ភ្នំពេញ ៖ មាននារីម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងមនុស្សស្រីប្រុស១២នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ដោយសារជួបគ្រោះថ្នាក់រវាងរ៉ឺម៉កកង់បីនិងរថយន្តសាំង យ៉ុង បុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
តាមប្រភពពីជនរងគ្រោះជានារីម្នាក់ ឈ្មោះ វ៉ាន់ ស្រីលីន អាយុ២២ឆ្នាំ រងរបួសបាក់ជើងដែលអាចនិយាយបាន រៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុពួកនាងមានគ្នា១២នាក់ ប្រុស៣នាក់ រួមនិងពូម្ចាស់រ៉ឺម៉កកង់បី ទើបត្រឡប់មកពីដើរលេងកម្សាន្តនៅចំការព្រីង បំណងត្រឡប់ទៅផ្ទះជួលវិញនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ។
ខណៈជិះមកដល់ចំណុចកើតហេតុតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច ដល់ចំណុចភូមិព្រៃជីសាក់ ក៏មានរថយន្តសាំងយ៉ុងមួយគ្រឿងពណ៌សំបកឪឡឹកពាក់ស្លាកលេខកំពង់ចាម 2A-3723 បើកមកពីក្រោយស្រាបគ្នាយ៉ាងលឿនទំនងជាអ្នកបើកបរស្រវឹង បានមកបុកចំក្រោយពេញទំហឹង បណ្តាលក្រឡាប់រ៉ឺម៉ក ខ្ទាតមនុស្សចេញពេញផ្លូវនិងអ្នកខ្លះទៀតជាប់នៅក្នុងរ៉ឺម៉ក ហើយរ៉ឺម៉កខូតខាតទាំងស្រុង។
នារីរងគ្រោះបានបន្តទៀតថា នៅក្នុងរ៉ឺម៉កនោះមានគ្នា១២នាក់ប្រុសមានចំនួន៣នាក់បូករួមទាំងពូម្ចាស់រ៉ឺម៉កកង់បី និងជនរងគ្រោះដែលស្លាប់ជាប្អូនស្រីបង្កើតរបស់នាងឈ្មោះ វ៉ាន់ ស្រីថង អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិ៣៣ ឃុំចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម។
នៅកន្លែងកើតហេតុ គេឃើញមានបុរសម្នាក់លូនចេញពីរថយន្តបង្ករងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋចាប់បានវាយរហូតដល់សន្លប់ ត្រូវបញ្ជូនទៅសង្គ្រោះផងដែរ។
ក្រោយពេលកើតត្រូវរងគ្រោះ១០នាក់ត្រូវបានរថយន្តក្រុមសង្គ្រោះបន្ទាន់៧១១ កងពល៧០ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមះជាបន្តបន្ទាប់។ ចំណែកជនរងគ្រោះ២នាក់ទៀតត្រូវរថយន្តគ្លីនិក ហុង ហាក់ មកដណ្តើមដឹកទៅសង្គ្រោះផងដែរ។
ដោយឡែករ៉ឺម៉កកង់បីនិងរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុមកវាស់វែងនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយ។ ចំណែកសព ត្រូវបានសមត្ថកិច្ចរៀបចំឯកសារ យកទៅរក្សាទុកនៅវត្តសំបួរមាស រង់ចាំសាច់ញាត់មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
