កំពង់ចាម ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកកោះសូទិនបង្ក្រាបឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១២ និង៣០នាទីនៅចំណុចឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ប៉ូលិសនិយាយថា កម្លាំងអធិការដ្ឋានស្រុកកោះសូទិនបានប្រើប្រាស់ជំនាញបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីឃាត់ខ្លួនជនសង្ស័យឈ្មោះ សោម ជឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ មុខរបរគ្រូបង្រៀនរស់នៅភូមិកំពង់ចំលង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន០២កញ្ចប់តូច ទូរស័ព្ទដៃម៉ាកអ៊ិនចុចពិល០១គ្រឿង ម៉ូតូC125 ស៊េរី២០១៦ចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសស្រុកកោះសូទិន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមចាត់ការតាមនិតិវិធី៕
