Good at negotiating

នេះគឺជាមូលហេតុដែលមនុស្សមួយចំនួនពូកែខាងចរចា

តើអ្នកយល់ឃើញយ៉ាងដូចម្តេចចំពោះការចរចា? តើអ្នកចាត់ទុកវាគួរឲ្យខ្លាច និងគួរឲ្យហត់នឿយ? តើអ្នកធ្លាប់ជួបកំពូលអ្នកចរចាដែលមានជំនាញធ្វើឲ្យខ្លួនទទួលបានអ្វីដែលចង់បានដែរឬទេ? តើជំនាញអ្វីដែលអ្នកគិតថា កំពូលអ្នកចរចាត្រូវមានចាំបាច់? 

ការចរចាដ៏អស្ចារ្យនាំឲ្យភាគីទាំងអស់ពេញចិត្តពេញថ្លើមគ្រប់ៗគ្នា ហើយនេះគេហៅថាស្ថានភាពឈ្នះៗ។ ដើម្បីធ្វើការចរចាឲ្យបានល្អគឺត្រូវដឹងពីអ្វីដែលមនុស្សចង់បាន និងផ្តល់វាដល់ពួកគេ។ ការដឹងច្បាស់ពីរឿងបែបនេះអាចនាំទៅដល់ការយល់អំពីអារម្មណ៍ផ្សេងៗនៅជុំវិញការទាមទាររបស់ពួកគេ។ ហេតុនេះហើយបានជាមនុស្សពូកែចរចាអាចលក់នំបឺហ្គ័រមួយដុំឲ្យអ្នកក្នុងតម្លៃ ២០ ដុល្លារ ក៏អ្នកនៅតែពេញចិត្តនឹងទិញវាទៀត។ ខាងក្រោមនេះគឺជាហេតុផលដែលមនុស្សមួយចំនួនពូកែខាងចរចា។ 

១- ពួកគេស្មោះត្រង់
អ្នកត្រូវតែធ្វើឲ្យគ្រប់ភាគីទាំងអស់ជឿជាក់លើអ្នក។ មនុស្សភាគច្រើនយល់ច្រឡំថា អ្នកចរចាដ៏អស្ចារ្យគឺជាមនុស្សកុហក ក្បាលរឹង និងកាច។ ប៉ុន្តែរឿងទាំងអស់នេះមិនពាក់ព័ន្ធនឹងអ្នកចរចាដ៏អស្ចារ្យនោះទេ។ ផ្ទុយមកវិញ ពួកគេដឹងពីរបៀបធ្វើឲ្យមនុស្សមានអារម្មណ៍ស្រួលចិត្តក្នុងការទាមទារអ្វីដែលពួកគេត្រូវការ និងទទួលបានអ្វីដែលពួកគេចង់បាន។ ការមានភាពស្មោះត្រង់មិនមែនបានន័យថា ពួកគេនិយាយតែមាត់ទទេរនោះទេ តែពួកគេផ្តោតសំខាន់លើការធ្វើឲ្យគ្រប់ភាគីមានភាពជឿជាក់ក្នុងដំណើរការចរចា។ 

២- ពួកគេពូកែយល់ចិត្តគេ
ការពិតគឺថាកំពូលអ្នកចរចាគឺជាមនុស្សចេះខ្លាចក្រែងគេឯង និងពូកែយល់ចិត្តគេណាស់។ ពួកគេផ្តោតសំខាន់ទៅលើអារម្មណ៍របស់ភាគីនីមួយៗមុនផ្តោតទៅលើហេតុផលរបស់ភាគីចរចា។ តាមរយៈការផ្តោតទៅលើអារម្មណ៍របស់មនុស្សដូច្នេះហើយ ទើបពួកគេចេះមានភាពទន់ភ្លន់ និងដាក់ខ្លួន។ ជំនាញនេះក៏អាចជួយសម្រាលមន្ទិលសង្ស័យ និងភាពមិនកក់ក្តៅរបស់មនុស្សអំពីការទទួលបានការចរចាដែលស្មើភាព ឬ ការទទួលបាននូវអ្វីដែលពួកគេចង់បានផងដែរ។ 

៣- ពួកគេពូកែយកចិត្តទុកដាក់
ពួកគេមានភាពអស្ចារ្យណាស់ខាងការយកចិត្តទុកដាក់ និងសួរសំណួរ។ ពួកគេសួរសំណួរណាដែលធ្វើឲ្យធ្លាយចេញចម្លើយច្បាស់លាស់ និង ប្រាកដប្រជា។ ការរៀនសួរប្រភេទសំណួរបើកបែបនេះគឺតម្រូវឲ្យមានការអនុវត្ត។ ប៉ុន្តែការធ្វើដូច្នេះអនុញ្ញាតឲ្យពួកគេស្តាប់បានល្អប្រសើរ និងដឹងបានច្រើនអំពីអ្វីដែលជម្រុញឲ្យលេចឡើងនូវការទាមទារ និងសំណើរបស់ភាគីចរចា។ ពួកគេអាចដឹងពីអ្វីដែលជម្រុញឲ្យភាគីផ្សេងធ្វើការទាមទារនូវអ្វីដែលពួកគេចង់បាន ព្រោះពួកគេជាមនុស្សពូកែយកចិត្តទុកដាក់ និងសួររកអ្វីដែលភាគីទាំងនោះចង់បានចំៗ។

៤- ពួកគេត្រៀមខ្លួនបានល្អ
អ្នកពូកែចរចាដឹងច្បាស់ថាពួកគេឆ្ពោះទៅគោលដៅណា និងនរណាដែលពួកគេដោះស្រាយជាមួយ។ ពួកគេដឹងថា មនុស្សមិនមែនគ្រាន់តែធ្វើការសម្រេចចិត្តតាមហេតុផលនោះទេ ប៉ុន្តែភាគច្រើនបំផុតពួកគេសម្រេចចិត្តតាមអារម្មណ៍ ឬដោយគ្មានសម្បជញ្ញៈ ឬ ទាំងពីរតែម្តង។ ហេតុនេះហើយបានជាកំពូលអ្នកចរចាចូលទៅចរចាម្តងៗគឺផ្តោតសំខាន់លើអារម្មណ៍របស់គូភាគីចរចា។ ពួកគេមានទិន្នន័យ ពួកគេដឹងថាជម្រើសអ្វីដែលពួកគេមានក្នុងដៃ នរណាដែលមានអំណាចចរចា និងកូនចៅនៅក្រោមឱវាទរបស់ពួកគេ។ កំពូលអ្នកចរចាភាគច្រើនមិនមែនចេះតែចូលចរចាដោយគ្មានការត្រៀមខ្លួនឲ្យបានល្អនោះទេ។ 

៥- ពួកគេពូកែតស៊ូ និងអត់ធ្មត់
អ្នកពូកែចរចាដឹងច្បាស់ថាការអត់ធ្មត់ និងការតស៊ូច្បាស់ជាហុចផលតបមកវិញ។ មនុស្សភាគច្រើនធុញទ្រាន់នឹងដំណើរការចរចានៅចំណុចខ្លះ រួចសុខចិត្តសម្រេចទទួលយកការចរចាបញ្ចប់ឆាប់ៗតែម្តង។ កំពូលអ្នកចរចាយល់ច្បាស់ពីចំណុចខ្សោយមួយនេះរបស់មនុស្សទូទៅ អ៊ីចឹងហើយបានជាពួកគេសុខចិត្តរង់ចាំ។ ពួកគេដឹងច្បាស់ថា វាច្បាស់ជាដល់ចំណុចមួយដែលមនុស្សអស់ការអត់ធន់ និងការតស៊ូ។ ការរង់ចាំអាចមានប្រសិទ្ធភាពជាងយុទ្ធសាស្ត្រ "ទទួលយកវា ឬក៏បោះបង់វាចោល"។ 

៦- ពួកគេពូកែបញ្ចុះបញ្ចូល
កំពូលអ្នកចរចាមិនមែនចេះតែយល់ព្រមទទួលយកសំណើរបស់គេដោយសារតែសម្តីនិយាយទាក់ទាញនោះទេ។ ពួកគេដឹងច្បាស់ថាអ្វីដែលពួកគេចង់បានពីការចរចា និងព្យាយាមទទួលយកវាឲ្យបាន ព្រោះពួកគេជឿជាក់លើអ្វីដែលពួកគេកំពុងស្នើសុំនោះ។ ពួកគេមានជំហរឥតងាករ៉េថាពួកគេសក្តិសមនឹងទទួលបាននូវអ្វីដែលពួកគេទាមទារហើយនឹងប្រកាន់ខ្ជាប់ចំពោះការបញ្ចុះបញ្ចូលដើម្បីឲ្យភាគីផ្សេងមើលឃើញថាហេតុអ្វីបានជាការទាមទាររបស់ពួកគេសមហេតុផល។ ជំនាញបញ្ចុះបញ្ចូលនេះអាចធ្វើឲ្យភាគីចរចាឆាប់យល់ស្របតាមការទាមទាររបស់ពួកគេយ៉ាងងាយ៕ 

ប្រភព៖ ឡាយហ៊ែក

មតិយោបល់