adverise with khmeread 882e1b32 18f9 472f ba3f cb0117534c63

ប៉ូលិស​ប៉ុស្តិ៍​បឹងកក់​ទី​២​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច​ម៉ូតូ​

    ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បឹងកក់​ទី​២​ឃាត់ខ្លួន​បន្ទាប់ពី​បុរស​រូបនេះ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ពី​ប្រធាន​ក្រុមហ៊ុន​យូ​នី​វើ​ល​ហ្ស​ល​អង្គរ​គ្រុប (U.A.G) បានសម្រេច​ហើយ​ព្យាយាម​បណ្ដើរ​ម៉ូតូ​គេចខ្លួន​ក៏​ប្រទះ​សមត្ថកិច្ច​សង្ស័យ​ហៅ​សាកសួរ​ទើប​ដឹងថា ជា​ចោរលួច​ម៉ូតូ។​

    អំពើ​លួច​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​១០ ​និង​៣០​នាទី​យប់​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​៥៩២ កែង​៣០៧ ក្រុម​៦៣ ភូមិ​១៣ សង្កាត់​បឹងកក់​២ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​២៤ ផ្លូវ​៥៨៤ ក្រុម​៥០ ភូមិ​១១ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ គង់ ជួន ហៅ​ជួន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត ភូមិ​តា​ង៉ក ឃុំតា​ង៉ក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។​

    រីឯ​ជនរងគ្រោះ ឈ្មោះ ទុយ ប៊ុន​សាម ភេទ​ប្រុស អាយុ៥៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ប្រធាន​ក្រុមហ៊ុន​យូ​នី​វើ​ល​ហ្ស​ល​អង្គរ​គ្រុប (U.A.G) ស្នាក់​នៅផ្ទះ​លេខ​២៤ ផ្លូវ​៥៨៤ ក្រុម​៥០ ភូមិ​១១ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    វត្ថុតាង​ចាប់យក​រួមមាន ម៉ូតូ​១​គ្រឿង​ម៉ាក SYM.VS150s (​កូរ៉េ​) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FJ-0808 លេខ​តួ​: 000995 លេខ​ម៉ា​ស៊ី​ន 806470 ជា​ម៉ូតូ​របស់​ជនរងគ្រោះ ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច, ទួ​រណឺ​វី​ស​ចំនួន​៤ ក្នុងនោះ ២​កែច្នៃ​ចុង​សំរាប់​ឆ្កឹះ ដង្កាប់​មួយ​កែច្នៃ​ចុង​ស្រួច​សំរាប់​កាច់ក​ម៉ូតូ ដែក​ចុង​ស្រួច​តូច​មួយ ដែក​សំប៉ែត​ចុង​ស្រួច​មួយ កូនសោ​ម៉ូតូ​មួយ និង​កូន​ពិល​តូច​មួយ។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​១០​យប់ ជនរងគ្រោះ​បាន​យក​ម៉ូតូ​ទុក​នៅ​ក្នុងផ្ទះ​របស់ខ្លួន ហើយ​បាន​ចាក់សោ​ត្រឹមត្រូវ​រួច​ចេញទៅ​ខាងក្រៅ​ផ្ទះ​ដើម្បី​ជួប​មិត្ត​ភ័​ក្រ​ស្រាប់តែ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឡើង​ផ្លោះ​របង​ផ្ទះ​របស់​ជនរងគ្រោះ​ហើយ​ចូលទៅ​ក្នុងផ្ទះ​រួច​លួច​យក​ម៉ូតូ​ជនរងគ្រោះ បណ្ដើរ​ចេញ​តាម​ទ្វារ​ដើម្បី​គេចខ្លួន។​

    លុះ​មកដល់​ចំណុច ផ្លូវ​៥៩២ កែង​៣០៧ ក្រុម​៦៣ ភូមិ​១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ក៏ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹងកក់​២ ធ្វើការ​ល្បាត ពេល​ឃើញ​សមត្ថកិច្ច​យើង​ជនសង្ស័យ​បាន​រត់គេចខ្លួន​ក៏ ត្រូវ​កម្លាំង​យើង​ឃាត់ខ្លួន​ជាក់ស្តែង​តែម្ដង រួមទាំង​វត្ថុតាង។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់