adverise with khmeread 32827e8a ec90 4fa6 92d3 b599829b84b8

លួចឡើង​ស៊េរី! ពីមុន​លួច​កង់ ឥឡូវ​ចេះ​លួច​ម៉ូតូ ជាប់​ខ្នោះ

    ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មុខសញ្ញា​ធ្លាប់​លួច​កង់ ឥឡូវ​បាន​ចូលទៅ​ធ្វើ​សកម្មភាព​លួច​កាច់​ម៉ូតូ តែ​មិនបាន​សម្រេច ត្រូវ​ជនរងគ្រោះ​ឃើញ​តាម​កាមេរ៉ា​សុវត្ថិភាព រួច​ចាប់​ក្របួច​ជាប់​ភ្លាមៗ ប្រគល់ឱ្យ​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ទួល​សង្កែ ដើម្បី​សួរនាំ​ទាំង​ព្រឹក​។​

 

    ករណី​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ផ្ទះ​លេខ​៧៤២ ផ្លូវ​៦២ ក្រុម​៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

    ប៉ូលិស​ប៉ុស្ដិ៍​ទួល​សង្កែ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ជន​ត្រូវ​សង្ស័យ​បាន​ចូលទៅ​ធ្វើ សកម្មភាព​ដោយ​យក​សោ​ម៉ូតូ ទៅ​ចាក់​ឆ្កិះ​ក្នុង​គោលបំណង​លួច​ម៉ូតូ​របស់​ជនរងគ្រោះ ដែល​ទុកចោល​នៅ​ខាង​ក្រោមផ្ទះ។​

    ខណៈនោះ ត្រូវ​ជនរងគ្រោះ​ដែល​ស្នាក់នៅ​ជាន់​ទី​១ បាន​មើលឃើញ​ពី​សកម្មភាព​របស់​ជន​ត្រូវ​សង្ស័យ តាម​កាមេរ៉ា​សុវត្ថិភាព​ក៏​សម្រេច​ចុះមក​ស្រែក​ផ្អើល​ដល់​អ្នករស់នៅ ជិតខាង​ជួយ​ចាប់​ឃាត់ខ្លួន​ជន​ត្រូវ​សង្ស័យ​ភ្លាមៗ និង​រកឃើញ​ដកហូត​សោ​ម៉ូតូ​ចំនួន​២​ផង​រួច​ប្រគល់​ឲ្យ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ទួល​សង្កែ​។​

    ប៉ូលិស​បន្តថា ក្រោយ​ឃាត់ខ្លួន​សាកសួរ ជន​ត្រូវ​សង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេពិតជា​បាន​ចូលទៅ​លួច​ឆ្កិះ កាច់ក​សោ​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយ​ធ្វើ​សកម្មភាព​តែម្នាក់ឯង​ប៉ុណ្ណោះ និង​មិនមាន​បក្ខពួក​ឡើយ​ព្រមទាំង​ទើបតែ​លួច​លើក​ទី​១​ទេ ព្រោះ​ពីមុន​ធ្លាប់​លួច​តែ​កង់ តាម​ផ្ទះ​បានសម្រេច ស្រាប់តែ​ឥឡូវ​បែកគំនិត​លួច​ម៉ូតូ ស្រាប់តែ​ត្រូវគេ​ទាន់​តែម្ដង​។​

    ប៉ូលិស​បន្តទៀតថា ជនល្មើស​ឈ្មោះ ឡា សុខ​ឡេង អាយុ​១៨​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ​។ រីឯ​ជនរងគ្រោះ​ឈ្មោះ អ៊ឹង ថង ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មាន​មុខរបរ​ជាជាង​នាឡិកា​ស្នាក់នៅ ចំណុចកើតហេតុ​ខាងលើ​។​

    បច្ចុប្បន្ន​ជន​ត្រូវ​ជាប់​សង្ស័យ​រួមជាមួយ​វត្ថុតាង ត្រូវបានកម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ទួល​សង្កែ បញ្ជូនទៅ​ឃុំខ្លួន​សាកសួរ បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់