Alone

ការចំណាយពេលវេលានៅម្នាក់ឯងមានប្រយោជន៍អ្វីខ្លះ?

មនុស្សសព្វថ្ងៃមានភាពមមាញឹកច្រើន ក្រៅពីការងារ ពួកគេនៅត្រូវទៅជួបជុំមិត្តភក្តិភុំភឿនដើម្បីជជែកកម្សាន្ត ឬផឹកស៊ីជាដើម។ ប៉ុន្តែមនុស្សទូទៅប្រហែលជាមិនបានដឹងទេថា ការចំណាយពេលនៅម្នាក់ឯងមួយខណៈពេលណាមួយ នឹងផ្តល់ប្រយោជន៍ជាច្រើនដល់ពួកគេ។ អ្នកខ្លះថែមទាំងមិនផ្តល់តម្លៃដល់ការនៅម្នាក់ឯងថែមទៀត។ តោះក្រឡេកមើលការលើកឡើងខាងក្រោមទាំងអស់គ្នាថាតើវាមានអ្វីពិសេសទៅនៅពេលយើងចំណាយពេលនៅម្នាក់ឯង។   

១- អ្នកដឹងច្បាស់ថាខ្លួនឯងល្អគ្រប់គ្រាន់
ដូចដែលខ្ញុំបាននិយាយអ៊ីចឹង យើងតែងតែប្រកាន់ខ្ជាប់នឹងគំនិតមួយថា យើងត្រូវតែមានមនុស្សជុំវិញខ្លួនយើងជានិច្ចទើបមានភាពរីករាយ។ វាមិនមែនជាការពិតនោះទេ។ អ្នកជាមនុស្សល្អគ្រប់គ្រាន់ មិនចាំបាច់ទាល់តែមានពួកគេទើបអ្នករីករាយនោះទេ។ អ្នកមិនត្រូវការអ្នកផ្សេងនៅជុំវិញខ្លួនអ្នកដើម្បីប្រាប់ថា អ្នកកំពុងរស់នៅក្នុងជីវិតមួយដ៏ត្រឹមត្រូវនោះទេ។ ត្រូវរស់នៅតាមរបៀបរបស់អ្នកចង់ ចាប់យកទម្លាប់ថ្មី កំណត់និងសម្រេចគោលដៅរបស់អ្នក។ ធ្វើអ្វីដែលអ្នកចង់ធ្វើ មិនមែនអ្វីដែលអ្នកដទៃប្រាប់ឲ្យធ្វើនោះទេ។ 

២- ធ្វើជាមនុស្សដែលពូកែអង្កេត
យកពេលវេលាអង្កេតមើលពិភពលោកជុំវិញខ្លួនអ្នក។ ពួកយើងភាគច្រើន នៅពេលយើងឃើញខ្លួនឯងនៅម្នាក់ឯងក្នុងចំណោមហ្វូងមនុស្ស យើងតែងតែងាកទៅយកទូរស័ព្ទ ឬ iPad ចុចមើលដើម្បីឲ្យគេមើលមកដូចខ្លួនឯងហ្នុ៎ងរវល់ខ្លាំងណាស់អ៊ីចឹង។ តើហេតុអ្វីយើងត្រូវរវល់គ្រប់ពេលវេលានោះ? យកពេលវេលាខ្លះស្តាប់សត្វយំ ឬរីករាយនឹងសំណើចរបស់ក្មេងតូចៗ។ល។ ត្រូវសាកភ្លក្សបទពិសោធន៍ជីវិតឲ្យបានច្រើន ជាជាងលេងហ្គេមស៊ីម៉ោងឥតប្រយោជន៍។ 

៣- និយាយនិងស្តាប់ចំពោះខ្លួនឯង
មនុស្សតែម្នាក់គត់ដែលស្គាល់អ្នកច្បាស់គឺខ្លួនអ្នក។ ចូរស្តាប់សម្លេងខាងក្នុងរបស់អ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ថាដូចជាខ្លួនអ្នកគ្រាន់តែកំពុងធ្វើរឿងអ្វីមួយដោយមិនបានគិតមុខគិតក្រោយ ត្រូវស្វែងរកឲ្យឃើញថាអ្នកត្រូវការអ្វីចេញពីជីវិតរបស់អ្នក។ នៅពេលអ្នកនៅជុំវិញមនុស្សម្នាជាច្រើន អ្នកនឹងសម្តែងទឹកមុខល្អមើលតែខាងក្រៅឥតឈប់ប៉ុណ្ណោះ ហើយពុំមានសេរីភាពក្នុងការជជែកជាមួយខ្លួនឯងនៅខាងក្នុងចិត្ត ដែលនឹងនាំអ្នកទៅរកភាពរីករាយពិតប្រាកដនោះទេ។ ជជែកនិងស្តាប់ខ្លួនឯងឲ្យបានច្រើន ខណៈអ្នកនៅតែម្នាក់ឯង។ វាជាពេលវេលាល្អបំផុតដែលអ្នកអាចធ្វើរឿងនេះបាន នៅពេលនៅម្នាក់ឯង។ 

៤- ឲ្យតម្លៃចំពោះឱកាសដែលបានទាក់ទងមនុស្សគ្រប់គ្នា
យើងបានចំណាយពេលច្រើននៅជុំវិញមនុស្សគ្រប់គ្នា ប៉ុន្តែជួនកាលយើងពុំបានដឹងខ្លួនថាពួកគេមានតម្លៃប៉ុនណាចំពោះអ្នកនោះទេ។ នៅពេលយើងនៅម្នាក់ឯង យើងចង់បានមនុស្សនៅជុំវិញខ្លួនយើង ប៉ុន្តែនៅពេលយើងចេញក្រៅបាត់ រាល់អ្វីដែលយើងចង់បានគឺវិលត្រឡប់ទៅដេកលើគ្រែវិញប៉ុណ្ណោះ។ វាមានសារៈសំខាន់ណាស់ដែលត្រូវយកពេលវេលាជួប និងអរគុណចំពោះមនុស្សគ្រប់គ្នាដែលអ្នកបានជួប ចាប់ពីអ្នកគិតលុយនៅផ្សារទំនើប រហូតដល់អ្នកយាមនៅបរិវេណកន្លែងធ្វើការរបស់អ្នកជាដើម។ ចាប់យកឱកាសទាំងនេះនៅពេលដែលវាកើតឡើង។ ហើយអ្នកនឹងមើលឃើញថាពួកគេតែងតែនៅជាមួយអ្នកជានិច្ច នៅពេលដែលអ្នកនៅតែម្នាក់ឯងក៏ដោយ។ 

៥- កុំខ្ជះខ្ជាយពេលវេលាដែលអ្នកនៅតែឯង
ដូចដែលបាននិយាយពីខាងដើមអ៊ីចឹង ពេលវេលានៅតែម្នាក់ឯងភាគច្រើនរបស់យើងគឺរង់ចាំរឿងធំបន្ទាប់កើតឡើង។ កុំរង់ចាំ ត្រូវធ្វើឲ្យវាកើតឡើង។ ជំនួសឲ្យការលេងហ្គេមទូរស័ព្ទ iPhone ឆ្កួតៗ ត្រូវកាន់សៀវភៅមួយក្បាលតាមខ្លួន។ ជំនួសឲ្យការមើលកម្មវិធីទូរទស្សន៍ដដែលៗរាល់ថ្ងៃ ត្រូវចាប់ផ្តើមទម្លាប់ថ្មីមួយ។ ត្រូវក្លាយជាអ្នកផលិត មិនមែនជាអ្នកទិញនោះទេ។ តាមរយៈការធ្វើដូច្នេះ អ្នកនឹងមើលឃើញថារឿងធំបន្ទាប់ក្នុងជីវិតរបស់អ្នកនឹងកើតឡើងឆាប់ជាងការដែលអ្នករង់ចាំវាឲ្យកើតឡើងទៅទៀត។ 

៦- កុំធ្វើខ្លួនឲ្យទំនេរពេក
ឃ្លានេះភាគច្រើនត្រូវបានប្រើជាមួយនឹងដំបូន្មានចុងក្រោយ។ កុំក្លាយខ្លួនជាមនុស្សនៅទ្រឹងលែងទៅមុខ ឬមនុស្សមានអ្វីៗស្កប់ស្កល់ឲ្យសោះ។ នៅពេលអ្នកនៅតែម្នាក់ឯង អ្នកនឹងមានសេរីភាពក្នុងការធ្វើអ្វីដែលអ្នកចង់។ ប៉ុន្តែតើអ្នកពិតជាចង់ចំណាយពេលនោះដេកឥតប្រយោជន៍ដោយមិនបានរួមចំណែកអ្វីដល់សង្គម ឬដល់សុខភាពខ្លួនឯងមែនទេ? ត្រូវស្វែងរកការងារក្រៅម៉ោងធ្វើ ឬទៅហាត់ប្រាណ។ ធ្វើអ្វីមួយដើម្បីឲ្យខ្លួនឯងបានប្រសើរឡើង។ សាកល្បងធ្វើអ្វីមួយ ដែលអ្នកមិននឹកស្រមៃថាអ្នកនឹងធ្វើវាសូម្បីមួយលានឆ្នាំខាងមុខ។ ចុងក្រោយអ្នកអាចនឹងរកឃើញទេពកោសល្យ ដែលអ្នកមិនធ្លាប់ដឹងពីមុន ដែលវាអាចផ្លាស់ប្តូរទិសដៅជីវិតរបស់អ្នកបានផងក៏មិនដឹង។ 

៧- ត្រូវមានផែនការ
ត្រូវសម្រេចចិត្តថាតើអ្នកចង់ឲ្យអនាគតរបស់អ្នកទៅជាយ៉ាងណា។ រៀបចំផែនការប្រចាំថ្ងៃ សប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំរបស់អ្នក ហើយខិតខំដើម្បីទៅដល់គោលដៅដែលអ្នកបានកំណត់។ នៅពេលអ្នកនៅតែម្នាក់ឯង មនុស្សតែម្នាក់គត់ដែលអាចចូលមកក្នុងជីវិតរបស់អ្នកបានគឺខ្លួនអ្នកផ្ទាល់តែម្តង។ ជាការពិត បន្ទាប់ពីអ្នកសម្រេចបានគោលដៅរបស់អ្នកហើយ ត្រូវកំណត់គោលដៅនោះឲ្យកាន់តែខ្ពស់ថែមទៀត។ គ្មានអ្វីអាចប្រាប់ថាអ្នកដើរបានឆ្ងាយប៉ុនណានោះទេ ប្រសិនបើអ្នកបន្តឆ្ពោះទៅមុខឥតឈប់នោះ។ 

៨- រីករាយនឹងភាពស្ងប់ស្ងាត់
ជាការពិត គ្មានអ្វីទាស់ខុសនោះទេជាមួយនឹងការអង្គុយចុះ ហើយរីករាយនឹងភាពស្ងប់ស្ងាត់យូរៗម្តង។ ពិភពលោកដ៏រវល់របស់យើងនេះក៏ទាមទារភាពស្ងប់ស្ងាត់ផងដែរ។ រវាងការងារ គ្រួសារ និងមិត្តភក្តិ វាពិតជាពិបាកនឹងឲ្យមានពេលសម្រាប់ខ្លួនយើងណាស់។ យើងត្រូវតែរីករាយនឹងពេលវេលាស្ងាប់ស្ងាត់ទាំងនេះនៅពេលដែលវាបានមកដល់។ ត្រូវរីករាយឲ្យបានច្រើននឹងពេលវេលាតែម្នាក់ឯងរបស់អ្នក ដោយត្រូវឆ្លុះបញ្ចាំងពីអតីតកាលរបស់អ្នក និងមើលទៅអនាគតខាងមុខ។ យកពេលស្ងប់ស្ងាត់តាំងសមាធិក៏ជារឿងល្អដែរ៕

ប្រភព៖ ឡាយហ៊ែក

មតិយោបល់