អង្គការណាតូ (Nato) បានដាក់ពង្រាយទ័ព ៣១.០០០ នាក់ និងរថពាសដែកនិងយន្តហោះចម្បាំងរាប់រយគ្រឿង ចូលរួមក្នុងសមយុទ្ធមួយនៅអ៊ឺរ៉ុបខាងកើតដើម្បីឆ្លើយតបទៅនឹងការរំលោភបំពានរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមត្រជាក់មក។
សមយុទ្ធរយៈពេល ២ សប្ដាហ៍ដែលគេឱ្យឈ្មោះថា Anaconda (ពស់ពិស) ដែលមានការចូលរួមពីទ័ព ២៤ ប្រទេសរបស់ណាតូ និងអតីតរដ្ឋហត្ថលេខី "កិច្ចព្រមព្រៀងសន្តិភាព" នៃអតីតសហភាពសូវៀត រួមទាំងអ៊ុយក្រែន បានប្រារព្ធឡើងនៅទូទាំងប្រទេសប៉ូឡូញរៀងរាល់ឆមាសចាប់តាំងពីឆ្នាំ ២០០៦ មក។
ទ័ពអង់គ្លេស ១.០០០ នាក់នឹងចូលរួមជាមួយទ័ព ១៤.០០០ មកពីអាមេរិក និង ១២.០០០ មកពីប្រទេសប៉ូឡូញសម្រាប់សមយុទ្ធដែលមានរថពាសដែកប្រហែល ៣.០០០ គ្រឿង យន្តហោះចម្បាំង ១០៥ គ្រឿង និងនាវាចម្បាំង ១២ គ្រឿង។
នៅពិធីបើកជាផ្លូវការនៃកម្មវិធីសមយុទ្ធក្នុងទីក្រុង Warsaw កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងការពារប្រទេសប៉ូឡូញលោក Antoni Macierewicz បាននិយាយថា ការធ្វើសមយុទ្ធគឺមានគោលបំណងដើម្បីពង្រឹងសមត្ថភាពសម្ព័ន្ធមិត្តទាំងអស់ដើម្បីការពារតំបន់ប្រយុទ្ធភាគខាងកើតរបស់ខ្លួន។
ចំណែករុស្ស៊ីបានជំទាស់ទាំងក្តៅក្រហាយទៅនឹងសមយុទ្ធ ដែលណាតូចាត់ទុកជាយុទ្ធសាស្ត្រ "បង្អាក់និងសន្ទនា" នេះ។
គួរបញ្ជាក់ដែរថា របាយការណ៍វិភាគរបស់អាមេរិកកាលពីឆ្នាំមុនបានលើកឡើងថា រុស្ស៊ីត្រូវការពេលតែ ៣៦ ទៅ ៦០ ម៉ោងប៉ុណ្ណោះនឹងវាយណាតូនិងអាមេរិកនៅអឺរ៉ុបខាងកើតរាបដល់ដី។ ហើយរបាយការណ៍នេះលើកឡើងថា បើចង់ឈ្នះរុស្ស៊ីទាល់តែចំណាយ ២,៧ ពាន់លានដុល្លារលើកម្លាំងទ័ពជាច្រើនកងរវៈសេនា ទើបតស៊ូជាជាមួយរុស្ស៊ីដល់ទីបញ្ចប់៕
