បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថស្រុកមោងឫស្សី បានធ្វើការបង្ក្រាបករណីប៉ុនប៉ងឃាតកម្ម ០១ លើក ស្ថិតនៅចំណុចភូមិ តាកុក២ ឃុំមោង ស្រុកមោងឬស្សី ដោយឃាត់ខ្លួនជនសង្ស័យ ០២នាក់នៅវេលាម៉ោង១១ និង៥០នាទី យប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦។
មន្ត្រីអាវុធហត្ថស្រុកមោងឫស្សី បានឱ្យដឹងថាជនសង្ស័យទាំង២នាក់នោះ មានឈ្មោះ ៖ ១.ឈ្មោះ គឿន រដ្ឋា ហៅថា ភេទប្រុស អាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិ២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង២.ឈ្មោះ យាក កុសល់ ហៅកោប ភេទប្រុស អាយុ២២ ឆ្នាំមុខរបរ រស់នៅផ្ទះនៅភូមិពោធិ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
មន្ត្រីបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាសនៅផ្ទះរបស់ខ្លួន ក៏បានឃើញជនរងគ្រោះ ជិះម៉ូតូចូលទៅកន្លែងលក់គ្រឿងក្លែមក្បែរនោះ ខ្លួនក៏មានចិត្តខឹងដោយធ្លាប់ទំនាស់ជាមួយគ្នា ពីមុនមក។
បន្ទាប់មកខ្លួនបានយកកាំបិតខ្វែវដើរចូលទៅ កាប់ជនរងគ្រោះ ឈ្មោះ អ៊ុន ភក្តី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិបន្សៃបន្ទាយ ឃុំមោង ដែលកំពុងដេកលើអង្រឹង ប៉ុន្តែជនរងគ្រោះក្រឡេកមើលទាន់ ក៏គេចផុត។ វត្ថុតាងចាប់យករួមមាន ៖ ១.ម៉ូតូចំនួន០១គ្រឿង និង ២.កាំបិតចំនួន០១ដើម។
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថស្រុកមោងឫស្សី កំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តតាមនីតិវិធី៕
