កណ្តាល ៖ បុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនពីបទធ្វើឱ្យខូចខាតដោយចេតនា និងបង្កឲ្យមានរបួសស្នាមកាលពីថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៦ វេលាម៉ោង១១ និង៣០នាទីចំណុចផ្ទះរបស់ ជនរងគ្រោះភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ស៊ឹម ថុល ភេទ ប្រុស អាយុ៣៥ឆ្នាំ ទីលំនៅកន្លែងកើតហេតុមុខរបររត់ម៉ូតូឌុប។ ចំណែកជនល្មើសឈ្មោះ សយ ចាន់សិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដឃាត់ខ្លួន។
ប៉ូលិសបន្តថា នៅវេលាកើតហេតុខាងលើជនរងគ្រោះ និងប្រពន្ធឈ្មោះ សយ ស៊ីណាក់ នៅក្នុងផ្ទះកំពុងតែរៀបចំកន្លែងឱ្យកូនដេក។ ពេលនោះជនល្មើស (សយ ចាន់សិទ្ធ) ត្រូវជាប្អូនថ្លៃ មិនដឹងជាមានរឿងអ្វីទេបានយកដុំថ្ម គប់មកលើទ្វាកញ្ចក់ និងយកកំណាត់ឈើមកវាយបង្អួចបន្ថែមទៀតបណ្តាលឱ្យបែកអស់ ហើយស្រែកទារលុយម្តាយចំនួនមួយម៉ឺនរៀល។
តែម្តាយមិនឱ្យក៏យកដំថ្មគប់មកលើម្តាយចំក្បាលជង្គង់បណ្តាលឱ្យហូរឈាម រួចក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនឃាត់ខ្លួនរួមទាំងវត្ថុតាងយកមកអធិកាដ្ឋានប៉ូលិសក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
