដឹកទំនិញធុនធំពាក់ស្លាកលេខភ្នំពេញ 3C-3625 បើកដោយឈ្មោះ រៀល បូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិពាន ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលបើកស្របគ្នាបណ្តាលឲ្យខូចម៉ូតូ និងខូចរថយន្តទាំង២៕
