adverise with khmeread 01

ដឹងថា ឆ្នាំ២០១៥ K-Pop កូរ៉េ មានរឿងអាស្រូវអ្វីខ្លះ?

            រឿងរ៉ាវក្នុងពិភព K-Pop របស់​កូរ៉េ​ដែល​មាន​តាំងពី​ការលួច​រៀបការស្ងាត់ៗ បញ្ហា​អំឡុងពេល​ប្រគំតន្ត្រីនិង​ការចាកចេញរបស់​តារា​ចម្រៀង​ ​ទំនាក់ទំនង​ស្នេ​ហា​លួចលាក់​​របស់​តារា​ល្បីៗក្នុងឆ្នាំ​២០១៥។ ក្រុម​ចម្រៀង​ជា​ច្រើន​បានបាត់បង់​សមាជិក​ សមាជិក​ចាស់ខ្លះ​ត្រឡប់​មកវិញ ហើយ​តារា​ល្បីខ្លះ​បាន​ផ្លាស់ប្តូរអាជីព​ពីច្រៀង​ទៅ​សម្តែង​។ មិនថា ការផ្លាស់ប្តូរក្លាយជារឿងល្អឬអាក្រក់នោះទេ ចូរក្រ​ឡេក​មើល​រឿងអាស្រូវធំៗទាំង១០​​ក្នុងពិភព​ K-Pop របស់​កូរ៉េ​ក្នុងឆ្នាំ​២០១៥។

១០. ក្រុម​ចម្រៀង Girl`s Day ពាក់ព័ន្ធរឿងដំណាប់ផ្លែឈើ​មួយកញ្ចប់

          ក្រុមចម្រៀង Girl`s Day កំពុងតែ​ចាប់ផ្តើម​បាន​យ៉ាងល្អ ដើម្បី​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ចម្រៀងស្រីកំពូល​ៗផ្សេងទៀត នៅពេល​​ភ្លាមៗនោះ ពួកគេបាន​ក្លាយ​ជា​គោលដៅ​នៃភាពចម្រូងចម្រាសទៅវិញ ហើយតាមចោទថា ដោយសារ​តែកាយវិកាមិនសមរម្យ​​របស់ពួកគេ អំឡុងកម្មវិធី​ជជែក​កម្សាន្ត “Koon TV” ។

          ក្រុមចម្រៀងនេះ​ត្រូវបានគេចោទប្រកាន់ថា មានឥរិយាបថមិនសមរម្យ និង​​​បង្ហាញភាព​សោះកក្រោះ​នៅពេល​ឆ្លើយតបនឹងសំណួរ​របស់ពិធីករ។

          ឈុតដែលគេផ្សព្វផ្សាយជា​ទូទៅគឺឧប្បត្តិហេតុពាក់ព័ន្ធនឹង​ដំណាប់​ផ្លែឈើ​មួយកញ្ចប់ នៅពេល​ដែល សូជីន (Sojin) ដាក់បញ្ចប់ប្រហិតនៅលើ​ឥដ្ឋម្តង​ហើយ​ម្តងទៀត ខណៈ​ពេល​ពិធីករ គូន រើសដាក់លើតុ។

          អ្នកនិយមអ៊ីនធើណិតខ្លះ បានចោទប្រកាន់​ សូជីន ថា ឈ្លើយ ខណៈ​ពេល​អ្នក​ខ្លះ​ទៀត​ចេញមកការពារ​ ដោយនិយាយថា វាជារឿងតូចតាច។ ក្រោយមក លោក គូន បានពន្យល់ថា លោកនិង​ក្រុម​ចម្រៀង Girl`s Day គ្រាន់តែលេង​សើច​ច្រើន​ជា​មួយគ្នាតែប៉ុណ្ណោះ។

៩. ស៊ុលលី សមាជិកក្រុម f(x) និង តាវ សមាជិកក្រុម EXO ចាក​ចេញ​ពី​ក្រុម​ហ៊ុន​

          ឆ្នាំ២០១៤ សម្បូរដោយតារាចម្រៀងដែលចាកចេញពី​ក្រុមហ៊ុន SM Entertainment ហើយ​ឆ្នាំ​២០១៥ ក៍មិនខុសគ្នាដែរ។ តារាចម្រៀងស្រី ស៊ុលលី (Sulli) ដំបូងឡើយ​បាន​សុំសម្រាក​ពី​ក្រុម f(x) កាលពីខែកក្កដាឆ្នាំ​២០១៤ ដើម្បី​​ដោះស្រាយជាមួយនឹងការអត្ថាធិប្បាយ​បែប​ព្យាបាទផ្សេងៗ។ នៅ​ឆ្នាំ​២០១៥ ទី​បំផុត នាង​ប្រកាស​ថា នាងនឹង​ចាកចេញពីក្រុម​ចម្រៀង​នេះ ដោយអះអាងថា នាងចង់​ផ្តោតការយកចិត្តទុកដាក់លើ​អាជីពសម្តែងវិញ។

          មិនដូចជា​ការចាកចេញដ៏រញ៉េរញ៉ៃរបស់ តាវ (Tao) ពីក្រុមចម្រៀង EXO ក្រុម​ហ៊ុន SM Entertainment បានអះអាងថា ពួកគេគាំទ្រ ស៊ុលលី ពេញទំហឹង​ក្នុង​ការ​ស្វែងរកសកម្មភាព​សម្តែងនាពេលអនាគត។

          ក្រុមចម្រៀង f(x) មិនមែនជា​ក្រុម​ចម្រៀងតែមួយគត់​ដែលជួបបញ្ហា​បាត់​បង់​សមាជិកនោះទេ។ បន្ទាប់ពី​ការចាកចេញរបស់ គ្រីស (Kris) និង​ លូហាន (Luhan) ពីក្រុមចម្រៀង EXO តាវ សមាជិកមកពីចិន បានប្តឹង​ក្រុម​ហ៊ុន SM ដើម្បីលុបចោលកិច្ចសន្យា​របស់ខ្លួន។

          តាវ រងរបួស​ជើង កជើងនិងប្រអប់ជើង​ជា​បន្តបន្ទាប់ដែល​ក្រុមហ៊ុន SM ខក​ខាន​មិនបាន​ព្យាបាល​ឲ្យបាន​សមស្រប។ ឆ្លើយតបនឹងបញ្ហានេះ ឪពុក​របស់ តាវ បាន​បង្ហោះសារមួយ​តាម​ប្រព័ន្ធអ៊ីនធើណិត ដែលក្នុងនោះលោកសរសេរថា លោកត្រូវនាំ តាវ មកព្យាបាល​នៅ​ប្រទេសចិន។

៨. ការបង្កើតគ្រួសារស្ងាត់ៗរបស់ អេលី (Eli) សមាជិក​របស់ក្រុម U-Kiss

          រឿងទំនាក់ទំនង​ស្នេហា​កើតមានជាទូទៅ​ ទៅហើយ​នៅក្នុង​ពិភព​ K-Pop ប៉ុន្តែ​រឿងរៀបការនេះដូចជា​មិនសូវឮទេ។ កាលពីថ្ងៃទី​០៤​ខែធ្នូ អេលី សមាជិក​របស់​ក្រុម U-Kiss បា​នបង្ហើបប្រាប់តាមរយៈ​បណ្តាញសង្គម Instagram ថា លោក​​បាន​លួចរៀបការស្ងាត់ៗកាលពីមួយឆ្នាំមុន ហើយ​ថា បច្ចុប្បន្ន​ភរិយា​របស់​លោក​មាន​ផ្ទៃពោះហើយ។

          មានប្រតិកម្មចម្រុះជុំវិញ​ការសារភាព​របស់​ អេលី ដោយអ្នកខ្លះ​គាំទ្រ​ ហើយ​​អ្នក​ខ្លះទៀត​មានអារម្មណ៍​ត្រូវបាន​គេក្បត់ចិត្ត។ បើទោះបី​សមាជិក​ទាំង​អស់​របស់​ក្រុម​ U-Kiss គាំទ្រពេញទំហឹងក៏ដោយ ទីបំផុតមួយសប្តាហ៍​ក្រោយ អេលី បានលុបចោល​គណនី​បណ្តាញសង្គម​របស់​ខ្លួន ​។

៧. ដំណើរសម្តែង​របស់ក្រុម​ចម្រៀង BTS នៅអាមេរិក

          តើលោកអ្នកមានអារម្មណ៍​បែប​ណា​ ប្រសិន​បើ​ក្រុម​ចម្រៀង​ប៉ប​ជាទី​ពេញ​និយម​របស់អ្នក​មក​សម្តែងនៅទីក្រុងរបស់អ្នក? ប្រាកដជាអណ្តែងអណ្តូង។ ក្រុម​អ្នក​គាំទ្រ​របស់ក្រុម​ចម្រៀង BTS ប្រាកដជា​មាន​អារម្មណ៍​បែបនេះ នៅពេល​ពួក​គេឮថា ក្រុម​ចម្រៀង​នេះនឹងធ្វើដំណើរទៅកាន់​អាមេរិកសម្រាប់​ដំណើរ​សម្តែង​នៅ​អាមេរិក។

          អកុសល ការប្រគំតន្ត្រីដែលមានការរៀបចំអន់​ បានធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត។ អ្នក​គាំទ្រ​ដែល​មាន​សំបុត្រត្រឹមត្រូវ​មិនអាចចូល​ទស្សនាបាន​ ហើយ​ត្រូវ​ឈរ​កណ្តាលភ្លៀង ថ្លៃសំបុត្រមិនត្រូវបានគេសង បុគ្គលិករៀបចំ​ការប្រគំន្ត្រី​នេះ​មានឥរិយាបថឈ្លើយចំពោះអ្នក​គាំទ្រ ហើយជំនួបជាមួយអ្នក​គាំទ្រ​ក៏ត្រូវគេកាត់​បន្ថយ។

          ការឈប់សំចតដំបូង​របស់​ក្រុម​ចម្រៀងនេះនៅ​ទីក្រុងញូវយ៉កសម្រាប់​ដំ​ណើរសម្តែង “Red Bullet Tour” មិនបានដំណើរការរលូនដូចការគ្រោងទុក​ទេ ហើយ​ក្រុម​ចម្រៀងនេះ ត្រូវលុបចោល​កម្មវិធីសម្តែង​ដោយ​សារតែ​ការគំរាម​សម្លាប់។

៦. ផាក បុម (Park Bom) បង្ហាញមុខក្នុងកម្មវិធី MAMA 2015

          បើទោះបីជាការវិលត្រឡប់​មកកាន់ឆាកសម្តែងរបស់ ផាក បុម នៅក្នុង​កម្មវិធី 2015 MAMA មិន​ត្រូវ​បាន​អ្នក​គាំទ្រចម្រៀងប៉ប់កូរ៉េអន្តរជាតិ​ភាគច្រើន​ចាត់ទុកជា​រឿងអាស្រូវក៏ដោយ ក៏​ជនជាតិកូរ៉េមានប្រតិកម្មខុសៗគ្នា។​

          ចាប់តាំងពី​រឿងអាស្រូវ​ប្រើ​ប្រាស់ថ្នាំញៀន​របស់​ ផាក ប៊ុម និង​ការ​បាត់មុខ​ជា​បន្តបន្ទាប់ពី​ឧស្សាហកម្មចម្រៀងកាលពី​ឆ្នាំ​២០១៤ ធ្វើឲ្យ​ជនជាតិកូរ៉េ​មាន​ទស្សនអវិជ្ជមាន​ចំពោះ​ ផាក បុម។ ដូច្នេះ​នៅពេលនាង​បង្ហាញមុខនៅលើ​ឆាក​សម្តែង​នៅក្នុងកម្មវិធី​ប្រគល់ពានរួមជាមួយ​ក្រុមចម្រៀង 2 NE1 អ្នក​និយម​អ៊ីន​ធើណិត​កូរ៉េសម្តែងការភ្ញាក់ផ្អើល​ ហើយមាន​ចម្ងល់ថា តើហេតុអ្វីបាន​ជា​នាង​វិលត្រឡប់មកវិញឆាប់​រហ័សយ៉ាងនេះ។​

៥. បណ្តឹងបៀតបៀនកេរ្តិ៍ភេទ​របស់ ក្លារ៉ា (Clara)

          កាលពីខែ​មករា ក្លារ៉ា បានប្តឹង​ដើម្បីលុបកិច្ចសន្យា​របស់នាង​ជាមួយ​ក្រុម​ហ៊ុន Polaris Entertainment ដោយចោទប្រកាន់​នាយក​ប្រតិបត្តិ​របស់ក្រុម​ហ៊ុន​នេះពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស់។

          ហេតុការណ៍​នេះ បាន​ក្លាយជា​រឿងអាស្រូវមួយ​ក្នុង​ចំណោម​រឿង​អាស្រូវ​ដ៏​អូសបន្លាយប្រចាំឆ្នាំនេះ ហើយ​ទស្សនរបស់សាធារណជនចាប់ផ្តើម​ប្តូរ​ពី​ការគាំ​ទ្រ​ ក្លារ៉ា ទៅគាំទ្រ​នាយ​ប្រតិបត្តិ​រូបនោះវិញ។

        បន្ទាប់ពី​ ក្លារ៉ា ដាក់ពាក្យបណ្តឹងរបស់នាង  នាយក​ប្រតិបត្តិ​រូបនេះ​បាន​ចោទ​ប្រកាន់​ ក្លារ៉ា ពីបទគំរាម​យក​យក​ប្រាក់។

៤. ជំនួបជាមួយអ្នក​គាំទ្រ​នៅម៉ាឡេស៊ី​របស់​ក្រុម​ចម្រៀង B1A4

          ជំនួបជាមួយក្រុមអ្នក​គាំទ្រ​របស់ក្រុម​ចម្រៀង B1A4 កាលពីខែ​មករា គឺជា​រឿង​អាស្រូវដ៏ធំ​លើកដំបូង​ប្រចាំឆ្នាំ​២០១៥។ អំឡុងជំនួ​ប​ជាមួយអ្នក​គាំទ្រនៅ​ម៉ាឡេស៊ី ទស្សនិកជន​៥នាក់ត្រូវបានអញ្ជើញ​ឲ្យ​ឡើង​លើ​ឆាក ដើម្បី​ធ្វើត្រាប់​តាម​ឈុត​ខ្លះ​ដកស្រង់ពីរឿងភាគ ដែលសមាជិក​របស់ក្រុម​ B1A4 សម្តែង។​

          បើទោះបីជា​នារីៗមើលទៅហាក់ដូចជា​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​បាន​ឡើង​ឆាក​ជាមួយនឹង​អាយដូល​ជាទី​ពេញចិត្តរបស់ខ្លួន​ សាធារណជន​បាន​រិះ​គន់​ពួកគេថា មិនបានរៀបចំខ្លួន​ឲ្យ​ស័ក្តិសម្យ​តាមជំនឿ​សាសនា​ដោយ​នាំគ្នា​ឱប​សមាជិក​ក្រុមចម្រៀង B1A4។

          បន្ទាប់ពី​មានរឿងចម្រូងចម្រាស់នេះ អាជ្ញាធរម៉ាឡេស៊ី​បាន​ហាម​ឃាត់​កម្មវិធី​សម្តែង​បន្ថែម​ទៀត​នៅ​ប្រទេសនេះ ហើយ​ថែមទាំង​គំរាម​ចាប់ខ្លួន​នារីៗ​ទាំង​នោះ ប្រសិន​បើពួកគេមិន​ចេញមកពន្យល់​ចំពោះមុខសមត្ថកិច្ច។ ប៉ុន្តែ​ទីបំ​ផុត​ គ្មាន​វិធាន​ការបែបនេះកើតឡើងទេ។

៣. លី ថែអ៊ីម និង យែវ៉ន់ (Lee Tae Im and Yewon)

          កាលពីខែមីនា ខណៈ​ពេល​ថតកម្មវិធីជជែកកម្សាន្តមួយ គេនិយាយថា លី ថែអ៊ីម បានជេរនិង​ស្រែក​គំហកដាក់ យែវ៉ន់ ដោយសារតែ​និយាយស្តីផ្តេស​ផ្តាស់​ដាក់នាង។

          ទោះបីជា​យ៉ាងណា ដំបូងឡើយ ទីភ្នាក់ងារ​របស់ យែវ៉ន់ បាន​បដិសេធ​ថា នាង​មិនបាន​និយាយមិនសមរម្យ​នោះទេ ដែលធ្វើឲ្យ​អ្នក​យក​ព័ត៌មានភាគច្រើន​បន្ទោស លី ថែអ៊ីម ដោយ​លើកឡើងថា នាងហាក់ដូចជា​មានប្រតិកម្មជ្រុល។

២. តារាចម្រៀងស្រី អាយយូ (IU) ទាក់ទិនរឿងស្នេហា ការចេញ​អាល់ប៊ុមនិងការ​លួចគំនិតស្នាដៃ​របស់អ្នក​ដទៃ

          តារាចម្រៀងស្រីកូរ៉េ អាយយូ បានធ្វើឲ្យមាន​ការចាប់អារម្មណ៍​ខ្លាំង​ក្នុង​ឆ្នាំ​២០១៥​ ហើយ​មិនមែនមានតែមួយលើកនោះទេ ប៉ុន្តែ​មាន​រឿងអាស្រូវ​រហូតដល់​ទៅ​បីដង​ក្នុង​រយៈ​ពេល​ដ៏ខ្លី ដោយ​ធ្វើឲ្យ​នាងក្លាយជា​តារាចម្រៀងម្នាក់ជាប់​ចំណាត់ថ្នាក់​កំពូល​​​ ពាក់ព័ន្ធនឹងរឿងអាស្រូវ។

          ដំបូង មានការបង្ហើបប្រាប់ថា នាង​ទាក់ទងជាមួយតារា​ចម្រៀង​និងជាអ្នក​សរ​សេរបទចម្រៀង Jang Ki Ha។ មិនដល់មួយខែ​ក្រោយ អ្នក​និយម​អ៊ីនធើណិត​ចាប់​ផ្តើម​រិះគន់អាល់ប៊ុម “CHAT- SHIRE” របស់នាងថា ​មាន​ខ្លឹម​សារ​បែប​អាស​អាភាសដោយសាតែទំនុក​ចម្រៀង “Zeze” ។ ក្រៅពីនេះ អ្នក​និយម​អ៊ីនធើ​ណិត​ក៏​បាន​ចោទប្រកាន់ អាយយូ ថា បាន​លួចគំនិតស្នាដៃរបស់ ប៊្រីតនី ស្ពៀ (Britney Spears) ដែលធ្វើឲ្យ​ អាយយូ កាន់តែជាប់ផុងក្នុងរឿងចម្រូងចម្រាស។

១. គីម យ៉ន់ជូង (Kim Hyun Joong) និង អតីតមិត្តស្រី

          ឈ្មោះរបស់តារាភាព​យន្ត គីម យ៉ន់ជូង បានជាប់ពាក់ព័ន្ធនឹង​រឿង​អាស្រូវ​ ចាប់តាំងពី​លោកត្រូវបានចោទប្រកាន់​ថា បាន​ធ្វើបាបអតីតមិត្តស្រី​របស់លោក​កាលពីឆ្នាំ​២០១៤។ នៅឆ្នាំ២០១៥នេះ តារាចម្រៀងនិងជាតារាភាព​យន្តរូបនេះ​បាន​ជាប់​ពាក់ព័ន្ធនឹងរឿងដ៏ចម្រូងចម្រាស់មួយទៀតគឺការមានផ្ទៃពោះ​របស់​អតីត​មិត្តស្រី។

          ដំបូងឡើយ​ គីម យ៉ន់ជូង អះអាង​ថា លោក​នឹងទទួល​ខុសត្រូវ ប្រសិន​បើ​មាន​ការបញ្ជាក់ថា ការមានផ្ទៃពោះនេះពិតប្រាកដ​ ប៉ុន្តែ​បញ្ហា​និងជម្លោះជា​ច្រើន​នៅតែ​បន្តកើតមាន ដែលឈាន​ដល់ការដាក់ពាក្យបណ្តឹងនិងការប្តឹងតប ការ​លើកឡើងពី​ការរលូតកូន ជាដើម​។​

          ព័ត៌មានចុងក្រោយបំផុតនេះគឺទាំង គីម យ៉ន់ជូង និង​អតីតមិត្តស្រីរបស់​លោក បាន​ចូល​ទៅមណ្ឌល​វេជ្ជសាស្ត្រក្នុងក្រុងសេអ៊ូល ដើម្បី​ធ្វើតេស្ត​ ហើយ​ការ​ធ្វើតេស្តនេះ ដើម្បី​រកឲ្យ​ឃើញ​ថាតើ​ គីម យ៉ន់ជូង គឺជា​ឪពុក​របស់ទារកនៅក្នុង​ផ្ទៃ​របស់អតីតមិត្តស្រីលោកមែនឬយ៉ាងណា។ លទ្ធផល​ដែល​ត្រូវបានចេញ​ផ្សាយ​​កាលពីថ្ងៃទី​២១​ខែ​ធ្នូ​បង្ហាញថា តាមពិត គីម យ៉ន់ជូង គឺ​ជា​ឪពុក​របស់ក្មេង​នោះមែន។

            អតីតមិត្តស្រីរបស់ គីម យ៉ន់ជូង បាន​អះអាងថា នាងធ្លាប់​មាន​ផ្ទៃពោះ​រហូត​ដល់​ប្រាំដង អំឡុង​ទំនាក់ទំនងស្នេហារយៈ​ពេល​ពីរឆ្នាំជាមួយ គីម៕

adverise with khmeread

មតិយោបល់