adverise with khmeread 9f0f0174 e5fe 4a40 8623 131e79c03c0d

គ្រោះថ្នាក់​ផ្ទួនៗ ឡានធំ​បើក​កណ្តាល​ក្រុង​កិន​នារី​ស្លាប់​៤​នាក់​រយៈពេល​២​ថ្ងៃ​

    ភ្នំពេញ ៖ បន្ទាប់ពី​មាន​ហេតុការណ៍​ស្ត្រី​២​នាក់​ជា​បងប្អូន​បង្កើត​ត្រូវ​រថយន្ត​កុងតឺន័រ​បើក​លឿន​ស្លេវ បុក​ស្លាប់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពី​ម្សិលមិញ ហើយ​ស្ត្រី​ជា​ម្តាយ​ឃើញ​កូន​ស្លាប់​ក៏​គាំង បេះដូង​ស្លាប់​តាម​ក្រោយ ដែល​ធ្វើឱ្យ​មានការ​រន្ធត់ និងចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

    សម្រាប់​ថ្ងៃអាទិត្យ​នេះ ស្រាប់​តែមាន​នារី​២​នាក់​ក៏បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​មួយលើកទៀត បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក វ៉េវ​អាល់​ហ្វា ហើយ​ត្រូវបាន​រថយន្ត​បាញ់​ស៊ីម៉ង់ត៍​ធុន​ធំ​មួយគ្រឿង  បើក​បុក​ពីក្រោយ រួច​កិន​មនុស្ស​ស្លាប់​នៅនឹងកន្លែង​ស្ថិតនៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន នៅ​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។​

    យោងតាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ បានឱ្យដឹងថាដំបូង​នារី​រងគ្រោះ​ទាំង ២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​ឌុប​គ្នា​ធ្វើដំណើរ ចេញពី​ស្ពាន​ច្បារអំពៅ​បំណង​ឆ្ពោះទៅកាន់​ផ្លូវ​២៧១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​ធម្មតា​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​បាញ់​ស៊ីម៉ង់ត៍​ធុន​ធំ​មួយគ្រឿង ពណ៌​ក្រហម លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 5A-0030 បើកបរ​ដោយ​បុរស​ម្នាក់​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ បាន​បើក​បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​ពេញទំហឹង រួច​ជ្រុល​កិន​ខ្លួន​ជនរងគ្រោះ​ទាំង ២​នាក់ ស្លាប់​ភ្លាមៗ នៅ​ហ្នឹង​កន្លែងកើតហេតុ​តែម្តង​។​

    ភ្លាមៗ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេចខ្លួន តែ​ត្រូវបាន​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ចំណុច​ខាងលើ ដេញតាម​ឃាត់​បានមក​វិញ ទាំង​រថយន្ត និង​អ្នកបើកបរ។​

    ក្រោយ​កើតហេតុ សមត្ថកិច្ច មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ចុះ​វាស់វែង អូស​យក​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​របស់​ជនរងគ្រោះ ទៅ​រក្សាទុក​នៅ​ការិយាល័យ ចរាចរណ៍​ជើង គោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ។ តៃកុង​រថយន្ត​បើកបរ​ឈ្លើយ​ក៏ត្រូវ​ឃាត់ខ្លួន​យកទៅ​ជាមួយ​ដែរ។​

    សព​នារី​រងគ្រោះ​ទាំង ២​នាក់ មាន​វ័យ​ប្រមាណ​ជាង ២០​ឆ្នាំ​ដូចគ្នា មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណឡើយ ដោយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ទំនាក់ទំនងរ​កសាច់ញាតិ ដើម្បី​អោយមកទទួលយក​ទៅធ្វើ​បុណ្យទៅតាម​ប្រពៃណី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់