30b9963f 6507 4e43 8c01 cacbe9f6025c

ចោរ​គាស់​ទ្វារ​ចូល​សំងំ​ក្នុងផ្ទះ​ចាក់​សន្តិសុខ​ម្នាក់​របួស​រួច​គេចខ្លួនបាត់​

    ភ្នំពេញ ៖ សន្តិសុខ​អ្នកយាម​ផ្ទះ​ម្នាក់​ត្រូវ​ចោរ​ដែល​ចូល​សំងំ​ក្នុងផ្ទះ​ពេល​ជួប​វា ក៏​ចាក់​នឹង​កាំបិត​បណ្តាលឱ្យ​របួស​ស្មា​ឆ្វេង ខណៈពេលដែល​សន្តិ​សខ​រូបនោះ​ឮសូរ​សំលេង​នៅ​ជាន់​ខាងលើ ហើយក៏​ដើរ​ឡើងទៅ​មើល បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១០​យប់ ថ្ងៃទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៦ នៅក្នុង​ផ្ទះល្វែង​លេខ​១២៥ ផ្លូវ​បេតុង​លេខ​៦ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ។​

    ជនរងគ្រោះ​មានឈ្មោះ សាយ សា ភេទ​ប្រុស​ អាយុ ២០​ឆ្នាំ មុខរបរ​អ្នកយាម​ផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ដែលមាន​ម្ចាស់​ឈ្មោះ ខែ​ក ខេមរ៉ា​ត់ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ។​

    តាម​សំដី​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​ប្រហែល​៨​យប់ រូបគាត់​បានឮ​សូរសំលេង​ចេញពី​ជាន់​ទី​៣ ដែល​គ្មាន​មនុស្ស​ស្នាក់នៅ តែ​រូបគាត់​ក៏​មិនបាន​ចាប់អារម្មណ៍​ទេ​ស្មាន់តែ​កណ្តុរ។​

    លុះ​ប្រហែលជា​ម៉ោង​ជិត​១០​យប់ ក៏​ឮសូរ​ម្តងទៀត ដោយមាន​ការសង្ស័យ​រូបគាត់​ក៏បាន​ដើរ​ឡើងទៅ​មើល ដោយ​ក្នុង​ដៃ​មាន​កាន់ដំបង​ទីប​មួយ​ក្នុង​ដៃ​ផងដែរ។ គ្រាន់តែ​ដើរ​ឡើងដល់​ជាន់​ទី​៣​ភ្លាម​ក៏ត្រូវ​បាន​ជនសង្ស័យ​ដែល​ពួន​នៅក្បែរ​ជណ្តើរ​ស្ទុះ​ចេញមក ចាក់​បណ្តាលឱ្យ​របួសរ​ត់​ស្រែក​ឱ្យគេ​ជួយ។​

    ជនរងគ្រោះ​បន្តទៀតថា ជនសង្ស័យ​មានបំណង​ចាក់​សំលាប់​រូបគាត់​តែម្តង​តែ​ត្រូវ​រូបគាត់​គេច​ទើបត្រូវ​របួស​ស្មា​។​

    បើតាម​សំដី​របស់កម្លាំង​អាវុធហត្ថ​ដែល​ចុះទៅពិនិត្យ​ជាក់ស្តែង​បា​នស​និ្ន​ដ្ឋា​ន​ជំហាន​ដំបូង​ថា ជនសង្ស័យ​អាច​ចូលមក​តាំងពី​ពេល​ថ្ងៃ​ហើយ​សំងំ​ក្នុងផ្ទះ​ចាំ​ឱកាសល្អ​នឹងធ្វើ​សកម្មភាព​លួច ព្រោះ​ស្នាម​ទ្វារ​ដែល​ចោរ​គាស់​នោះ អាច​ប្រើពេល​យូរណាស់​ក្នុងការ​ដោះ​កញ្ចក់​និង​គាស់​សោ។​

    ក្រោយពេល​ពិនិត្យ​រួចរាល់​ហើយ កម្លាំង​អាវុធហត្ថ បូករួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ដកចេញ​ទៅវិញ។ ចំណែក​ខាង​ម្ចាស់ផ្ទះ​មិនបាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទេ គ្រាន់តែ​សំណូមពរ​​ឱ្យ​សមត្ថកិច្ច​ជួយ​ល្បាត​ក្បែរៗ​ហ្នឹង​ផង ដើម្បី​ជួយ​ដោះស្រាយ​សភាពការណ៍​ដែល​អាច​កើតឡើង​ជាយថាហេតុ៕

មតិយោបល់