adverise with khmeread 41d9cb30 b606 4d52 9df6 c434bfff8360

ប្រមូល​ក្មេង​ទំនើង​២៨​នាក់​បង្ហោះ​ម៉ូតូ​មក​អប់រំ​

    បាត់ដំបង ៖ ប៉ូលិស​ខេត្តបាត់ដំបង បាន​បង្ក្រាប​ក្រុម​ក្មេង​ទំនើង២៨​នាក់​និង​ប្រមូលយក​ម៉ូតូ​ជាង​១០​គ្រឿង ដែល​បង្ហោះ​ម៉ូតូ​បង្ក​យ៉ាង​អនាធិបតេយ្យ នៅ​ព្រលាន​យន្ដ​ខេត្ត​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៦​នេះ ដោយ​ធ្វើការឃាត់ខ្លួន នាំទៅ​ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង ដើ​ម្បី​ធ្វើការអប់រំ​ណែនាំ រួច​ប្រគល់ឱ្យ​អាណា​ព្យា​ល​បាល​ទទួល​យកទៅ​អប់រំ​បន្ថែមទៀត។​

    គួររំលឹកថា ក្មេងស្ទាវ​ប្រុស​ស្រី​ចំនួន​៣៨​នាក់​ត្រូវបាន​ប៉ូលិស​ខេត្តបាត់ដំបង​ប្រមូល​ឃាត់ខ្លួន​នា​យប់​ថ្ងៃទី២៩ ឈានចូល​ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ ២០១៦ កន្លងទៅនេះ​នៅតាម​សួន​សាធារណៈ​ក្នុង​ក្រុង​បាត់ដំបង ដោយសារតែ​ពួកគេ​មិន​ចូល​ផ្ទះ​ហើយ​ពពាក់ពពូន​ដោយ​ញី​ដោយ​ឈ្មោល​មិនចេះ​ខ្មាស់​គេ ហើយ​ក្នុងចំណោម​ក្មេងស្ទាវ​៣៨​នាក់​ប៉ូលិស​បានធ្វើ​តេស្ត​ទឹកនោម​រកឃើញ​២០​នាក់​បាន​សេព​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា អនុវត្តតាម​មតិ​ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង ក្រុម​បង្ការ​បង្ក្រាប​របស់​ស្នងការដ្ឋាន បាន​ចុះ ល្បាត​តាម​សួន​សាធារណៈ​ក្នុង​ក្រុង​បាត់ដំបង នាំខ្លួន​ក្រុម​ក្មេង ប្រុស​ស្រី​ចំនួន ៣៨ នាក់ ដែល​ដើរ​លេង​យប់​មិន​ចូល​ផ្ទះ ពពាក់ពពូន​តាម​ទីសាធារណៈ ក្នុងនោះ​ប្រមូលបាន​ម៉ូតូ​ចំនួន ១១ គ្រឿង​ផងដែរ យកមក​អប់រំ​ណែនាំ ហើយ​ប្រគល់ឱ្យ​អាណាព្យាបាល​អប់រំ​បន្ត។​

    កន្លងទៅ​ក្រុម​ក្មេង​ដែល​ដើរ​លែង​យប់​មិន​ចូល​ផ្ទះ​តែង​បង្ក​នូវ​ការរំខាន​ផ្សេងៗ ដូចជា​ការ ជិះ​ម៉ូតូ​បន្លឺសម្លេង​ខ្លាំងៗ រំខាន​ដល់​ការ​សម្រាក​របស់​ប្រជាពលរដ្ឋ​នៅតាម​ផ្លូវ ឈ្លោះប្រកែក វាយតប់ ឬ​ដេញ​កាប់​ចាក់​គ្នា បង្ក​ភាពអនាធិបតេយ្យ​ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន។​

    ក្នុងចំណោម ក្មេងៗ ដែល​នាំមក​សាកសួរ​នាពេលនេះ​បាន​ពិនិត្យ​រកសា​ធាតុ​ញៀន ឃើញ​សញ្ញាណ វិជ្ជមាន​ចំនួន ២០ នាក់ ដែល​នេះ​គឺជា​ការព្រួយបារម្ភ​រប​ស់​សមត្ថកិច្ច​និង​អាណាព្យាបាល​ទាំងអស់គ្នា។​

    ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង សូម​អំពាវនាវ​ដល់​មាតាបិតា និង​អាណាព្យាបាល​ទាំងអស់ មេត្តា​តាមដាន​អំពី​សកម្មភាព​របស់​កូន​ពួកគាត់ ធ្វើការ អប់រំ​ណែនាំ​កូនចៅ​ឱ្យ​បានល្អ និង​សូមមេត្តា​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ក្នុងករណី​ដែល​សង្ស័យថា​កូន ចៅ​របស់ខ្លួន​មាន​សកម្មភាព​មិនល្អ ដើម្បី​រក​វិធានការ​ទប់ស្កាត់ ចៀស វាង​ធ្លាក់​ចូលទៅក្នុង​សកម្មភាព​ល្មើសច្បាប់​ណាមួយ​ដោយ​មិនដឹង​ខ្លួន។​

    ទន្ទឹម​នោះដែរ កាលពី​ថ្ងៃទី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦​ វេលា​ម៉ោង ២ រំលង​អា​ធ្រា​ត្រ​ប៉ូលិស​ខេត្តបាត់ដំបង  ធ្លាប់បាន​ប្រមូល​ក្រុម​ក្មេង​ទំនើង​ដែល​ពពាក់ពពូន នៅតាម​សួនច្បារ​សាធារណៈ​ក្នុង​ក្រុង​បាត់ដំបង ក្នុង​វេលាយប់​រំលង​អា​ធ្រា​ត្រ​មិន​ចូល​ផ្ទះសម្បែង​ចំនួន ៤១ នាក់ ​(​ស្រី​៨​នាក់​) ​រួមទាំង​ម៉ូតូ​ចំនួន ២២ គ្រឿង​ត្រូវបាន​នាំយកមក​ស្នងការដ្ឋាន​ប៉ូល​ស​ខេត្តបាត់ដំបង​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​បន្ត។ បន្ទាប់មក​ប្រគល់ឱ្យ​អាណាព្យាបាល​ពួកគេ​អប់រំ​បន្ត៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់