adverise with khmeread 1

បើ​មាន​កែវ​ទទេរ​មួយ តើ​អ្នក​នឹងដាក់​ដុំថ្ម គ្រួស ឬ​ខ្សាច់​ចូល​មុន​?

    ​សាស្ត្រាចារ្យ​ទស្សនវិជ្ជា​មួយរូប​បាន​ឈរ​នៅក្នុង​ថ្នាក់​របស់គាត់​ជាមួយនឹង​របស់របរ​មួយចំនួន​នៅលើ​តុ​។ នៅពេល​ចាប់ផ្តើម​បង្រៀន គាត់​មិនបាន​និយាយ​សូម្បី​មួយ​ម៉ាត់ រួច​ដើរ​ទៅយក​ដប​មួយ ហើយ​ចាប់ផ្តើម​ដាក់​ដុំថ្ម​ចូលទៅក្នុង​កែវ​នោះ​។ 

​    ​បន្ទាប់មក គាត់​សួរ​និស្សិត​គ្រប់គ្នា​ថា តើ​កែវ​នេះ​ពេញ​ហើយ​ឬ​នៅ​។ និស្សិត​ទាំងអស់​ឆ្លើយថា កែវ​នេះ​ពេញ​ហើយ​។ 

​    ​បន្ទាប់មក លោក​សាស្ត្រាចារ្យ​បាន​យក​ប្រអប់​គ្រួស​ចាក់​ចូល​បន្ថែម​ក្នុង​កែវ​នោះ រួច​ក្រឡុក​ថ្នមៗ​។ ហើយ​គ្រួស​នោះបាន​ហូរ​ចូល​ចន្លោះ​ដុំថ្ម​ជាច្រើន​កន្លែង​។ 

​    ​បន្ទាប់មក លោកគ្រូ​បាន​សួរ​សិស្ស​គាត់​ម្តង​ទៀតថា​តើ​កែវ​នេះ​ពេញ​ហើយ​ឬ​នៅ​។ ពួកគេ​ឆ្លើយថា​កែវ​នេះ​ពេញ​ហើយ​។ 

​    ​បន្ទាប់មក​គាត់​បាន​យក​ខ្សាច់​ចាក់​ចូលក្នុង​កែវ​បន្ថែមទៀត​។ ជាការ​ពិត ខ្សាច់​នោះបាន​បំពេញ​ចន្លោះ​ទំនេរ​ទាំងអស់​ក្នុង​កែវ​នោះ​។ 

​    ​បន្ទាប់មក​គាត់​សួរ​សិស្ស​គាត់​ម្តង​ទៀតថា​កែវ​នេះ​ពេញ​ហើយ​ឬ​នៅ​។ និស្សិត​ឆ្លើយ​មក​ដដែល​ថា កែវ​នេះ​ពេញ​ហើយ​។ 

​    ​លោកគ្រូ​ដកដង្ហើម​ធំ​រួច​និយាយថា "​ឥឡូវ ខ្ញុំ​ចង់ឱ្យ​គ្រប់គ្នា​បានដឹងថា កែវ​នេះ​តំណាងឱ្យ​ជីវិត​របស់​អ្នក​។ ដុំថ្ម​ជា​របស់​សំខាន់​ជាងគេ​។ វា​តំណាងឱ្យ​គ្រួសារ ដៃគូ សុខភាព កូនៗ​របស់​អ្នក​។ ប្រសិនបើ​អ្វីៗ​ផ្សេង​បាត់បង់ ដុំថ្ម​នឹង​នៅតែ​ជា​របស់​សំខាន់​ចំពោះ​អ្នក​។ គ្រួស​គឺជា​របស់​ផ្សេងទៀត​ដែល​សំខាន់​ដែរ ដូចជា​ការងារ ផ្ទះសម្បែង និង​រថយន្ត​។ រីឯ​ខ្សាច់​គឺជា​អ្វីៗ​ផ្សេងទៀត​មិនសូវ​ចាំបាច់ និង​ជា​រឿង​កំ​ប៉ិច​កំប៉ុក​"​។ 

​    ​លោកគ្រូ​បាន​បន្តថា "​ប្រសិនបើ​អ្នក​ដាក់​ខ្សាច់​ចូល​កែវ​មុន នឹង​មិនមាន​ចន្លោះ​ទំនេរ​សម្រាប់​ដាក់​គ្រួស ឬ ដុំថ្ម​ចូល​ទេ​។ វា​ក៏​ដូចគ្នា​នឹង​ឆាកជីវិត​របស់​យើង​ដែរ​។ ប្រសិនបើ​អ្នកចំណាយ​ពេល និង​ថាមពល​ទាំងអស់​លើ​រឿង​កំ​ប៉ិច​កំប៉ុក អ្នកនឹង​មិនមាន​ពេល​គិត​អំពី​រឿង​ដែល​សំខាន់​ចំពោះ​អ្នក​នោះទេ​។ ត្រូវ​គិតគូ​អំពី​រឿង​ដែល​សំខាន់​ចំពោះ​សុភមង្គល​របស់​អ្នក​។ ចូរ​ចំណាយពេល​លេង​ជាមួយ​កូនៗ និង​នាំ​ដៃគូ​រាំ​កម្សាន្ត ព្រោះ​អ្នក​នៅមាន​ពេល​ច្រើន​ទៀត​សម្រាប់ធ្វើ​ការងារ សម្អាតផ្ទះ ចូលរួម​ពិធីជប់លៀង​ក្រៅ​ផ្ទះ ឬ ដោះស្រាយ​បញ្ហា​ផ្សេងទៀត​"​។​

​    ​លោកគ្រូ​បានបញ្ចប់​ដោយ​ពោលថា "​ត្រូវដាក់​ដុំថ្ម​ចូល​កែវ​មុនគេ ព្រោះ​វា​ជា​រឿង​សំខាន់បំផុត​ក្នុង​ជីវិត​។ ត្រូវ​ចេះ​កំណត់​អាទិភាព​ក្នុង​ជីវិត​។ គ្រួស និង​ខ្សាច់​ជា​រឿង​បន្ទាប់បន្សំ​ទេ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់