0cbf1cd6 9ff4 40c6 8c0a f863d134b3d6

បើករថយន្ត​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​៥​ផ្ទាំង​រួច​ជ្រុល​ទៅបុក​ម៉ូ​​តូ​មួយគ្រឿង​

    ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​បើករថយន្ត​ទាំង​ស្រវឹង​រ៉េ​ចង្កូត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​បាក់​អស់​៥ផ្ទាំង​ដោយសារតែ​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​បើក​ច្រាស់ទិស​គ្នា​បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​ម្នាក់​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង២ ​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ ២០១៦ ត្រង់ចំណុច​មុខ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ស្ថិត​តាម​បណ្ដោយ​ផ្លួ​វ​សហព័ន្ធរុស្ស៊ី​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    បុរស​បើកបរ​រថយន្ត​បង្ក​ឈ្មោះ ឡុង សារឹម អាយុ​៤២​ឆ្នាំ ស្នាក់នៅ​ភូមិ​រោងដំរី សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ជិះ​រថយន្ត​ម៉ាក​លិច​ស៊ី​ស ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2D-8821 បើកបរ​ម្នាក់ឯង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុងស្ថានភាព​ស្រវឹង។​

    ដោយឡែក​ម្ចាស់​ម៉ូតូ​រងគ្រោះ​ម៉ាក​គុប​មូល​គ្មាន​ស្លាក​លេខ​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ដោយ​បុរស​ម្នាក់​មានឈ្មោះ ពេជ្រ​ អាយុ​២៣​ឆ្នាំ មុខរបរ​អ្នក​ដឹក​សាច់ជ្រូក មាន​ស្រុកកំណើត​ខេត្តតាកែវ។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ បើកបរ​ដោយ​បុរស​ម្នាក់ ស្ថិត​ស្ថាន​ភាពស្រវឹង​ជោកជាំ​ទិសដៅ​ពី​កើ​តទៅ​លិច ហើយ​រេច​ង្គុ​ត​ពេញ​ផ្លូវ។​

    លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​បណ្ដាលឱ្យ​ជ្រុល​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥ផ្ទាំង​តែ ដោយសារ​តែ​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏បាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ដែល​ធ្វើដំណើរ​ច្រាស់ទិស​ជាមួយ​រថយន្ត​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​រហូតដល់​រថយន្ត ទៅបុក​ផ្ទប់​ និង​គល់​ដើម​ក្ងោក​ដែល​នៅ​និង​ចិញ្ចើមផ្លូវ​ទើប​រថយន្ត​ទៅមុខ​លែងរួច​តែ​សំណាងល្អ​ម្ចាស់​រថយន្ត​មិនមាន​គ្រោះថ្នាក់។​

    ភ្លាមៗ​នោះ​ជនរងគ្រោះ​ដែល​ត្រូវ​រថយន្តបុក​នោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​មក​ដឹក​ទៅ​សង្គ្រោះ​។ ​ក្រោយពេល​កើត​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង​ និង​ស្ទូច​រថយន្ត​ និង​ម៉ូតូ​ថែមទាំង​នាំខ្លួន​ជនបង្ក​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ៕

មតិយោបល់