adverise with khmeread 1

​ក្រុមហ៊ុន​ចិន​មួយ​ប្តឹង Apple ថា​លួច​ចម្លង​ម៉ូត​ស្មា​ត​ហ្វូ​ន​របស់ខ្លួន


​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃ​សុក្រ​ម្សិលមិញ​បានឱ្យដឹងថា ក្រុមហ៊ុន Apple ត្រូវបាន​បញ្ជា​ឱ្យ​បញ្ឈប់​ការលក់ iPhone 6 និង iPhone 6 Plus ក្នុង​ទីក្រុង​ប៉េកាំង​ដោយ​អាជ្ញាធរ​ចិន​ម្នាក់ ដែល​បាន​ចាត់ទុកថា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​អាមេរិក​មួយ​នេះ​បាន​ចម្លង​ម៉ូត​ស្មា​ត​ហ្វូ​ន​ចិន​។

​    ​ការិយាល័យ​កម្មសិទ្ធិបញ្ញា​ក្រុង​ប៉េកាំង​ថ្មីៗ​នេះ​បានសម្រេច​ថា ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នេះ​បាន​រំលោភ​កម្មសិទ្ធិ​ប៉ាតង់​របស់​ទូរស័ព្ទ​ប្រភេទ 100C ដែល​ផលិត​ដោយ​ក្រុមហ៊ុន Baili ស្ថិតក្នុង​ទីក្រុង​សិន​ចិន​ភាគខាងត្បូង​ប្រទេស​ចិន​។

​    ​វេ​ប​សាយ People's Daily Online របស់​ចិន​បាន​រាយការណ៍​ថា Apple និង​ដៃគូ​ចែកចាយ​របស់ខ្លួន​ក្នុង​ទីក្រុង​ប៉េកាំង គឺ​ក្រុមហ៊ុន Zhongfu Telecom Equipment បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការសម្រេច​នេះ​ទៅកាន់​តុលាការ​កម្មសិទ្ធិបញ្ញា​ក្រុង​ប៉េកាំង​។

​    ​យោងតាម​វេ​ប​សាយ​ចិន​នេះ ក្រុមហ៊ុន​ដែលមាន​ឈ្មោះ​ពេញ​ថា Shenzhen Baili Marketing Service Company បាន​អះអាងថា Apple បានចេញ​ម៉ូត iPhone 6 និង iPhone 6 Plus ផ្អែក​តាម​ផលិតផល​ទូរស័ព្ទ 100 Plus របស់ខ្លួន​។

​    ​ក្រុមហ៊ុន​នេះ​បានស្នើ​ឱ្យ​ការិយាល័យ​កម្មសិទ្ធិបញ្ញា​ក្រុង​ប៉េកាំង​ទាមទារ​ឱ្យ Apple និង​ដៃគូ​ចែកចាយ​បញ្ឈប់​ការលក់ iPhone 6 និង iPhone 6 Plus​។

​    ​បើ​ផ្អែក​តាម​កាសែត The Paper ក្រុមហ៊ុន Baili បានដាក់​ពាក្យ​សិទ្ធិ​សុំ​ប៉ាតង់​មួយ​ទៅ​អាជ្ញាធរ​ចិន​សម្រាប់​ស្មា​ត​ហ្វូ​ន 100 Plus របស់ខ្លួន​កាលពី​ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៤ គឺ ៩ ខែ​មុនពេល Apple បញ្ចេញ iPhone 6 របស់ខ្លួន​។ ពាក្យសុំ​សិទ្ធិ​នោះ​ត្រូវបាន​ទទួលស្គាល់​នៅ​ខែកក្កដា ឆ្នាំ​២០១៤​។

​    ​ហើយ​កាលពី​ថ្ងៃទី ១០ ខែឧសភា​កន្លងទៅ​ថ្មីៗ​នេះ ការិយាល័យ​កម្មសិទ្ធិបញ្ញា​ក្រុង​ប៉េកាំង​បានសម្រេច​ថា Apple រំលោភ​លើ​សិទ្ធិ​ប៉ាតង់​របស់​ក្រុមហ៊ុន Baili៕

 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់