adverise with khmeread 0

​កីឡាករ​ទាំង ២៤ នាក់​មកពី​ប្រជាជាតិ​ទាំង ២៤ អាច​នឹង​លេចធ្លោ​អំឡុង​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦

​    ​ខណៈ​ព្រឹត្តិការណ៍​បាល់ទាត់​យូរ៉ូ ២០១៦ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ នៅវេលា​ម៉ោង ០២:០០ អា​ធ្រា​ត្រ​រវាង​ក្រុម​ម្ចាស់ផ្ទះ​បារាំង​និង​ក្រុម​ជម្រើសជាតិ​រ៉ូ​ម៉ា​នី​នៅ​កីឡដ្ឋាន​ជាតិ Stade de France តើ​អ្នកដឹង​ទេ​ថា កីឡាករ​ណាខ្លះ​ដែល​គេ​រំពឹងទុក​ថា​នឹង​ធ្វើឱ្យ​កក្រើក​អំឡុង​កម្មវិធី​នេះ​ដែលមាន​រយៈពេល ២៤ ថ្ងៃនេះ​?

​    ​មាន​កីឡាករ​ចំនួន ២៤ នាក់​មកពី​ប្រទេស​ចំនួន ២៤ ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ប្រិយមិត្ត​បាល់ទាត់​ជាច្រើន​បានកត់សម្គាល់​និង​យល់ឃើញថា​នឹង​បង្ក​ការភ្ញាក់ផ្អើល​។

​    ​ខាងក្រោម​នេះ​ជា​កីឡា​ករទាំង ២៤ រូប​ដែល​យើង​នឹង​រៀបរាប់​ដូចតទៅ​៖

​    ​១. ប្រទេស​អាល់​បា​នី - Elseid Hysaj៖ គាត់​បាន​លេង​នៅក្នុង​ប្រទេស​អ៊ីតាលី​តាំងពី​អាយុ ១៤ ឆ្នាំ បន្ទាប់ពី​ឪពុក​របស់គាត់​បាន​ណែ​នាំឱ្យ​អ្នកប្រមាញ់​បាល់ទាត់​បាន​ស្គាល់​។ ការហ្វឹកហាត់​មិន​ខ្លាច​ភាព​នឿយហត់​និង​ភាពប៉ិនប្រសព្វ​របស់គាត់​បាន​ធានា​ឱ្យ​គាត់​បាន​ក្លាយជា​ខ្សែការពារ​ស្លាប​ដ៏​រឹងមាំ​មួយរូប ដែល​អាច​លេង​បាន​ទាំង​ឆ្វេង​និង​ស្តាំ​។​

​    ​២. ប្រទេស​បារាំង - Kingsley Coman៖ កីឡាករ​វ័យ ១៩ ឆ្នាំ​រូបនេះ ដែល​បាន​ចូលរួម​ជាមួយ​ក្រុម Bayern Munich ពី​ក្លឹប Juventus កាលពី​រដូវ​កាល​មុន កំពុងតែ​វិវឌ្ឍន៍​ខ្លួន​ទៅជា​ខ្សែប្រយុទ្ធ​ទាំងស្រុង​ជាមួយ​ជំនាញ​បណ្តើរ​បាល់​ដ៏​ប៉ិនប្រសព្វ​និង​ល្បឿន​ដ៏​លឿន​ដែល​ធ្វើឱ្យ​ប្រិយមិត្ត​ទាត់​មិន​សរសើរ​មិនបាន​។​

​    ​៣. ប្រទេស​រ៉ូ​ម៉ា​នី - Nicolae Stanciu៖ ខ្សែបម្រើ​ប្រយុទ្ធ​វ័យ ២៣ ឆ្នាំ​មកពី​ក្លឹប Steaua Bucharest  ដែលមាន​ជំនាញ​ប៉ះ​និង​ញាក់​ដ៏​អស្ចារ្យ​រូបនេះ បាន​ក្លាយជា​កីឡាករ​ឆ្នើម​មួយរូប​នៅក្នុង​ក្រុម​របស់លោក Anghel Iordanescu​។​

​    ​៤. ប្រទេស​ស្វ៊ី​ស - Breel Embolo៖ កីឡាករ​វ័យ ១៩ ឆ្នាំ​រូបនេះ មាន​កម្លាំង​ដ៏​ខ្លាំងក្លា​និង​មាន​បច្ចេកទេស​ប្រយុទ្ធ​ដ៏​ឆ្នើម​ពី​កំណើត​។ មាន​ដើមកំណើត​នៅ​ប្រទេស​កា​មេ​រូ​ន គាត់​បាន​ចំណាយពេល​ឈប់សម្រាក​ពីសា​លា​ដើម្បី​ប្រកួត​ជាមួយ Liverpool ក្នុង​ក្របខ័ណ្ឌ Champions League កាលពី​ពីរ​រដូវ​កាល​មុន​។​

​    ​៥. ប្រទេស​រុស្ស៊ី - Alexander Golovin៖ ជាប់​ជម្រើសជាតិ​ដំបូង​នៅ​អាយុ ១៩ ឆ្នាំ បន្ទាប់ពី​បង្ហាញ​ទម្រង់​លេង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ឱ្យ​ក្រុម CSKA Moscow និង​បានបង្ហាញ​ទំនុកចិត្ត​ដល់​អតីត​គ្រូបង្វឹក​លោក Fabio Capello ដោយ​ក្លាយជា​កីឡាករ​រុស្ស៊ី​ដំបូង​គេ​ដែល​ស៊ុត​បញ្ចូល​ទី​នៅក្នុង​ការប្រកួត​មិត្តភាព​ពីរលើក​ជាប់​គ្នា​។​

​    ​៦. ប្រទេស​អង់គ្លេស - Dele Alli៖ Alli បានធ្វើឱ្យ​កក្រើក​ក្របខ័ណ្ឌ Premier League កាលពី​រដូវ​កាល​មុន​ដោយ​រកបាន ១០ គ្រាប់​និង Assist ចំនួន​ប្រាំបួន​គ្រាប់​។ ដោយមាន​ជំនាញ​ធាក់​ដ៏​សាហាវ មាន​ទេពកោសល្យ​និង​ភាព​អំណត់​ក្នុងការ​ហ្វឹកហាត់ Alli មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​ខ្សែបម្រើ​ឆ្នើម​នា​សម័យ​ទំនើប​នេះ​។​

​    ​៧. ប្រទេស​ស្លូ​វ៉ា​គី - Robert Mak៖ កីឡាករ​រូបនេះ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ឱ្យ​ក្លឹប PAOK ក្នុងប្រទេស​ក្រិ​ក ជាមួយ​គ្រាប់​បាល់​សរុប​ចំនួន ១៩ គ្រាប់​ក្នុងការ​ប្រកួត​សុ​រប​ចំនួន ៤២ លើក​។ មាន​វ័យ ២៥ ឆ្នាំ អតីត​ខ្សែបម្រើ​មកពី​យុវជន Man City រូបនេះ​នឹងត្រូវ​បាន​រាប់​ប​ញ្ជូ​ល​ជា​អ្នកជំរុញ​ដល់​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ជ​ម្រើ​ជាតិ​ស្លូ​វ៉ា​គី​។​

​    ​៨. ប្រទេស​វែ​ល - Sam Vokes៖ ខ្សែប្រយុទ្ធ​វ័យ ២៦ ឆ្នាំ​ដែល​ពោរពេញ​ទៅដោយ​បទពិសោធន៍​រូបនេះ ធ្លាប់ជា​តួឯក​ដ៏​សំខាន់​របស់ Burnley ដោយ​រកបាន ១៥ គ្រាប់​ម្នាក់ឯង​ក្នុង​មួយ​រដូវ​កាល​។ ខណៈ Bale គឺជា​តារា​សំណាង​របស់​ជម្រើសជាតិ​វេ​ល កីឡាករ Vokes នឹង​ក្លាយជា​អ្នកជា​ដៃគូ​ដ៏​ល្អឥតខ្ចោះ​របស់ Bale​។​

​    ​៩. ប្រទេស​ប៉ូឡូញ - Grzegorz Krychowiak៖ គាត់​ត្រូវបាន​ស្គាល់​ថា​ជា "​លោក​ល្អឥតខ្ចោះ​" ដោយសារ​ការ​ស្លៀកពាក់​ទាក់ភ្នែក​និង​ស្នាម​ញ​ញឺ​ម​ចេញ​ធ្មេញ​សស្ងាច​។ ខ្សែបម្រើ​ការពារ​រូបនេះ​ប្រាកដថា ការងារ​ចាំ​ស្ទាក់​ការ​វាយបក​របស់គាត់​នឹង​ទទួលបាន​ជោគជ័យ​ជានិច្ច​នៅពេល​យូរ៉ូ ២០១៦ ចាប់ផ្តើម​។​

​    ​១០. ប្រទេស​អាល្លឺម៉ង់ - Joshua Kimmich៖ ខ្សែបម្រើ​វ័យក្មេង​រូបនេះ​បាន​រះ​យ៉ាងខ្លាំង​អំឡុង​រដូវ​កាល​ដំបូង​ជាមួយ Bayern Munich ហើយក៏​ទទួលបាន​ការសរសើរ​មិន​ដាច់​ពី​មាត់​ពី​លោក Pep Guardiola ដែល​បាន​ទស្សន៍ទាយ​ថា កីឡាករ​វ័យ ២១ ឆ្នាំ​រូបនេះ​នឹងមាន​អនាគត​ត្រចះត្រចង់​។​

​    ​១១. ប្រទេស​អ៊ុយ​ក្រែ​ន - Yevhen Konoplyanka៖ ល្បឿន​និង​បច្ចេកទេស​ញាក់​បាល់​ដ៏​ប៉ិនប្រសព្វ​របស់គាត់​គឺជា​ឧបសគ្គ​របស់​ខ្សែការពារ​គូប្រកួត​។ កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ​ក៏មាន​បច្ចេកទេស​បំ​ផ្លោង​បាល់​ចំៗ​ដែល​បានធ្វើឱ្យ​រូបគាត់​ក្លាយ​កីឡាករ​ម្នាក់​ដ៏​គួរឱ្យ​យកចិត្តទុកដាក់​អំឡុង​ព្រឹត្តិការណ៍​យូរ៉ូ​នេះ​។​

​    ​១២. អៀរ​ឡង់​ខាងជើង - Paddy McNair៖ មាន​កំពស់​ខ្ពស់​និង​ធ្វើការ​ហ្មត់ចត់ McNair មាន​សមត្ថភាព​យល់​ពី​ស្ថានការណ៍​ការប្រកួត​បាន​យ៉ាង​ឆាប់រហ័ស​ហើយ​រូបគេ​ក៏​នឹងមាន​វត្ត​មាននៅ​ជម្រើស​ដំបូង​ឱ្យ​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង ដែលជា​ការបង្ហាញ​ខ្លួន​របស់​ជ្រើស​ជាតិ​ខ្លួន​ជា​លើកដំបូង​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​។​

​    ​១៣. ប្រទេស​អេ​ស្ប៉ា​ញ - Aritz Aduriz៖ អាយុ​គ្រាន់តែ​ជា​តួលេខ​សម្រាប់​កីឡាករ​កំពុង​ឡើង​ជើង​រូបនេះ​ប៉ុណ្ណោះ​។ មាន​វ័យ ៣៥ ឆ្នាំ ខ្សែប្រយុទ្ធ Athletic Bilbao រូបនេះ​បាន​រក​គ្រាប់​បាល់​ចំនួន ៣៥ គ្រាប់​កាលពី​រដូវ​កាល​មុន (​គ្រប់ការ​ប្រកួតប្រជែង​)​។​

​    ​១៤. ប្រទេស​ក្រូ​អាស៊ី - Marcelo Brozovic៖ រូបគេ​បានធ្វើឱ្យ​ក្រុម Inter ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​កាលពី​រដូវ​កាល​មុន ដោយ​បន្ថែម​កម្លាំង​ប្រយុទ្ធ​និង​បង្កើន​ឥទ្ធិពល​នៅ​ខ្សែបម្រើ​។ កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ​ឥឡូវ​បាន​ជាប់​ជម្រើស​ដំបូង​ពេញលេញ​ទាំង​ក្លឹប​និង​ប្រទេស​ហើយក៏​ស្ថិត​ជា​កីឡាករ​ដែល​គួរឱ្យកត់សម្គាល់​ដែរ​។​

​    ​១៥. ប្រទេស​តួ​ក​គី - Hakan Calhanoglu៖ ចេះតែ​លេង​ល្អ​ពីមួយ​រដូវ​កាល​ទៅមួយ​រដូវ​កាល អតីត​កីឡាករ​ឆ្នើម​របស់ Hamburg កាលពី​ឆ្នាំ ២០១៣ រូបនេះ​បាន​ផ្ទេរ​ទៅ​ក្លឹប Bayer Leverkusen ជា​កន្លែង​ដែល​គាត់​ក្លាយជា​អ្នក​ចែក​បាល់​កំពូល​ម្នាក់​។​

​    ​១៦. សាធារណៈរដ្ឋ​ឆែក  - Borek Dockal៖ កីឡាករ​ល្អ​ប្រចាំ​លី​ក​កំពូល​ឆេ​ក​រូបនេះ​នឹងរង​សម្ពាធ​ខ្លាំង​បន្ទាប់ពី​គាត់​បានបង្ហាញ​ទម្រង់​លេង​ដ៏​ឥតខ្ចោះ​កាលពី​វគ្គ​ជម្រុះ​យូរ៉ូ ដោយ​រកបាន​បួន​គ្រាប់​ម្នាក់ឯង​និង​បាន​ជួយ​ក្រុម​ជម្រើសជាតិ​ឡើងមក​លេខ​មួយ​ក្នុង​ពូ​ល​។​

​    ​១៧. ប្រទេស​ស៊ុយអែត - Emil Forsberg៖ ខ្សែបម្រើ​ស្លាប​ជំនាន់​ចាស់​រូបនេះ​ពោរពេញ​ទៅដោយ​ល្បឿន​និង​បច្ចេកទេស​បោក​បញ្ឆោត​កាលពី​នៅ​ជាមួយ​ក្លឹប Malmo និង​បន្ត​មកដល់​ក្លឹប Leipzig របស់​អាល្លឺម៉ង់​។​

​    ​១៨. ប្រទេស​អ៊ីតាលី - Lorenzo Insigne៖ មាន​រហស្សនាម​ថា​ជា Messi អ៊ីតាលី កីឡាករ​ខ្សែបម្រើ​ស្លាប​មាឌ​ល្អិត ពោរពេញ​ទៅដោយ​ជំនាញ និង​ល្បឿន​រូបនេះ បានបង្ហាញ​ទម្រង់​លេង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ជាមួយ​ក្លឹប Napoli កាលពី​រដូវ​កាល​មុន ដោយ​រកបាន ១៣ គ្រាប់​ម្នាក់​ក្នុង​មួយ​រដូវ​កាល​។​

​    ​១៩. សាធារណៈរដ្ឋ​អៀរ​ឡង់ - Robbie Brady៖ ត្រូវបាន​បណ្តុះបណ្តាល​ជា​ខ្សែបម្រើ​ស្លាប​ដោយ​ក្លឹប Man Utd កីឡាករ​មកពី​ក្លឹប Norwich រូបនេះ​ក៏​អាច​លេង​ជា​ខ្សែការពារ​ស្លាប​ឆ្វេង​ផងដែរ​។ ប៉ុន្តែ​តួនាទី​របស់ Brady វ័យ ២៤ ឆ្នាំ​ពិតប្រាកដ​គឺ​លេង​រុលទៅមុខ ជាពិសេស​គឺ​លេង​លឿនៗ​។​

​    ​២០. ប្រទេស​បែ​ល​ហ្សិ​ក - Michy Batshauyi៖ ខ្សែប្រយុទ្ធ Marseille វ័យ ២២ ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន ១៧ គ្រាប់​នៅ Ligue 1 កាលពី​រដូវ​កាល​មុន​ហើយ​រូបគេ​បាន​ក្លាយជា​តួអង្គ​ដែល​ត្រូវ​យកចិត្តទុកដាក់​ម្នាក់​នៅ​យូរ៉ូ​នេះ​។​

​    ​២១. ប្រទេស​អ៊ី​ស្លង់ - Arnor Ingvi Traustason៖ កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ​អាចជា​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ​របស់​អ៊ី​ស្លង់ ព្រោះ​រូបគេ​បានឈ្នះ​ពាន​លី​ក​កំពូល​ស៊ុយអែត​និង​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​បី​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន​ប្រាំមួយ​លើក​ឱ្យ​ជម្រើសជាតិ​។​

​    ​២២. ប្រទេស​ហុង​គ្រី - Daniel Bode៖ ខ្សែប្រយុទ្ធ​កណ្តាល​ដ៏​មាន​ថាមពល​រូបនេះ​ប្រហែលជា​កីឡាករ​ដ៏​ពេញនិយម​បំផុត​របស់​ជនជាតិ​ហុង​គ្រី​។ មាន​វ័យ ២៩ ឆ្នាំ Bode មាន​កម្លាំង​ពី​ធម្មជាតិ​យ៉ាងខ្លាំង មាន​ភាព​អំណត់​និង​តែងតែ​ស៊ុត​បញ្ចូល​ទី​។ របៀប​លេង​កាចៗ​របស់គាត់​ប្រហែលជា​ធ្វើឱ្យ​គូប្រកួត​មានការ​ប្រុងប្រយ័ត្ន​ខ្លាំង​ជាង​មុន​។​

​    ​២៣ ប្រទេស​អូទ្រីស - Christian Fuchs៖ បានបង្ហាញ​ទម្រង់​លេង​ដ៏​ល្អជា​មួយ Leicester ដោយបាន​ជួយ​ក្រុម​កញ្ជ្រោង​ឈ្នះ​ពាន Premier League និង​ក្លាយជា​ខ្សែការពារ​ស្លាប​ដ៏​ឆ្នើម​មួយរូប​នៅ​ប្រទេស​អង់គ្លេស​។​

​    ​២៤. ប្រទេស​ព័រ​ទុយ​ហ្គា​ល់ - Renato Sanches៖ មាន​កម្លាំង​ពី​ធម្មជាតិ​ដ៏​ខ្លាំង ពោរពេញ​ទៅដោយ​ជំនាញ​ផ្នែក​បម្រើ កីឡាករ Sanches វ័យ ១៨ ឆ្នាំ​បាន​លេង​ឱ្យ​ក្រុម Benfica ជា​លើកដំបូង​កាលពី​ខែតុលា​ឆ្នាំមុន​និង​បាន​ក្លាយជា​កីឡាករ​កំពូល​វ័យក្មេង​ម្នាក់​ប្រចាំ​ប្រទេស​និង​ទ្វីបអឺរ៉ុប​។ រូបគេ​ទើបតែ​បាន​ផ្ទេរ​ទៅកាន់​ក្លឹប​យក្ស Bayern កាលពី​ខែ​មុន​៕

 

adverise with khmeread

មតិយោបល់