adverise with khmeread Index

ហេតុផល ៦ យ៉ាងដែលក្រុមកាំភ្លើងធំ Arsenal នឹងឈ្នះពាន Premier League ក្នុងរដូវកាលនេះ

ក្រុម​របស់លោក Arsene Wenger ប្រហែលជា​គ្មាន​ឱកាស​ណា​ល្អ​ជាង​រដូវ​កាល​នេះ​ទេ​ដើម្បី​ឈ្នះ​ពាន Premier League​។ ប្រិយមិត្ត​កាំភ្លើង​ធំ​ខ្លួនឯង​ផ្ទាល់​ច្បាស់​ជា​ជឿថា​ក្រុម Arsenal ច្បាស់​ជា​ឈ្នះ​លី​ក​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​មិនមែន​មានតែ​ពួកគេ​ទេ​ដែល​ជឿ ជាក់ស្តែង​ភស្តុតាង​កំពុង​បង្ហាញថា​ក្រុម​របស់លោក Wenger នឹង​ស្គាល់​រសជាតិ​ឈ្នះ​ពាន Premier League ជា​លើកដំបូង បន្ទាប់ពី​រង់ចាំ​ជិត​មួយ​សតវត្សរ៍​។​


​ខាងក្រោម​នេះ​ជាហេតុ​ផល​ទាំង​ប្រាំមួយ​ដែល Arsenal នឹង​ឈ្នះ Premier League៖

១. ប្រវត្តិសាស្ត្រ​នៅ​ខាង​ពួកគេ​
Arsenal ឈ្នះ​ពាន Premier League ពីរលើក​ចុងក្រោយ​គឺ​ក្នុង​រដូវ​កាល ២០០១/០២ និង ២០០៣/០៤ ដែល​ពេលនោះ​គឺ​ពួកគេ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​ពីរ​ក្នុង​ថ្ងៃបុណ្យ​ណូអែល ដូច​ពេល​នេះដែរ​គឺ​ពួកគេ​កំពុងស្ថិត​ក្នុង​ចំណាត់​ទី​ពីរ ដែល​ហេតុផល​នេះ​អាចធ្វើ​ឲ្យ​ពួកគេ​កាន់​តែមាន​ជំនឿ​ចិត្ត​ថែមទៀត​និង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​។​

២. ការផ្លាស់ប្តូរ​ផ្នត់គំនិត​ចាស់​
​ពីមុន​នៅពេលដែល Arsenal ប៉ះ​ក្រុម​ធំៗ ពួកគេ​តែងតែមាន​ភាពភ័យខ្លាច​ហើយ​បានទទួល​បរាជ័យ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ក្នុង​រដូវ​កាល​នេះ​វិញ​ពួកគេ​បាន​ផ្លាស់ប្តូរ​យ៉ាងច្រើន ដោយ​ការប្រកួត​ជាមួយ​ក្រុម​ធំៗ​លំដាប់​កំពូល​ទាំង​ប្រាំពីរ គឺ​ពួកគេ​រកបាន ១៦ ពិន្ទុ​ទៅហើយ ពី​ពិន្ទុ​ដែល​អាច​ទទួលបាន​ចំនួន ១៨ ដោយ​ក្រុម​កាំភ្លើង​ធំ​បាត់បង់​តែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ​នៅពេល​ប៉ះ​ក្រុម Spurs​។​

៣. ទម្រង់​លេង​ស្ថិតស្ថេរ​
​បើទោះជា​មាន​កីឡាករ​របួស​ច្រើន ក៏ Arsenal នៅតែ​រក្សា​ទម្រង់​លេង​ស្ថិតស្ថេរ​សឹង​ពេញ​មួយ​រដូវ​កាល​ទៅហើយ និង​មិនដែល​ស្ថិត​នៅក្រៅ​កំពូល​ទាំង​ប្រាំ​ឡើយ​ក្រោម​ការដឹកនាំ​របស់លោក Arsene Wenger​។ ប្រសិនបើ​ក្រុម Leicester ភ្លាត់ស្នៀត​ហើយ Arsenal នៅតែ​រក្សា​ទម្រង់​លេង​ល្អ​បែបនេះ ច្បាស់​ណាស់​គឺ​ពួកគេ​នឹង​លើក​ពាន​។​

៤. កីឡាករ Ozil
​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​ប៉ះបាល់​ឲ្យ​គេ​ស៊ុត​បាន ១៥ គ្រាប់​ហើយ​ក្នុង​រដូវ​កាល​នេះ ដោយ​ពីរ​គ្រាប់​ចុងក្រោយ​គឺ​លេង​ជាមួយ Man City​។ បន្ទាប់ពី​មានការ​រិះគន់​ពី​ទម្រង់​លេង​របស់ខ្លួន​ពី​សារព័ត៌មាន​ក្នុង​រយៈពេល​ពីរ​រដូវ​កាល​មកនេះ Ozil ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​បង្ហាញថា​រូបគេ​នឹង​ជួយ Arsenal ឲ្យ​ឈ្នះ​ពាន​ជា​លើកដំបូង​គិត​ចាប់តាំងពី​ឆ្នាំ ២០០៤ មក​។​

៥. Cech
​អតីត​មិត្ត​រួម​ក្រុម​របស់​អ្នកចាំទី Cech គឺ​ខ្សែការពារ John Terry បាន​ទស្សន៍ទាយ​ថា Cech នឹង​ជួយសង្គ្រោះ Arsenal ១២ ទៅ ១៥ ពិន្ទុ​ក្នុង​មួយ​រដូវ​កាល ហើយ​ជាក់ស្តែង​អ្នកចាំទី​រូបនេះ​គឺ​កំពុង​ជួយ​ឲ្យ​ការពារ​ទី​របស់ Arsenal មែន​ដោយ​ការជួយ​សង្គ្រោះ​ដ៏​អស្ចារ្យ​នៅពេល​ប៉ះ Liverpool, Norwich, Sunderland, Everton និង Tottenham ក្នុង​រដូវ​កាល​នេះ​។​

៦. ពួកគេ​ឆ្លងកាត់​ការលំបាក​អស់ហើយ​
​ជា​ទម្លាប់​ទៅហើយ ដែល Arsenal បែក​កង់​ក្នុង​ខែធ្នូ ដោយសារ​បញ្ហា​របួស​ដ​ដែលៗ ប៉ុន្តែ​នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ​ដែល​ពួកគេ​នៅតែ​ខ្លាំង​បើទោះជា​មាន​បញ្ហា​កីឡាករ​សំខាន់ៗ​របួស ហើយ​កីឡាករ​របួស​ទាំងនោះ​ក៏​ត្រៀម​វិល​ត្រលប់​មកវិញ​ផងដែរ​ដូចជា Santi Cazorla, Alexis Sanchez, Francis Coquelin, Jack Wilshere និង Danny Welbeck នៅក្នុង​តង់​ទី​ពីរ​រដូវ​កាល​នេះ ពួកគេ​ច្បាស់​ជា​ធ្វើ​ឲ្យ​ក្រុម​កាន់តែ​កក្រើក​ថែមទៀត ហើយ​អាច​ឈានទៅរក​ពានរង្វាន់ Premier League ជា​លើកដំបូង​៕

adverise with khmeread

មតិយោបល់