កណ្តាល ៖ មានករណីបុរសម្នាក់គាំងបេះដូងស្លាប់នៅចំណុច មុខចេតីយិ៍ក្នុងវត្តប្រជុំនទីក្រពើហារ ភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាលនាថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៦វេលាម៉ោង០៧ និង១០នាទី។
ប៉ូលិសនិយាយថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៥០ឆ្នាំ សម្បុរខ្មៅស្រអែម មានដុះពុកមាត់ និងពុកចង្កា ស្លៀកខោខ្លីពណ៌ឆ្នូតក្រឡាកំពស់១៦៥សង់ទីម៉ែត្រ ពាក់អាវដៃខ្លី ពណ៌ស ចំហរឡេវ (ជនអនាថា)។ ក្បែរសាកសពបន្សល់នូវដបទឹកសុទ្ធកន្លះលីត្រច្រកស្រាថ្នាំនៅសល់ប្រហែល១/៣ នៃដប និងឈើមូលប៉ុនកដៃប្រវែង១ម៉ែត្រឈើសំរាប់ជនរងគ្រោះកាន់ច្រត់ដើររាល់ថ្ងៃ។
ប៉ូលិសបន្តថា មុនពេលកើតហេតុតាមការបំភ្លឺរបស់ព្រះសង្ឃឈ្មោះ ថេង សុខថា គង់ នៅក្នុងវត្តក្រពើហា បានបំភ្លឺប្រាប់ថា ជនរងគ្រោះខាងលើជានអនាថា គ្មានសាច់ញាតិ បានមកដេកស្នាក់នៅមុខចេតីយ៍ក្នុងវត្តជារៀងរាល់ថ្ងៃ ដើម្បីសុំទានយកលុយពីពុទ្ធបរិស័ទ ជាមនុស្សញៀនស្រាមិនដែលឃើញហូបបាយហូបទឹកនោះទេ។
រហូតមកដល់ថ្ងៃកើតហេតុខាងលើ បានឃើញគាត់ដេកដូចសព្វមួយដង តែគាត់ដេកមិនក្រោកក៏បាននាំគ្នាទៅមើលទើបដឹងថាស្លាប់ ហើយបានរាយការណ៍ ជូនសមត្ថកិច្ចជំនាញក្រុងតាខ្មៅ ចុះមើលពិនិត្យកន្លែងកើតហេតុ និងសាកសពឃើញថា ពុំមានស្លាកស្នាមអ្វីគួរឱ្យ កត់សំគាល់ឡើយ។
ក្រោយពីពិនិត្យចប់ ជនរងគ្រោះពិតជាបានស្លាប់ដោយសារខ្យល់គ ប្រាកដមែន។ សាកសពត្រូវបានប្រគល់ជូន លោកមេភូមិក្រពើហារ ដើម្បី រៀបចំចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕
