adverise with khmeread 4

Euro 2016៖ ជនសង្ស័យប៉ុនប៉ងវាយប្រហារការប្រកួតបាល់ទាត់អឺរ៉ុបនៅបារាំងត្រូវបានចាប់ខ្លួនក្នុងប្រទេសអ៊ុយក្រែន

​    ​យោងតាមវេបសាយឆានែលញូវស៍អេស៊ាចេញផ្សាយថ្ងៃអង្គារនេះបានឱ្យដឹងថា អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​ចាប់​ជនសង្ស័យ​ជ្រុលនិយម​ស្តាំ​ជនជាតិ​បារាំង​ម្នាក់​ជាមួយនឹង​អាវុធ​ជាច្រើន ដែល​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​ការ​ប្រកួត​បាល់ទាត់​យូរ៉ូ ២០១៦ (Euro 2016) ក្នុងប្រទេស​បារាំង​។ 

​    ​ការចាប់ខ្លួន​នេះ​បាន​បន្ថែម​ភាព​តានតឹង​មួយ​ថែមទៀត​ជុំវិញ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ទ្វីបអឺរ៉ុប​ក្នុងប្រទេស​បារាំង បន្ទាប់ពី​ការវាយប្រហារ​របស់​ក្រុម​ជី​ហាត​កាលពី​ឆ្នាំមុន​ក្នុង​ទីក្រុង​ប៉ារីស​។ 

កងកម្លាំងប្រដាប់អាវុធបារាំងត្រូវបានដាក់ពង្រាយពេញប្រទេសដើម្បីការពារការប្រកួត Euro 2016

​    ​ការត្រៀម​លក្ខណៈ​សម្រាប់​ព្រឹត្តិការណ៍​ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មកនេះ​ក៏​រង​ការរំខាន​ដោយ​ការធ្វើ​កូដកម្ម​ហែ​ក្បួន ដែល​បាន​បង្អាក់​មធ្យោបាយ​ដឹកជញ្ជូន​មួយចំនួន​ឱ្យ​ជាប់​ទ្រឹង និង ភ្លៀង​ខ្លាំង​ដែល​បណ្តាលឱ្យមាន​ទឹកជំនន់​តាម​ដង​ទន្លេ​សែន និង​បង្ខំ​ឱ្យ​កន្លែង​ទាក់ទាញ​ទេសចរណ៍​ជាច្រើន​រួមទាំង​សារមន្ទីរ Louvre Museum ត្រូវ​បិទទ្វារ​។ 

​    ​ប្រមុខ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អ៊ុយ​ក្រែ​ន លោក វា​សៃ គ្រី​សាក់ (Vasyl Grytsak) បាន​និយាយថា បុរស​អាយុ ២៥ ឆ្នាំ​ម្នា​ក់មាន​ចេតនា​បំផ្ទុះ "​ព្រះវិហារ​មូស្លីម​មួយកន្លែង សាលប្រជុំ​ជនជាតិ​ជ្វី​ហ្វ​មួយកន្លែង បណ្តា​ស្ថាប័ន​ប្រមូល​ពន្ធ កន្លែង​ត្រួតពិនិត្យ​មធ្យោបាយ​ដឹកជញ្ជូន និង​ទីតាំង​ជាច្រើន​កន្លែង​ផ្សេងទៀត​"​។ 

​    ​លោក​គ្រី​សៃ​និយាយថា បុរស​នោះ "​សម្តែង​ទស្សនៈ​អវិជ្ជមាន​អំពី​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ខ្លួន​ចំពោះ​ការធ្វើ​ចំណាកស្រុក​របស់​ជនបរទេស​ចូលមក​ប្រទេស​បារាំង ការរីក​រាលដាល​នៃ​សាសនា​អ៊ីស្លាម និង​សកលភាវូបនីយកម្ម​" ដោយ​លើកឡើង​ទៀតថា បុរស​ជនជាតិ​បារាំង​នេះ​អាចជា​ជន​ជ្រុលនិយម​ស្តាំ ឬ អ្នកជាតិនិយមជ្រុល ជាជាង​សមាជិក​នៃ​ក្រុម​ជី​ហាត​។ 

​    ​វីដេអូ​បញ្ចេញ​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​អ៊ុយ​ក្រែ​ន SBU បានបង្ហាញ​បុរស​ម្នាក់​ដែលមាន​មុខមាត់​បិទបាំង​ព្រាលៗ​កំពុង​ដឹក​កាំភ្លើង និង​អាវុធ​ផ្សេងទៀត​ចូល​ក្រោយ​គូថ​រថយន្ត​មួយ​។ អាជ្ញាធរ​អ៊ុយ​ក្រែ​ន​និយាយថា អាវុធ​របស់​បុរស​នេះ​រួមមាន​ដូចជា ម្សៅ TNT ១២៥ គីឡូក្រាម និង ឧបករណ៍​បំផ្ទុះ​គ្រាប់ ១០០ គ្រឿង ក៏ដូចជា​គ្រាប់កាំភ្លើង និង​គ្រាប់បែកដៃ​ជាច្រើន​ទៀត​។ ជម្រើសជាតិអង់គ្លេសមកដល់ប៉ារីសជាមួយការហែហមពីកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនស្អេកស្កះ

​    ​SBU និយាយថា ជននេះ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ២១ ខែឧសភា ខណៈ​ព្យាយាម​ឆ្លង​ចូល​ប្រទេស​ប៉ូឡូញ​ក្បែរ​ទីក្រុង​ជាយដែន Yagodyn របស់​អ៊ុយ​ក្រែ​ន​។ 

​    ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយថា ខ្លួន​បានដឹង​ក្នុង​ខែធ្នូ​អំពី​ការមកដល់​រប​ស់បុរ​សជន​ជាតិ​បារាំង ដែល​បានចាប់ផ្តើម "​បង្កើត​ការទាក់ទង​ជាមួយ​តំណាង​ជាច្រើន​ក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន (​ក្រុម​ផ្តាច់ខ្លួន​គាំទ្រ​រុស្ស៊ី​)"​។ 

​    ​បុរស​នេះ​មិនត្រូវ​បានបង្ហាញ​អត្តសញ្ញាណ​ផ្លូវការ​ដោយ​អាជ្ញាធរ​បារាំង​ទេ ប៉ុន្តែ​ជននេះ​ត្រូវគេ​ជឿថា​ធ្វើ​ការឱ្យ​សហករណ៍​កសិកម្ម​មួយ ដែល​បង្កាត់​ពូជ​គោ​នៅ​បារាំង​ភាគ​ខាងកើត​។ 

​    ​ថៅកែ​របស់​បុរស​សង្ស័យ​នេះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា បុរស​នេះ​ជា "​បុគ្គលិក​គំរូ​"​។ 

​    ​កសិករ​ម្នាក់​ដែល​ស្គាល់​បុរស​នេះ​តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា បុរស​រូបនេះ​ចេញចូល​អ៊ុយ​ក្រែ​ន​ញឹកញាប់​។ កសិករ​នេះ​បន្ថែមថា "​គាត់ (​ជនសង្ស័យ​) ប្រាប់​យើង​ថា គាត់​មាន​មិត្តស្រី​នៅ​អ៊ុយ​ក្រែ​ន និង​ថា​គាត់​បាន​ទៅ​កន្លែង​របស់​នាង​យូរៗ​ម្តងៗ​"៕ 

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់