កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅថ្ងៃទី១២ មិថុនា ឆ្នាំ២០១៦ វេលាម៉ោង១២ និង៥៤នាទីនៅលើផ្លូវជាតិលេខ៨លើស្ពានព្រែកតាម៉ាក់ ត្រង់ចំណុចភូមិកោះរការឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ប៉ូលិសនិយាយថា គ្រោះថ្នាក់ចរាចរណ៍បង្កដោយម៉ូតូម៉ាកស្មាក់ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1L-9195 បើកបរដោយឈ្មោះ ខាត់ ស្រីរ៉េត ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្វាត់ក្រោម ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយមានឌុបមនុស្ស០១នាក់ពីក្រោយឈ្មោះ ខាត់ ថារ៉ា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅជាយួយគ្នា។
ម៉ូតូនេះធ្វើដំណើរ ពីត្បូងទៅជើង ហើយបត់ទៅកើតឡើងស្ពាន បានមកបុកបង្កាន់ដៃស្ពានព្រែកតាម៉ាក់ បណ្ដាលឱ្យ របួសស្រាលដល់អ្នកបើកបរម៉ូតូ និងរបួសធ្ងន់ដល់អ្នកជិះក្រោយ ពេលបញ្ចូនមកដល់ពេទ្យស្រុកមុខកំពូល អ្នករបួសធ្ងន់ បានស្លាប់ នៅក្នុងមន្ទីរពេទ្យ។ ចំពោះម៉ូតូក្រុមគ្រួសារបានយកទៅផ្ទះ៕
