adverise with khmeread Index

រថយន្តចង្កូតស្តាំត្រូវតែកែចង្កូតមកឆ្វេងតាមច្បាប់

      ភ្នំពេញ ៖ ទីស្តីការគណៈរដ្ឋមន្ត្រី​ជំរាបជូន​រដ្ឋមន្ត្រី​សាធារណ​:​ការ​និង​ដឹកជញ្ជូន​ជំរុញ​ការអនុវត្ត​ច្បាប់ និង​គោលការណ៍​រាជរដ្ឋាភិបាល ស្តីពី​ការកែ​ចង្កូតរថយន្ត​ពីស្តាំ​ទៅ​ឆ្វេង ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រកបដោយ​សមធម៌​ទូទាំងប្រទេស ចុះហត្ថលេខា​តាំងពី​ថ្ងៃទី​២២​ធ្នូ ហើយ​ទើបនឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៥​ធ្នូ​ឆ្នាំ​២០១៥​នេះ​។​
    ការបញ្ជាក់​សាជាថ្មី​នេះ គឺ​បន្ទាប់ពី​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​រៀប​ក្បួន​ឡាន​បិទផ្លូវ​ជាតិ​លេខ​៣​និង​ផ្លូវជាតិ​លេខ​២ ស្ទះ​ជិត​៣​ម៉ោង ដើម្បី​តវ៉ា​សុំ​មិន​កែ​ចង្កូតរថយន្ត កាលពី​ថ្ងៃទី​២២​ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅនេះ​។​
    គេ​សន្និដ្ឋានថា ការយក​ឡាន​ចង្កូត​ស្តាំ​បិទផ្លូវ ដូច​មានការ​រៀបចំ​ទុកជាមុន​ដែលមាន​ក្រុម​ឧកញ៉ា​ជីករណ្តៅ​ដី ឧកញ៉ា​បូម​ខ្សាច់​នៅ​ពីក្រោយ​ខ្នង បានរៀបចំ​ឲ្យ​មានការ​បិទផ្លូវ​ជាតិ​លេខ​៣  ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ផ្លូវជាតិ​លេខ​២ ខណ្ឌដង្កោ​បង្ក​កកស្ទះ​ប្រមាណ​ជា​ជិត​៣​ម៉ោង ដោយសារ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ តម្រៀបជួរ​គ្នា បិទផ្លូវ​សុំ​ធ្វើការ​ទាមទារ​នូវ​អ្វីដែល​ពួកគេ​ចង់បាន ។​
     អ្នកឆ្លើយឆ្លង​យើង​បាន​ឲ្យ​ដឹងថា ក្រុម​ឡាន​ដឹក​ដី​ប្រមាណ​ជាជាង ៣០០​គ្រឿង​បានមក​ជួបជុំគ្នា​និង​តម្រៀប​ជា​ក្បួន ដើម្បី​បិទផ្លូវ​ធ្វើ​ឲ្យ​ស្ទះ​ការធ្វើ​ចរាចរ​ទៅ​មកលើ​កំណាត់​ផ្លូវជាតិ​៣ តាំងពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២​ធ្នូ រហូត ដល់​ម៉ោង​១១ ព្រឹក​ថ្ងៃ​ដដែល ទើប​បំបែក​ក្បួន​បិទផ្លូវ​នេះ​វិញ ។ រីឯ​ផ្លូវជាតិ​លេខ​២ ក៏មាន​ស្ថានភាព​ដូចគ្នានេះដែរ ។​
     ក្រុម​អ្នក​បើកឡាន​ដឹក​ដី ដឹក​ខ្សាច់ ទាំងនោះ មានបំណង​សុំ​ឲ្យ​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ កុំ​តម្រូវ​ឲ្យ​រថយន្ត​ពួកគាត់​កែ ចង្កូត​ពីស្តាំ​មក​ឆ្វេង​វិញ​អី ព្រោះ​ពួកគាត់​អះអាង ការកែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង​គឺ​ងាយ​នឹងរង​គ្រោះ ថ្នាក់​ប្រសិនបើ​ការកែ​នោះ​ពុំ​ត្រឹមត្រូវ​តាម​បច្ចេកទេស ។​
    ប៉ុន្តែ​ពួកគាត់​យល់ព្រម​បង់ពន្ធ​រថយន្ត​ជូន​រដ្ឋ (​ពន្ធគយ​) ។ នៅ​ទីនោះ គឺ​ភាគច្រើន​ក្រុម​អ្នកមាន​រថយន្ត​ដឹក​ដី​ដឹក​ខ្សាច់​ដែល​គ្មាន​ពន្ធ​នាំចូល គ្មាន​ស្លាក​លេខ និង ចង្កូត​ស្តាំ ហេតុនេះហើយ ទើប​ស្ថាប័នគយ​និង​រដ្ឋាករ ក៏ដូចជា​ក្រសួង​សាធារណ​:​ការ និង​ដឹកជញ្ជូន បានចេញ​នូវ​សេចក្តីជូនដំណឹង ក៏ដូចជា​សេចក្តីណែនាំ​ជាច្រើនលើក​ច្រើនសារ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ទាំងនោះ​ចូលមក​បង់ពន្ធ​ជូន​រដ្ឋ និង កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង​ឲ្យ​ត្រូវ តាមច្បាប់​របស់​ប្រទេស​កម្ពុជា​។​
     ជាការ​កត់សម្គាល់ ការអនុវត្ត​ច្បាប់​ទៅលើ​ក្រុម​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម រួម​និង​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​ផងដែរ​នោះ ហាក់បីដូចជា​ពុំ​សូវ​មាន​ប្រសិទ្ធភាព នោះទេ ព្រោះ​ពួកគេ​អាងខ្នង​បង្អែក និង​អាង​រៀបចំ​បិទផ្លូវ​នានា ដើម្បី​ការពារ​ផលប្រយោជន៍​បំពាន​ច្បាប់​របស់​ពួកគេ ។​
     ច្បាប់ គឺ​ច្បាប់ ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​គោរព​ច្បាប់​ប្រទេស ទើប​សង្គម​រីកចំរើន និង​សង្គម​យុត្តិធម៌ ។​ប៉ុន្តែ​រហូតមកទល់​ពេលនេះ​រាជរដ្ឋាភិបាល​បានបញ្ជាក់​សាជាថ្មី​ដើម្បី​ឆ្លើយបំភ្លឺ​តប​នឹង​សំណូមពរ​ក្រុម​ឡាន​ចង្កូត​ស្តាំ​ទាំងនោះ គឺ​ត្រូវតែ​កែ​ចង្កូតរថយន្ត​ពីស្តាំ​ទៅ​ឆ្វេង​ទៅតាម​ច្បាប់ និង​គោលការណ៍​រាជរដ្ឋាភិបាល ៕​


adverise with khmeread

មតិយោបល់