adverise with khmeread 1

មូលហេតុ​ដែល​នារី​ជប៉ុន​ភាគច្រើន​មិន​ធាត់​ដុះ​ក្បាលពោះ​និង​មាន​អាយុ​វែង​

​    ​នារី​ជប៉ុន​គឺជា​មនុស្ស​ដែល​រស់​បានយូរ​ជាងគេ​នៅលើ​ផែនដី​នេះហើយ​ពួកគេ​ក៏​មិន​ឡើង​ទម្ងន់​ខុស​ប្រក្រតី​នោះដែរ​។ ដូច្នេះ​តើ​អ្វី​ទៅជា​អាថ៌កំបាំង​របស់​ពួកគេ​?

​    ​សៀវភៅ​មួយ​មាន​ចំណងជើង​ថា "Japnesse Women Don't Get Old or Fat" ដែល​សរសេរ​ឡើង​ដោយ​អ្នកស្រី Naomi Motiyama បាន​លាតត្រដាង​នូវ​អាថ៌កំបាំង​សុខភាព​ល្អ​និង​អាយុ​វែង ជាពិសេស​អំពី​ការរៀបចំ​ម្ហូបអាហារ​របស់​ម្តាយ​គាត់​។ អាហារ​ដែល​ជនជាតិ​ជប៉ុន​ទទួលទាន​រាល់ថ្ងៃ​ដើម្បី​ជួយ​សម្រក​ទម្ងន់​មានដូចជា ត្រី សា​រ៉ា​យ​សមុទ្រ ផ្លែឈើ សណ្តែក​គ្រប់មុខ បាយ បន្លែ និង តែ​បៃតង​។​

​    ​អាហារ​ទាំងនេះ​ផ្ទុក​ទៅដោយ​គុណសម្បត្តិ​ប្រឆាំងនឹង​ភាព​ចាស់ ជួយ​ដល់​ការ​សម្រក​ទម្ងន់​តាម​វិធី​ធម្មជាតិ និង​គ្រប់គ្រង​ទម្ងន់​ឱ្យមាន​សុខភាព​ល្អ​។​

​    ​ជា​រៀងរាល់ថ្ងៃ នារី​ជប៉ុន​ចម្អិន​អាហារ​ដោយ​រួមបញ្ចូល ត្រី​ដុត បាយ​មួយ​ចាន បន្លែ​ឆ្អិន ស៊ុប តែ​បៃតង និង​ផ្លែឈើ​។ អ្នកស្រី Naomi Motiyama បាន​សរសេរ​ទៀតថា ឪពុកម្តាយ​ជំនាន់​មុន​បាន​ប្រាប់​កូនៗ​ឱ្យទទួល​ទាន​អាហារ​យឺតៗ​និង​ទំពារ​ឱ្យ​សព្វ​។ ពួកគេ​មិនគួរ​ញ៉ាំ​បាយ​ពេញៗ​ចាន និង​ទទួលទាន​ម្ហូប​ទាំងនេះ​ក្នុង​បរិមាណ​ច្រើន​ជ្រុល​នោះទេ​។​

​    ​នៅ​ប្រទេស​ជប៉ុន អាហារ​ពេលព្រឹក​ត្រូវបាន​ចាត់ទុកថា​មាន​សារៈសំខាន់​បំផុត​ហើយ​វា​បញ្ចូល​នូវ​អាហារ​និង​ភេសជ្ជៈ​ជាច្រើន ដូចជា​តែ​បៃតង បាយ​ចំហុយ ស៊ុប តៅហ៊ូ ខ្ទឹមស សា​រ៉ា​យ​សមុទ្រ និង​ពង​ទា​ចៀន​លាយ​គ្រឿង​។​

​    ​ជនជាតិ​ជប៉ុន​កម្រ​នឹង​ទទួលទាន​បង្អែម​ខ្លាំងណាស់ ប៉ុន្តែ​នៅក្នុង​របប​អាហារ​ពេលព្រឹក ពួកគេ​យូរៗ​ម្តង​ក៏មាន​បង្អែម​មួយចំណែក​តូច​ដែរ​។ នារី​ជប៉ុន​ចូលចិត្ត​បង្អែម ប៉ុន្តែ​ពួកគេ​ដឹង​ពី​ផលប៉ះពាល់​អវិជ្ជមាន​ដល់​រាងកាយ​និង​សុខភាព​របស់​ពួកគេ​។​

​    ​នៅ​ចុងបញ្ចប់ អ្នកស្រី Naomi បាន​និយាយថា ការហាត់​ប្រាណ​ជាប្រចាំ​គឺជា​ទម្លាប់​របស់​ជនជាតិ​ជប៉ុន​។ ជនជាតិ​ជប៉ុន​បង្កើត​ទម្លាប់​ល្អ​ដល់​សុខភាព​តាមរយៈ​ការ​ជិះ​កង់ ដើរ និង​ឡើង​ភ្នំ​ជាប្រចាំ​៕

adverise with khmeread
ប្រភព៖ myilifestyle

អ្នកនឹងចូលចិត្ត

មតិយោបល់