ក្លឹបចាយលុយឥតសំចៃដៃ Paris Saint-Germain សង្ឃឹមយ៉ាងមុតមាំថា ពួកគេអាចទិញតារាឆ្នើមរបស់ក្លឹប Barcelona កីឡាករ Neymar នៅរដូវក្តៅនេះ។
ក្រុមនៅប្រទេសបារាំងនេះកំពុងពិចារណាលើតម្លៃខ្លួន ២១៣ លានដុល្លាររបស់គាត់ដែលអាចជាការទិញប្រចាំរដូវកាលហើយពួកគេក៏ត្រៀមធ្វើឱ្យកីឡាកររូបនេះជាអត្តពលិករកប្រាក់ចំណួលច្រើនជាងគេក្នុងពិភពលោកផងដែរ។
PSG នឹងចាប់ផ្តើមរដូវកាលក្រោយដោយគ្មានខ្សែប្រយុទ្ធឆ្នើម Zlatan Ibrahimovic ហើយប្រភពពីប្រទេសបារាំងបានឱ្យដឹងថា Neymar ដែលធ្លាប់ជាប់ទាក់ទងនឹង Man Utd នឹងត្រូវបានចាត់ទុកជាអ្នកជំនួសដ៏មានសមត្ថភាពមួយរូប។
កុងត្រារបស់ Neymar នៅក្រុមអ្នកមានបុណ្យនឹងផុតកំណត់នៅឆ្នាំ ២០១៨ ហើយក្លឹបយក្សអេស្ប៉ាញមួយនេះអាចនឹងលក់ខ្សែប្រយុទ្ធរូបនេះខណៈទឹកលុយដ៏ច្រើននេះអាចជួយពួកគេស្វែងរកកីឡាករមានសមត្ថភាពនិងតម្លៃសមរម្យផ្សេងទៀត។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានរកគ្រាប់បាល់ចំនួន ២៤ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៣៤ លើកកាលពីរដូវកាលមុន ខណៈ Barca បានឈ្នះ La Liga ប៉ុន្តែឯកសាបែកធ្លាយកាលពីពេលថ្មីៗនេះបានលាតត្រដាងថា Neymar រកប្រាក់ចំណូលបានត្រឹមតែ ១០៩.៧៦៧ ដុល្លារក្នុងមួយសប្តាហ៍តែប៉ុណ្ណោះដែលតិចជាង Messi ដល់ទៅបីដង។
ភ្នាក់ងាររបស់ Neymar លោក Wagner Ribeiro បាននិយាយថា "ប្រសិនបើ PSG បង្ហាញការចាប់អារម្មណ៍លើ Neymar យើងអាចពិភាក្សារឿងនេះបាន។ កិច្ចសន្យាអាចផ្តាច់បានផងដែរប្រសិនបើប្រាក់ចរចាទិញត្រូវបានបង់"។
ប៉ុន្តែគាត់បានបន្តថា "គាត់មានអារម្មណ៍ល្អនៅ Barcelona។ គាត់ស្រឡាញ់ទីនោះ ហើយគាត់កំពុងលេងឱ្យក្លឹបដ៏អស្ចារ្យក្នុងពិភពលោក"៕
ប្រភព៖ Daily Mail
