adverise with khmeread 88d6e6de 13f2 451d a3b1 379f8a96253c

ព្រោះតែ​ចង់បាន​រង្វាន់ ផឹកស្រា​បៀរ​ហើយ​ស្លាប់​

    ភ្នំពេញ ៖ ព្រោះតែ​ចង់បាន​រង្វាន់​បន្ទាប់ពី​ផឹកស្រា​បៀរ​ហ្គេ​នស៍​ប៊ឺ​ក (GANZBERG) អស់​៤​កំប៉ុង​ជាមួយ​មិត្តភក្តិ​៣​នាក់​ទៀត បុរស​ម្នាក់​បាន​ស្លាប់​បង្ក​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦ នៅផ្ទះ​លេខ​៨៥៧B មហាវិថី​ព្រះមុនីវង្ស ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ខណៈពេល​មិត្តភក្តិ​ចូលទៅ​ដាស់​មិនឃើញ​កម្រើក។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ជួប សំណាង អាយុ​៤២​ឆ្នាំ មាន​មុខរបរ​ជាជាង​ដែក​ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ប៉ាវ ឃុំ​ឈ្នួល ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម។ ​ជនរងគ្រោះ​ត្រូវបាន​គេ​ប្រទះឃើញ ដេកស្លាប់​នៅលើ​គ្រែ​ក្នុង​រោង​សិប្បកម្ម​ផ្សា​ដែក​ក្នុងស្ថានភាព​ឡើង​រឹង​អត់​មាន​ពាក់អាវ ស្លៀក​តែ​ខោខ្លី។​

    តាម​ការបញ្ជាក់​ពី​អ្នក​រួមការ​ជាមួយ​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​នា​ល្ងាច​ថ្ងៃទី​៧ ខែមិថុនា ជនរងគ្រោះ​រួម​នឹង​មិត្តភក្តិ រួមការ​ងារ​៣​នាក់​ទៀត ​បាន​ហូបបាយ​ជុំគ្នា​ហើយ​បាន​ទិញ​ស្រា​បៀរ​ GANZBERG កន្លះ​កេស​មក​ផឹក​ផ្សងសំណាង។ ពេលនោះ​ជន រងគ្រោះ​ផឹក​អស់​តែ​៣​ ទៅ​៤​កំប៉ុង​ប៉ុណ្ណោះ​ក៏​សុំ​មិត្តភក្តិ​ចូលដេក​មុន រីឯ​មិត្តភក្តិ​ដទៃទៀត​ក៏​ចូលទៅ​ដេក​រៀងៗ​ខ្លួន​តាម​ក្រោយ​ដែរ។​

    លុះដល់​ព្រឹក​ឡើង​អ្នក​រួម​ការងារ​មិនឃើញ​ជនរងគ្រោះ​ក្រោក​ទៅធ្វើ​ការ​ដូច​ថ្ងៃ​ធម្មតា​ក៏​ទៅ​ដាស់ឱ្យក្រោក​ឡើង​ទើប​ដឹងថា ជន​រង គ្រោះ​បាន​ស្លាប់​បាត់ទៅហើយ។ ករណីនេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ហើយ​នាំគ្នា​រាយការណ៍​ទៅ​សមត្ថកិច្ច។​

    ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​រួចមក​បាន​បញ្ជាក់ថា ជនរងគ្រោះ​ពុំបាន​ស្លាប់​ដោយសារ​អំពើ​ឃាតកម្ម ឬ​ពុល អ្វី​នោះទេ ពោលគឺ​គាត់​ស្លាប់​ដោយសារ​គាំងបេះដូង​ពេល​អស់កម្លាំង​ទៅ​ផឹកស្រា​បៀរ​ហ្គេ​នស៍​ប៊ឺ​ក។​

    ក្រោយពី​ពិនិត្យ​រួច​សមត្ថកិច្ច បានប្រគល់​សព​ទៅឱ្យក្រុមគ្រួសារ​ធ្វើបុណ្យ តាម​ប្រពៃណី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់