adverise with khmeread 2689754b 74f9 4d27 bacf 4df416a1f5ce

នាំ​ជនជាប់ចោទ​៣​នាក់​ជួញ​គ្រឿងញៀន​ទៅ​ញាត់​គុក​

    កំពង់ចាម ៖ លោក សោ សុ​តា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​៣៥០ លេខ​៣៥១ និង​លេខ​៣៥២​ចុះ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ សម្រេច​ឲ្យ​ឃុំខ្លួន​ជនជាប់ចោទ​ចំនួន ០៣​នាក់ ពី​ប​ទៈ ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥ កម្លាំង​ជំនាញ​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​បាន សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ជើងព្រៃ បាន​ប្រើប្រាស់​ជំនាញ​ចុះបង្ក្រាប​ករណី​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១ ករណី​នៅ​ចំណុច​ភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​ហើយ​សមត្ថកិច្ច​យើ​ង​បាន​ធ្វើ​ការ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ ទី១.​ឈ្មោះ អាត សាម​ឌី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ផ្តៅ​ជុំ ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ទី២.​ឈ្មោះ ជី​ម ជាតិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​ និងទី៣.​ឈ្មោះ ឈិ​ត ទីណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម។​

    សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង​រួមមាន ​៖ ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​០៣​កញ្ចប់ (​ធំ​០២​កញ្ចប់​) ឧបករណ៍​សេព​មួយ​សម្រាប់ និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់​មួយចំនួនធំ។​

    បច្ចុប្បន្ន​ជនជាប់ចោទ​ទាំង ០៣​ នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួចរាល់​ហើយ​នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ ទៅតាម​បញ្ញត្តិ​ច្បាប់​មាត្រា៤០ និង​៤៥ នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់