Bag snatches in vietnam

រឿង​គួរ​ធ្វើ និង​មិនគួរ​ធ្វើ ពេលធ្វើ​ដំណើរ​ទៅ​វៀតណាម​

​វៀតណាម​ជា​ប្រទេស​ដែល​រួសរាយ និង​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​។ ជាមួយនឹង​ទស្សនៈ​នេះ​នៅក្នុង​ចិត្ត ការធ្វើដំណើរ​របស់​អ្នក​គួរតែ​ប្រព្រឹត្តទៅបាន​រលូន និង​គ្មាន​បញ្ហា​អ្វី​នោះទេ​។ តែ​ទោះយ៉ាងណា អ្នកទេសចរ​ភាគច្រើន​បាន​រអ៊ូ​រឿង​អ្នកលក់ដូរ​រញ៉េរញ៉ៃ​ពេញ​ដងផ្លូវ ប្រតិបត្តិ​ករ​ទេសចរណ៍​មាន​ច​រិ​ក​អាក្រក់ និង​ការបើកបរ​មាន​សភាព​គ្រោះថ្នាក់​ជាដើម​។ ក៏ប៉ុន្តែ​បើ​លោកអ្នក​ត្រៀម​បង្ការ​ទុកជាមុន​ចំពោះ​រឿង​ទាំងអស់នេះ លោក​អ្នកនឹង​ច្បាស់​ជា​អាច​ចៀស​ផុតពី​បញ្ហា​ទាំងអស់នេះ​បាន​។ 

* រឿង​គួរ​ធ្វើ​៖
- ការធ្វើ​គារវកិច្ច​មិន​ខុសគ្នា​ពី​បណ្តា​ប្រទេស​លោកខាងលិច​នោះទេ ពោល​នៅ​វៀតណាម​គ្មាន​ទម្រង់​វប្បធម៌​ផ្លូវការ​សម្រាប់​ការស្វាគមន៍​គ្នា​នោះទេ​។​
- វៀតណាម​ចូលចិត្ត​ស្លៀកពាក់​បែប​អភិរក្សនិយម​។ ដូច្នេះ​យក​ល្អ​អ្នក​មិនគួរ​បញ្ចេញ​សាច់​ខ្លាំងពេក​នោះទេ ទោះ​មេឃ​ក្តៅ​យ៉ាងណាក៏ដោយ​។ ប្រសិនបើ​អ្នក​ហ៊ាន​ធ្វើ​ផ្ទុយ​ពីនេះ ជាពិសេស​នារីៗ អ្នកនឹង​ត្រូវ​ប្រជាជន​វៀតណាម​សម្លក់សម្លឹង​ដូចជា​មនុស្ស​ប្លែក​ជាមិនខាន​។ 
- ស្លៀកពាក់​ឲ្យ​សមរម្យ​ពេល​ទៅ​ព្រះវិហារ​។ ហាម​ស្លៀក​ខោខ្លី ឬ​ពាក់​អាវយឺត​វាល​ក្លៀក​។ ស្បែកជើង​ពាក់បាន​ឥត​បញ្ហា​ទេ តែ​ករណីខ្លះ​ក៏ត្រូវ​ដោះចេញ​ដែរ​។ ប្រសិនបើ​មិន​ច្បាស់​គ្រាន់តែ​ធ្វើតាម​ប្រជាជន​គេ​ទៅ​គឺជា​ការ​ស្រេច​។ 
- ផឹកទឹក​រាប់ដប ជាពិសេស​នៅពេល​ដើរ​មើល​ទេសភាព​។ មិនចាំបាច់​កាន់​ដប​ទឹកធំ​តាម​ខ្លួន​នោះទេ ព្រោះ​អ្នកលក់​មាននៅ​គ្រប់​ទីកន្លែង ហើយ​ពួកគេ​នឹង​រត់​មករក​អ្នក​មុនពេល​អ្នករត់​មករក​ពួកគេ​ទៅទៀត​។ 
- ត្រូវ​រក្សា​សាច់ប្រាក់ កាត​ធនាគារ សំបុត្រ​យន្តហោះ និង​របស់​មានតម្លៃ​ផ្សេងទៀត​នៅ​កន្លែង​មាន​សុវត្ថិភាព​។​
- ត្រូវធ្វើ​ដំណើរ​ជាមួយ​ទីភ្នាក់ងារ​ទេសចរណ៍​ដែល​គេ​ណែនាំ​ត្រឹមត្រូវ​។ សូម្បី​លោកអ្នក​មាន​គម្រោង​ទិញ​សំបុត្រ​យន្តហោះ​ក្នុងប្រទេស​វៀតណាម ក៏ត្រូវ​ស្វែងរក​ការធ្វើដំណើរ​បន្តិច​សិន​ដែរ​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​។ ប្រភព​ល្អ​បំផុត​គឺ វេទិកា Thorn Tree Forum របស់​វេ​ប​សាយ Lonely Planet ជាទី​ដែល​អ្នក​អាច​រក​អ្នកធ្វើដំណើរ​កម្សាន្ត​នៅ​វៀតណាម​ដូចគ្នា​ដើម្បី​ពិភាក្សា​។ តាម​វិធី​នេះ លោកអ្នក​នឹង​ចៀស​ផុតពី​ទីភ្នាក់ងារ​ទេសចរណ៍​មិនល្អ និង​សណ្ឋាគារ​សេវា​អន់​។ 

* រឿង​មិនគួរ​ធ្វើ​៖
- ពាក់​គ្រឿងអលង្ការ​ស្រោច​ខ្លួន​។ អ្នកទេសចរ​កម្រ​ជួប​បទល្មើស​ហិង្សា​ណាស់​នៅ​វៀតណាម ប៉ុន្តែ​បទល្មើស​កំ​ប៉ិច​កំប៉ុក​ដូចជា​ឆក់​កាបូប​ជាដើម​ឧស្សាហ៍​កើតមាន​ណាស់​។ ប្រសិនបើ​អ្នកមាន​កាបូបយួរ ឬ​កាមេរ៉ា​ឌីជីថល​ល្អ ច្បាស់​ណាស់​អ្នកនឹង​ក្លាយជា​គោលដៅ​របស់​ចោរ​ជាមិនខាន​។ 
- នៅពេល​ជិះ​ម៉ូតូឌុប ត្រូវ​ប្រាកដថា​មិនត្រូវ​បញ្ចេញ​កាបូប​ឲ្យ​គេ​ឃើញ ឬ​ដាក់​កាបូប​ក្នុង​ជំហរ​ងាយស្រួល​ឆក់​នោះទេ​។ អ្នកទេសចរ​ឧស្សាហ៍​ជួបប្រទះ​បំផុត​គឺ​ករណី​ឆក់​កាបូប​នេះឯង​។ 
- ហាម​ពាក់អាវ​វាល​ក្លៀក ខោខ្លី ឬ​សម្លៀកបំពាក់​សិច​ស៊ី​នៅក្បែរ​ព្រះវិហារ ឬ​វត្ត​។ 
- ហាម​ណែ​ប​និ​ត​កៀកកើយ​គ្នា​នៅ​ទីសាធារណៈ ដូចជា​ឱបរឹត ឬ​បឺត​មាត់​។ 
- ការបង្ហាញ​ភាព​ឆេវឆាវ​ក្នុង​វៀតណាម​គឺ​ស្មើនឹង​ការបាក់​មុខ​។ ត្រូវធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ និង​រម​ទ​ម្យ ទើប​អ្នកនឹង​អាច​ទទួលបាន​នូវ​អ្វីដែល​អ្នក​ចង់បាន​។ 
- ចុងក្រោយ​ត្រូវ​ចាំ​ថា នេះ​គឺ​វៀតណាម ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូច្នេះ​សុវត្ថិភាព​គ្រប់យ៉ាង​មិនត្រូវ​រំពឹង​ខ្ពស់​ពេក​នោះទេ ហើយក៏​ត្រូវ​ចេះ​ប្រយ័ត្នប្រយែង​គ្រប់ពេល​ផងដែរ​ចំពោះ​របស់របរ​មានតម្លៃ​ផ្ទាល់ខ្លួន​៕ 

ពេលទៅដល់វៀតណាមរឿងគួរប្រយ័ត្នបំផុតគឺចោរឆក់កាបូប

មតិយោបល់