ភ្នំពេញ ៖ ករណីមានជនបរទេស២នាក់វាយតប់គ្នានៅថ្ងៃទី១៦ មិថុនា ២០១៦ វេលាម៉ោង០៧ព្រឹកត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ ខណ្ឌដូនពេញ ឃាត់ខ្លួននោះស្គាល់អត្តសញ្ញាណជនបង្កជនជាតិអាយឡែន និងជនរងគ្រោះនៅមិនទាន់ស្គាល់ឈ្មោះព្រោះសន្លាប់ធំមិនទាន់ដឹងខ្លួននៅឡើយ។
ប៉ូលិសនិយាយថា ជនសង្ស័យម្នាក់ឈ្មោះ NICHOLAS O'NEI LL ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិអាយឡែន មុខរបរទេសចរណ៍ ស្នាក់ នៅផ្ទះសំណាក់ហ្គោលឌិនហោន ផ្លូវ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសវាយបុរស បណ្តាលឱ្យរបួសធ្ងន់នៅត្រង់ចំណុចផ្លូវលេខ១០៦ កែង១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជាជនជាតិបរទេសស្បែកស កំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតពុំអាចសាកសួរបាន។ រីឯជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការ ដ្ឋានប៉ូលិសខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងចាត់ការតាមនិតីវិធីនៃច្បាប់៕
