E23f7af7 d4f8 4b79 bbd5 bde79f42f0ac

វាយ​ប្លន់​យក ​iPhone6 បួន​ថ្ងៃ​ក្រោយមក​ប៉ូលិស​វ៉ៃខ្នោះ​បាន​ម្នាក់​

    ភ្នំពេញ ៖ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​ហឹ​ង្សា​វាយយក​ទូរស័ព្ទដៃ​កាលពី​ថ្ងៃទី​៤​ មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​យប់​ចំណុច​ផ្លូវជាតិ​លេខ​៥ ​ក្រុមទី​១៤​ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ បង្កដោយ​ជនសង្ស័យ​មាន​ចំនួន​៣​នាក់​។ លុះ​មកដល់​ល្ងាច​ថ្ងៃទី​៧ ​មិថុនា ប៉ូលិស​ស្រាវជ្រាវ​ចាប់បាន​ម្នាក់ និង​បន្ត​ចាប់​២​នាក់​ទៀត។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-ឈ្មោះ ពៅ លី ហៅ កូ​កា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ខ្មែរ (​ឃាត់ខ្លួន​បាន​) ២-ឈ្មោះ ព្រឿង សារ៉ាត់ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ខ្មែរ (​គេចខ្លួនបាត់​)​ និង​៣/​ឈ្មោះ លន់ វង្ស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ខ្មែរ (​គេចខ្លួនបាត់​)​។​

    ចំណែក​ជនរងគ្រោះ មិន​ស្គាល់​អត្តសញ្ញាណ ដោយ​មិន​បានមក​ដាក់​ពា​ក្យបណ្ដឹង ជូន​សម​ត្ត​កិច្ច​ឡើយ​។ ​សំភារៈ​បាត់បង់ ៖ ទូរស័ព្ទ​ដែ​០១ ​គ្រឿង​ម៉ាក iPhone 6​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ចំនួន​០៣​នាក់​ខាងលើ​ធ្វើ​សកម្មភាព វាយ​ប្លន់​ពេល​ជន​​រងគ្រោះ​ដើរ កំពុងនិយាយ​ទូរស័ព្ទ ពេលធ្វើ​បានសម្រេច​ក៏​គេចខ្លួន​បាត់អស់​ទៅ ហើយ​កម្លាំង​ប៉ុស្តិ៍​ចុះ​ដល់​កន្លែងកើតហេតុ ស្ដាប់​ការបំភ្លឺ​សាក្សី​គឺកំណត់​មុខសញ្ញា​ខាងលើ​បាន​។​

    ប៉ូលិស​បន្តថា​ទៀតថា លុះ​ថ្ងៃទី​៧ ​មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ល្ងាច​នៅ​ចំណុច​ច្រាំង​ទន្លេសាប ក្រុមទី​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ កម្លាំង​អធិការដ្ឋាន​និង​ប៉ុស្តិ៍ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ពៅ លី ហៅ កូ​កា។ រីឯ​ជនសង្ស័យ​ចំនួន​០២​នាក់​ទៀត ប៉ូលិស​កំពុង​ស្រាវជ្រាវ​បន្តទៀត​។​

    នៅ​ចំពោះមុខ​ជនសង្ស័យ ឈ្មោះ​ពៅ លី ហៅ កូ​កា ប៉ូលិស​បាន​កសាង​សំណុំ រឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​អនុវត្តតាម​នីតិវិធី​៕

មតិយោបល់