adverise with khmeread 2

អាវុធហត្ថឃាត់ជនសង្ស័យ៨នាក់ ពាក់ព័ន្ធ​​ចែកចាយ​គ្រឿងញៀន

    ភ្នំពេញ ៖ ជនសង្ស័យ​៨​នាក់ ពាក់ព័ន្ធ​បទល្មើស​ចែកចាយ​គ្រឿងញៀន​ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២៥​ធ្នូ​ឆ្នាំ​២០១៥​នៅ​ចំណុច​តំបន់​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ព្រមទាំង​ដកហូត​វត្ថុតាង​មួយ ចំនួន​។​
    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ទីតាំង​ដែល​បង្ក្រាប​មិនចេះ​អស់នេះ​ត្រូវបាន កងរាជអាវុធហត្ថ​បង្ក្រាប​ជា​បន្តបន្ទាប់ ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៥​ធ្នូ​នេះ​អាវុធហត្ថ​បាន​ចាប់ខ្លួន​ជនសង្ស័យ​បន្ថែម​៨​នាក់​ទៀត​(​ស្រី​ម្នាក់​)​ពាក់ព័ន្ធ​បទល្មើស​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​ដកហូត​ម៉ា​ទឹកកក​មួយចំនួន​និង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត​។​នា​រសៀល​ថ្ងៃ​ដដែល​នេះ​កម្លាំង​អាវុធហត្ថ​កំពុង​ចាប់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​បន្តទៀត​។​
    មន្ត្រី​ដដែល​បន្តថា ពីមុន​ពួក​ប្រព្រឹត្តល្មើស​ជួញដូរ​ថ្នាំញៀន​យកមក​លក់​ច្រើន​កញ្ចប់ នៅពេល​សមត្ថកិច្ច​ចាប់បាន​បញ្ជូនទៅ​តុលាការ​ភាគច្រើន​ជាប់ឃុំ​។​តែ​ឥឡូវនេះ​ពួកវា​ប្តូរ​រូបភាព​លក់​ម្តង​មួយកញ្ចប់​ឬ​ពីរ​កញ្ចប់​នៅពេល​ចាប់បាន​បញ្ជូនទៅ​តុលាការ​ជាប់ចោទ​ត្រឹម​រក្សា​គ្រឿងញៀន ហើយ​ងាយ​រួច​ពី​ចាប់​ឃុំឃាំង​បាន​។​ ពួក​ប្រើប្រាស់​គ្រឿងញៀន​ងាយ​នឹង​ប្រព្រឹត្ត​បទល្មើស​លួច ឆក់ ប្លន់ និង​ហ៊ាន​ធ្វើអត្តឃាត​ទៀតផង​។​
     គួររំលឹកថា កាលពី​ថ្ងៃទី​២០​ធ្នូ​ឆ្នាំ​២០១៥​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ថ្នាំញៀន​ម៉ា​ទឹកកក​៦​កញ្ចប់​នៅ​ចំណុច​ចំណត​ឡាន​ក្នុង​ផ្សារ​សុរិយា​ម៉​ល សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ និង​នៅ​ព្រឹក​ថ្ងៃទី​២១​ធ្នូ​ឆ្នាំ​២០១៥​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឃាត់​ជនសង្ស័យ​៦​នាក់​បន្ថែមទៀត​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះ​កុ​សម​:  ស្ថិតនៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ដែលជា​កន្លែង​បង្ក្រាប​មិនចេះ​អស់ ដោយ​ដកហូត​បាន​ថ្នាំញៀន​២​កញ្ចប់​៕​

adverise with khmeread

មតិយោបល់