adverise with khmeread C02bfb34 62c3 4876 b652 b99ab48685c3

កុមារ​ជិះ​ម៉ូតូ​ជែង​កង់​បី​ប៉ះ​ដៃចង្កូត​ខ្ទាតចូល​ក្រោម​រថយន្ត​កិន​ស្លាប់​

    ភ្នំពេញ​៖ កុមារា​ម្នាក់​ត្រូវ​រថយន្ត​កិន​ស្លាប់​ភ្លាម​ខណៈ​ជិះ​ម៉ូតូ​ជែង​កង់​បី​មួយគ្រឿង​ហើយ​ប៉ះ​ដៃចង្កូត​ខ្ទាតចូល​ក្រោម​រថយន្ត​ Range Rover​ ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៨ ​និង​៣០​នាទី​យប់​ថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ​២០១៦ នៅមុខ​រោងចក្រ​ផលិត​ស្រា អេស​កា​ដេ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ​។​

​    កុមារា​រងគ្រោះឈ្មោះ អាល់ យ៉ាសាក់ ជនជាតិខ្មែរ​អ៊ីស្លាម ភេទ​ប្រុស អាយុ​១១ឆ្នាំ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ធូ​ដេ ពណ៌ឈាមជ្រូក អត់​មាន​ស្លាក់​លេខ រីឯ​រថយន្ត​បង្ក​ម៉ាក ​Range Rover ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2AJ-2500។​

​    តាម​សំដី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​កុមារា​រងគ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​២​នាក់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង។ ពេល​ជិះ​មកដល់​កន្លែងកើតហេតុ​ក៏​ជែង​ខាងស្តាំ​ដៃ​ម៉ូតូ​កង់​បី ហើយក៏​ប៉ះ​ដៃចង្កូត ដួល គាប់​ជួន​មាន​រថយន្ត​បើក​មកពី​ក្រោយ​ក៏​កិន​ស្លាប់​ម្នាក់​ភ្លាមៗ។​

    ប្រភព​ដដែល​បន្តទៀត​ថា បន្ទាប់ពី​បុក​ភ្លាមៗ អ្នកបើកបរ​មិនបាន​រត់​ទៅណា​ទេ គឺ​បាន​ឈប់​រថយន្ត​ចុះ​មើល ទើប​ដឹងថា​ជា​កូន​របស់​អ្នកជិតខាង​ស្គាល់គ្នា និង​បាន​ទាក់ទង​ឱ្យ​សាច់ញាតិ​មក​យក​សាកសព​ទៅផ្ទះ​ភ្លាមៗ​ផងដែរ។​

    បើតាម​សំដី​របស់​ឪពុក​សព ដែល​ឈ្មោះ លី ហូ​វ អាយុ​៣៩​ឆ្នាំ បានឱ្យដឹងថា រូបលោក មិន​ដាក់​ពាក្យបណ្តឹង​ប្តឹង​អ្នកបើកបរ​ទេ ព្រោះ​រូបលោក​ជា​ជនជាតិ​អ៊ី​ស្លាម ជឿ​លើ​ព្រះ អាឡោះ ធ្វើ​ម៉េច​បើ​ព្រះ​ជា​ម្ចាស់​កំណត់​អាយុ​កូនប្រុស​របស់គាត់ បាន​ត្រឹមនេះ។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​វាស់វែង និង​បាន​យក​ទាំង​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី ដើម្បី​ធ្វើ​របាយការណ៍​តាម​និតិ​វិធី ទោះបីជា​ខាង​គ្រួសារ​សព មិនបាន​ដាក់​ពាក់​បណ្តឹង​ក៏ដោយចុះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់