adverise with khmeread Happy family1

ទម្លាប់ទាំង ១០ ដែលបង្កើតបានជាគ្រួសារដ៏រីករាយមួយ

ខ្ញុំពិតជាសំណាងណាស់ដែលមានជីដូនជីតានៅរស់ និងបានរីករាយជាមួយគាត់។ លោកតាលោកយាយទាំងពីរនាក់បានរួមរស់ជាមួយគ្នាអស់ជាង ៥០ ឆ្នាំ ហើយពួកគាត់ហាក់ដូចជាដឹងរឿងមួយឬក៏ពីរអំពីទំនាក់ទំនងដ៏រីករាយ។ ពួកគាត់អាចចិញ្ចឹមបីបាច់ចៅ និងចៅទួតដ៏អស្ចារ្យជាច្រើននាក់, ទទួលបានជោគជ័យក្នុងអាជីពការងាររបស់គាត់ និងអ្វីដែលសំខាន់បំផុតគឺនៅតែស្រឡាញ់គ្នាអស់កាលកន្លងមករាប់សិបឆ្នាំថែមទៀត។ ពួកគាត់នៅតែថែរក្សាគ្នាទៅវិញទៅមក គាំទ្រគ្នាទៅវិញទៅមក និងឲ្យតម្លៃគ្រួសាររបស់គាត់លើសអ្វីៗទាំងអស់។ រាល់ពេលដែលខ្ញុំទៅលេងគាត់ម្តងៗ ខ្ញុំមានទឹកចិត្តមួយចង់មានអ្វីៗដូចគាត់ក្នុងជីវិតរបស់ខ្ញុំដែរ។ 

ខ្ញុំបានសុំតាយាយរបស់ខ្ញុំចែករំលែកនូវអាថ៍កំបាំងរបស់ពួកគាត់ និងបានផ្គុំចម្លើយរបស់គាត់ទៅក្នុងបញ្ជីខាងក្រោមនេះ។ សូមអានដើម្បីរៀនសូត្រអំពីរឿងរ៉ាវដែលអ្នកគួរធ្វើដើម្បីមានគ្រួសារដ៏រីករាយ។ 

១- រៀនអំពីអ្វីមួយជាមួយគ្នា
ការរៀនសូត្រពីអ្វីដែលថ្មីគឺជារឿងអស្ចារ្យណាស់។ ការរៀនសូត្រពីអ្វីមួយជាមួយគ្រួសាររបស់អ្នកគឺនាំមកនូវភាពជិតស្និទ្ធ និងផ្តល់ឲ្យអ្នកនូវឱកាសក្នុងការចំណាយពេលវេលាប្រកបដោយគុណភាព និងផលិតភាពជាមួយគ្នា។ អ្នកអាចចូលរួមថ្នាក់ណែនាំធ្វើម្ហូប រៀនពីរបៀបរាំ គូរគំនូរ បង្ហោះខ្លែង ជិះទូកក្តោង ។ល។ ដែលនេះសុទ្ធសឹងជាឱកាសដែលកើតមានជាបន្តបន្ទាប់ឥតឈប់។ មានរឿងជាច្រើនរាប់មិនអស់ដែលអ្នកអាចរៀនសូត្រខណៈរីករាយជាមួយនឹងមនុស្សជាទីស្រឡាញ់របស់អ្នក។

២- សើចសប្បាយរីករាយ
ការមានពេលដ៏ល្អជាមួយគ្រួសាររបស់អ្នកគឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ។ មានរឿងជាច្រើនដែលអ្នកអាចធ្វើជាមួយគ្នាដើម្បីសើចសប្បាយរីករាយ។ យូរៗលេងអុកម្តង ច្រៀងការ៉ាអូខេ មើលភាពយន្តសំណើច និទានរឿងឲ្យគ្នាស្តាប់ទៅវិញទៅមក ទៅបោះប៊ូលីង លេងបាល់បោះ ឬ ចូលរួមសកម្មភាពកម្សាន្តជាក្រុមផ្សេងទៀតរាប់មិនអស់។

 

៣- ធ្វើឲ្យមានការភ្ញាក់ផ្អើលទៅវិញទៅមក
ការធ្វើឲ្យមានភាពភ្ញាក់ផ្អើលគឺជាទម្លាប់ដ៏អស្ចារ្យរបស់គ្រួសាររីករាយ។ កូនៗអាចឆុងកាហ្វេឲ្យម្តាយយូរៗម្តងអ៊ីចឹងទៅ។ ឪពុកម្តាយអាចធ្វើឲ្យកូនៗភ្ញាក់ផ្អើលជាមួយនឹងដំណើរកម្សាន្តមិនរំពឹងទុកទៅកាន់ឧទ្យានកម្សាន្ត។ គូស្នេហ៍អាចធ្វើរឿងតូចមួយដ៏អស្ចារ្យសម្រាប់គ្នាទៅវិញទៅមក ដូចជាចំអិនអាហារដ៏រ៉ូមែនទិក សរសេរសំបុត្រស្នេហា ឬ ទិញបង្អែមចូលចិត្តរបស់ឪពុកម្តាយមកផ្ទះនៅពេលល្ងាច។ល។ 

៤- ញ៉ាំជុំគ្នា
រឿងញ៉ាំជុំគ្នាមិនមែនត្រូវតែធ្វើឡើងគ្រប់ពេលទាំងអស់នោះទេ។ ការបង្ខំឲ្យនរណាម្នាក់ក្នុងគ្រួសារឲ្យទម្លាក់ចុះការងារទាំងអស់របស់ពួកគេ ហើយទៅបន្ទប់ញ៉ាំអាហារពីរដងក្នុងមួយថ្ងៃគឺជារឿងមិនសមហេតុផលទេ។ ប្រសិនបើអ្នកអាច ត្រូវទទួលទានអាហារជាមួយគ្នារៀងរាល់ពេលល្ងាច។ នេះគឺជាពេលវេលារបស់អ្នកដើម្បីសួរអំពីស្ថានភាពរាល់ថ្ងៃរបស់គ្រប់គ្នា និងពិភាក្សាអំពីព័ត៌មាន និងបញ្ហាថ្មីៗទាំងឡាយ។ ប្រសិនបើអាហារជុំគ្នារាល់ថ្ងៃមិនកើតការសម្រាប់គ្រប់គ្នាទេ អ៊ីចឹងសាកល្បងយ៉ាងតិចណាស់ក៏ពីរដងក្នុងមួយសប្តាហ៍ដែរ។ 

៥- ត្រូវមានពេលវេលាខ្លះសម្រាប់ខ្លួនអ្នក
ការចំណាយពេលជាមួយគ្រួសាររបស់អ្នកគឺអស្ចារ្យហើយ ប៉ុន្តែការដែលមានពេលវេលាសម្រាប់ខ្លួនឯងក៏ជារឿងសំខាន់ខ្លាំងណាស់ដែរ។ ប្តីរបស់អ្នកអាចមើលក្មេងខណៈរូបអ្នកអាចអានសៀវភៅដោយស្ងប់ស្ងាត់ និងសុខសាន្ត។ ភរិយារបស់អ្នកអាចនៅជាមួយកូនៗ ចំណែកអ្នកអាចទស្សនាបាល់ទាត់គូធំប៉ះគ្នា។ ការរីករាយនឹងពេលវេលាខ្លះនៅតែឯងនឹងមិនធ្វើឲ្យអ្នកក្លាយជាឪពុកម្តាយអាក្រក់នោះទេ។ គ្រប់គ្នាត្រូវការវា។ ការដែលដឹង និងគោរពនូវការផ្តល់ពេលវេលាខ្លះឲ្យខ្លួនឯងគឺជាគន្លឹះនាំទៅដល់ការបង្កើតគ្រួសារដ៏រីករាយ។ 

៦- ជជែកគ្នា
ពិភាក្សាគ្នាពីបញ្ហាផ្សេងៗ ស្នាដៃនានា ក្តីបារម្ភផ្សេងៗ ទុក្ខព្រួយ និងការរំពឹងទុកផ្សេងៗគឺសំខាន់ណាស់ក្នុងគ្រួសារមួយ។ ត្រូវយករឿងនេះធ្វើជាវិធានមួយដើម្បីជជែកទៅកាន់ស្វាមី ឬភរិយារបស់អ្នក និងកូនៗអំពីរឿងរ៉ាវទាំងឡាយ។ វានឹងធ្វើឲ្យអ្នកកាន់តែជិតស្និទ្ធ និងកាន់តែរីករាយ។ 

៧- ត្រូវមានប្រពៃណីមួយក្នុងគ្រួសារ
ការបង្កើតប្រពៃណីគ្រួសារផ្ទាល់ខ្លួនមួយរបស់អ្នកគឺជារឿងអស្ចារ្យដែលគួរតែធ្វើ។ ការបង្កើតប្រពៃណីគ្រួសារនេះអាចមានន័យថា ទទួលទាននំផេនខេករាល់ព្រឹកថ្ងៃអាទិត្យ ទៅជិះស្គីទឹកកកក្រោយការធ្លាក់ព្រិលលើកដំបូងរាល់ឆ្នាំ អបអរខួបអាពាហ៍ពិពាហ៍របស់អ្នកក្នុងកន្លែងដ៏ពិសេស ឬពាំនាំមកនូវវត្ថុអនុស្សាវរីយ៍ពីរាល់ការធ្វើដំណើរកម្សាន្តនីមួយៗ។ ប្រពៃណីគ្រួសារដ៏អស្ចារ្យបំផុតមួយគឺអបអរបុណ្យធំៗជាមួយគ្នា ដោយមានការជួបជុំសាច់ញាតិទាំងអស់ និងធ្វើពិធីជប់លៀង។ 

៨- និយាយរឿងល្អៗដែលឲ្យតម្លៃគ្នាទៅវិញទៅមក
ការដែលមានអារម្មណ៍ត្រូវបានគេឲ្យតម្លៃគឺជារឿងដ៏សំខាន់បំផុតមួយក្នុងគ្រួសាររីករាយ។ គ្រប់សមាជិកគ្រួសារទាំងអស់គួរនិយាយថាតើពួកគេឲ្យតម្លៃគ្នាទៅវិញទៅមកកម្រិតណា តើវាអស្ចារ្យប៉ុណ្ណោះដែលមានគ្នាជាគ្រួសារ តើពួកគេស្រឡាញ់គ្នាប៉ុនណា និងតើពួកគេដឹងគុណប៉ុនណាសម្រាប់អ្វីៗដែលពួកគេបានធ្វើឲ្យគ្នាទៅវិញទៅមក។ ពាក្យងាយៗអំពីការឲ្យតម្លៃទាំងអស់នេះអាចធ្វើឲ្យគ្រួសារមួយកាន់តែខ្លាំងក្លា។ ការឱប និងថើបក៏អាចជួយដល់រឿងនេះយ៉ាងអស្ចារ្យផងដែរ។ 

៩- ការធ្វើដំណើរកម្សាន្ត
ការធ្វើដំណើរកម្សាន្តជាមួយគ្រួសាររបស់អ្នកគឺជាទម្លាប់ដ៏អស្ចារ្យដែលត្រូវមាន។ ការដែលបានឃើញអ្វីៗដែលថ្មី ការទៅលេងកន្លែងថ្មីៗ និងការដែលទទួលបាននូវអារម្មណ៍ថ្មីប្លែកគឺនាំឲ្យមនុស្សកាន់តែជិតស្និទ្ធនឹងគ្នា។ សាកល្បងធ្វើដំណើរកម្សាន្តធំឲ្យបានម្តងក្នុងមួយឆ្នាំ។ ប្រសិនបើអ្នកអាច ក៏គួរដើរលេងដំណើរកម្សាន្តតូចៗឲ្យបានញឹកញាប់ផងដែរ។ ទៅលេងសាច់ញាតិនៅភូមិដ្ឋានក្បែរគ្នា ទៅផ្ទះក្បែរមាត់បឹងរបស់អ្នករាល់ចុងសប្តាហ៍ ឬ ទៅបោះជុំរុំឲ្យបានពីរបីថ្ងៃ។ល។

 

១០- ស្រឡាញ់គ្នាទៅវិញទៅមក
វាប្រហែលស្តាប់ទៅដូចជាប្រត្យក្សពេក ប៉ុន្តែក្តីស្រឡាញ់គឺជាទម្លាប់មួយ ដែលអ្នកត្រូវតែអភិវឌ្ឍ និងហ្វឹកហ្វឺន។ ត្រូវរៀនពីរបៀបអត់ធ្មត់ នៅពេលកូនៗរបស់ធ្វើឲ្យធ្លាក់បែករបស់របរ ប្តីរបស់អ្នកមិនបានកត់សម្គាល់ឃើញម៉ូតសក់ថ្មីរបស់អ្នក ប្រពន្ធរបស់អ្នកមិនចង់មើលរឿងបែបវាយតប់ជាមួយអ្នក ឬឪពុកម្តាយរបស់អ្នកហាមអ្នកមិនឲ្យដើរក្រៅ។ល។ ត្រូវចងចាំពីគុណតម្លៃដ៏ល្អរបស់ពួកគេ និយាយទៅកាន់ពួកគេអំពីក្តីកង្វល់របស់អ្នក និងត្រូវមានការដឹងគុណ ដែលអ្នកមានពួកគេ៕

adverise with khmeread

មតិយោបល់