1

រុស្ស៊ី​មិន​ទុក​ទេ​ប្រសិនបើ​នាវា​អាមេរិក​ចូលមក​សមុទ្រ​ខ្មៅ​ក្នុង​ព្រំដែន​រុស្ស៊ី​

    ​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នឹង​ឆ្លើយតប​ទៅនឹង​ការ​ចូលមក​សមុទ្រ​ខ្មៅ (​ក្នុង​ដែនទឹក​រុស្ស៊ី​) របស់​នាវា​ជើង​ទឹក​អាមេរិក​ជាមួយនឹង​វិធានការ​មិនអាច​ប៉ាន់ស្មាន​បានជា​ច្រើន ដោយ​ក្រសួង​លើកឡើងថា​នាវា​អាមេរិក និង ការដាក់​ពង្រាយ​កម្លាំង​ផ្សេងទៀត​ត្រូវបាន​ធ្វើឡើង​ដើម្បី​បង្កើន​ភាព​តានតឹង​នៅមុន​កិច្ចប្រជុំ​កំពូល​អង្គការ NATO​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី RIA​។ 

​      បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី​បាន​រាយការណ៍​ថា នាវា​ពិឃាត​អាមេរិក USS Porter បាន​ចូលមក​សមុទ្រ​ខ្មៅ (​ក្នុង​ព្រំដែន​តួ​ក​គី​) បី​បួន​ថ្ងៃ​មកហើយ​ក្នុង​បេសកកម្ម​ដាក់ពង្រាយ​ជា​ទម្លាប់​របស់ខ្លួន ដែល​នេះ​ជា​ចំណាត់ការ​មួយ រុស្ស៊ី​និយាយថា​បាន​បង្កើន​ការក្តៅក្រហាយ​ក្នុង​ក្រុង​មូ​ស្គូ ព្រោះ​នាវា​នេះ​ទើបតែ​បំពាក់​ប្រព័ន្ធ​មី​ស៊ី​ល​ទំនើប​ថ្មី​នាពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។ 

​    ​មន្ត្រី​កងទ័ពជើងទឹក​អាមេរិក​បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា យោធា​អាមេរិក​ក៏​នឹងមាន​នាវា​ដឹក​យន្តហោះ ២ គ្រឿងក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ក្នុង​ខែ​នេះ​ផងដែរ នៅមុន​កិច្ចប្រជុំ​កំពូល​របស់ NATO នៅ​ខែកក្កដា​ក្នុង​ទីក្រុង​វ៉ា​សូវី ខណៈដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្វះស្វែង​រក្សា​តុល្យភាព​សកម្មភាព​យោធា​របស់​រុស្ស៊ី​។ 

​    ​RIA បាន​ដកស្រង់​សម្តី​លោក Andrei Kelin មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​រុស្ស៊ី​ដោយនិយាយ​ទាក់ទិន​នឹង​បំលាស់​ទី​របស់​នាវា USS Porter ថា "​ជាការ​ពិត ការធ្វើ​បំលាស់​ទីនេះ​មិនអាច​ទទួលយក​បានទេ ដូច្នេះ​វា​នឹង​អាច​នាំទៅដល់​ការឆ្លើយតប​គ្រប់​វិធានការ​"​។ 

​    ​លោក Andrei Kelin បាន​និយាយថា ការដាក់​ពង្រាយ​នាវា​ដឹក​យន្តហោះ​អាមេរិក​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​គឺជា​ការបង្ហាញ​កម្លាំង ដែល​តាម​ទស្សនៈ​លោក​គឺ​បានធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​ជូរចត់​រវាង​រុស្ស៊ី និង អាមេរិក​៕

​ប្រភព​៖ រ៉​យ​ទ័​រ

អ្នកនឹងចូលចិត្ត

មតិយោបល់