00e6d196 514d 440c 8b5c 069f2be56521 %281%29

រយៈពេល​២​ម៉ោង​មាន​ករណី​ប្លន់​២​ដង​នៅក្រោយ​វត្ត​សន្សំ​កុសល​

    ភ្នំពេញ ៖ នៅក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ តែងតែមាន​ករណី​ប្លន់​ជា​ញឹក​ញ៉ាប់​តែ​សមត្ថកិច្ច​ពុំទាន់​មាន​សមត្ថភាព​បង្ក្រាបបាន​ជនសង្ស័យ​ណា​ម្នាក់​នៅឡើយ ជាក់ស្ដែង​ក្នុង​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ រយៈពេល​២​ម៉ោង​មាន​ករណី​ប្លន់​ដល់​ទៅ​ពីរដង​នៅក្រោយ​វត្ត​សន្សំ​កុសល ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

    ករណី​ប្លន់​លើក​ទី​១ នៅវេលា​ម៉ោង​៧ ​និង​៤០​នាទី​យប់​នៅក្រោយ​ជាប់​របង​វត្ត​សន្សំ​កុសល ស្ថិត​ក្នុ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មាន​យុវជន​រងគ្រោះ​ម្នាក់​ឈ្មោះ​ បញ្ញា អាយុ​២៤​ឆ្នាំ​ ជិះ​ម៉ូតូ​ធូ​ដេ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1DH.0384 ស្នាក់នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បាន​ជិះ​ម៉ូតូ​ម្នាក់​ចេញពី​បរិភោគ​អី​នៅ​ខាងជើង​វត្ត​សន្សំ​កុសល ហើយ​បាន​ជិះ​ត្រឡប់មកផ្ទះ​វិញ​ដែល​នៅ​ខាង​ត្បួ​ង​វត្ត ដោយ​ជិះ​តាម​ក្រោយ​វត្ត​សន្សំ​កុសល។​

    ខណៈ​មកដល់​កន្លែងកើតហេតុ ក៏​ត្រូវបាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មិន​ចាំ​ម៉ាក​ឌុប​គ្នា​ និង​យក​ខ្សែក្រវ៉ាត់​មក​វាយ​ពីក្រោយ​រួច​កៀរ​ឲ្យ​ឈប់​និង​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ តែ​សំណាងល្អ​ជនរងគ្រោះ​រងរបួស​ស្រាល​។​

    ករណី​ប្លន់​ទី​២ នៅវេលា​ម៉ោង​៩ ​និង​៤០​នាទី​យប់ ថ្ងៃ​ដដែល មាន​បុរស​ម្នាក់​ជា​អ្នករត់​រ៉ឺម៉ក​ម៉ូតូ ត្រូវ​ជនសង្ស័យ​មាន​គ្នា​៥​នាក់ ដោយ​៣​នាក់​ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ និង​២​នាក់​ទៀត​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​តាម​ពីក្រោយ ដោយ​ពួកគេ​បន្លំ​ធ្វើជា​ម៉ូយ និង​បាន​ឲ្យ​ឌុប​ពួកគេ​ពី​ម្ដុំ​មុខ​វាំង មក​ក្រោយ​វត្ត​សន្សំ​កុសល ដែលជា​កន្លែងកើតហេតុ។​

    ពេលនោះ​ជនល្មើស​ធ្វើ​ជ្រុះ​ស្បែកជើង​ឈប់​ម៉ូតូ​ចុះទៅ​រើស រួច​មាន​ពួកវា​បានរួម​គ្នា​រឹត​ក​ជនរងគ្រោះ​តែម្ដង បណ្ដាល​ជនរងគ្រោះ​រើខ្លួន​រំដោះ​ចេញពី​កណ្ដាប់ដៃ​ជនសង្ស័យ​និង​គេច​ពី​កន្លែងកើតហេតុ ហើយ​ជនសង្ស័យ​ទាំងនោះ​ក៏​ប្លន់​យក​រ៉ឺម៉ក​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​តែម្ដង​។​

    ក្រោយពី​ជួប​ករណី​វាយ​ប្លន់​យក​​រ៉ឺ​ម៉ក​ម៉ូតូ​បានសម្រេច​រួចហើយ ជនរងគ្រោះ​ត្រូវបាន​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ យកទៅដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​បឹងទំពុន ដើម្បី​រកមុខ​សញ្ញា៕

មតិយោបល់