B5dd573d cf8e 411b 997c 55493677ea31

ប៉ុនប៉ង​លួច​ទ្រព្យសម្បតិ្ត​ក៏​ជាប់​ខ្នោះ

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន ក្រោយពី​មានបំណង​លួច​យក​ទ្រព្យសម្បតិ្ត កាលពី​វេលា​ម៉ោង៧ ​និង​១៥​នាទី​យប់ ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​១៤៦J ផ្លូវលំ ក្រុមទី​០៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​បានឱ្យដឹងថា ដំបូង​គេ​ជនសង្ស័យ​បាន​ដើរ​ចុះ​ឡើយ ក្រោយមក​ដោយ​ឃើញ​ឱកាសល្អ ជនសង្ស័យ​ក៏បាន​ឡើងទៅ​ផ្ទះ​ជនរងគ្រោះ​ជាន់​ទី​១ ហើយក៏​បាន​ទាញ​បង្អួច​ផ្ទះ។​

    ភ្លាមៗ​នោះ ពេល​ស្រាប់តែ​ជនរងគ្រោះ​ឃើញ​ដូច​នោះ ក៏បាន​ស្រែក​ចោរៗ ក្រោយមក​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ និង​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ជិះ​ល្បាត​នៅ​ជុំវិញ​នោះ ក៏បាន​នាំគ្នា​ដេញចាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​តែម្តង ហើយ​ជនសង្ស័យ​ខាងលើ​រួចមក សមត្ថកិច្ច​បាន​នាំយកមក​ប៉ុស្តិ៍​ទួល​សង្កែ ដើម្បី​សាកសួរ។​

    ប៉ូលិស​បន្តថា ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ៣៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦។ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ ខែម វាសនា ហៅ ក្រឹម ភេទប្រុស អាយុ២៩​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕​

អ្នកនឹងចូលចិត្ត

មតិយោបល់