ភ្នំពេញ ៖ បុរសម្នាក់ត្រូវ បានប៉ូលិសខណ្ឌមានជ័យឃាត់ខ្លួនក្នុងករណីឆបោកយកប្រាក់ថ្លៃធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅស្នាក់នៅ និងសំបុត្រកំណើតកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង០៩នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី០៣ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ម៉ែន វណ្ណា ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះលេខ៤០០ ផ្លូវលំ ភូមិ ភ្នាត សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
ចំណែកជនរងគ្រោះទី១-ឈ្មោះ តាយ ពាវ ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៩៧ ផ្លូវលំ ភូមិ ភ្នាត សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ, ជនរងគ្រោះទី២ឈ្មោះ ត្រោក ច័ន្ទសុវណ្ណនរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមន្ត្រីក្រសួងការបរទេស ស្នាក់នៅផ្ទះលេខគ្មាន ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជនរងគ្រោះទី៣ឈ្មោះ គង់ ប៊ុនថាន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះលេខ១៤ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ សម្ភារៈបាត់បង់៖ ប្រាក់សរុប ចំនួន១២៣០ដុល្លារ។
ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ត្រោក សុវណ្ណនរ៉ា បានពឹងជនសង្ស័យឈ្មោះ ម៉ែន សុវណ្ណ ឲ្យជួយរត់ការធ្វើសៀវភៅស្នាក់នៅ និង សំបុត្រកំណើតក្នុងតម្លៃ ២៣០ដុល្លារ, ជនរងគ្រោះឈ្មោះ តាយ ពាវ បានពឹងជនសង្ស័យឈ្មោះ ម៉ែន សុវណ្ណ ឲ្យជួយរត់ការកែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់កូនឈ្មោះ តាយ រតនា ដែលខុសថ្ងៃកំណើត ក្នុងតម្លៃ៥០ដុល្លារ, ហើយជនរងគ្រោះឈ្មោះ គង់ ប៊ុនថាន ក៏បានបានពឹងជនសង្ស័យឈ្មោះ ម៉ែន សុវណ្ណ ឲ្យជួយរត់ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក និងធ្វើច្បាប់អាជីវកម្មបើកផ្ទះសំណាក់ក្នុងតម្លៃ៩៥០ដុល្លារ ជាបន្តបន្ទាប់គ្នា។
ពេលទទួលលុយពីជនរងគ្រោះបានហើយ ជនសង្ស័យបានគេចខ្លួនដោយមិនបានធ្វើឯកសារជូនជនរងគ្រោះទាំង០៣នាក់នោះទេ។ លុះមកដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៥រសៀលជនរងគ្រោះឈ្មោះ តាយ ពាវ , ឈ្មោះ ត្រោក សុវណ្ណារ៉ា , ឈ្មោះ គង់ ប៊ុនថាន ប្រទះឃើញជនសង្ស័យឈ្មោះ ម៉ែន សុវណ្ណ នៅផ្ទះភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ក៏ឃាត់ខ្លួនយកមកប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យចាត់ការតាមច្បាប់តែម្តង។
ក្នុងនោះប៉ូលិសបានចាប់យកវត្ថុតាង៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ០១០៩៧៣៤០១ ចំនួន០១សន្លឹក, សៀវភៅស្នាក់នៅមិនទាន់សរសេរ ចំនួន០៤សន្លឹក, សៀវភៅស្នាក់នៅសរសេរ រួចចំនួន០៤សន្លឹក, និងឯកសារមួយចំនួនទៀត៕
