ភ្នំពេញ ៖ ស្ត្រីយោធាស័ក្តិ៣ម្នាក់ត្រូវជនមិនស្គាល់មុខយកកាំបិតចុងស្រួចចាក់ពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅមុខផ្ទះលេខ២១ យីហោវីងដូរលុយ ពេជ្រ ជូលលី ផ្លូវលេខ២១៩ កែង១៥៦ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លី ដាវី អាយុ៣៦ឆ្នាំ មានមុខរបរជាមន្ត្រីយោធាស័ក្តិ៣ អគ្គយោធសេវា នៃក្រសួងការពារជាតិ ស្នាក់នៅផ្ទះលរខ៣២ ផ្លូវ១៦២ ក្រុម១២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក មានស្រុកកំណើតនៅ ឃុំកំពង់ស្វាយ ខេត្តកំពង់ធំ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះបានដើរលើដងផ្លូវតែម្នាក់ឯងទើបត្រឡប់មកពីផ្សារ។
មួយសន្ទុះក្រោយមកស្រាប់តែមានបុរសមាឌធំអាយុប្រហែលជាង៤០ឆ្នាំ ជិះម៉ូតូម៉ាក Click ពណ៌ឈាមជ្រូក បានដកកាំបិតមុខស្រួច (កាំបិតចិតបន្លែ) ចាក់ទៅលើស្ត្រីរងគ្រោះពីក្រោយបណ្តាលឱ្យដួលស្លាប់មួយរំពេច ហើយជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។
នៅកន្លែងកើតហេតុសមត្ថកិច្ចសង្ស័យថា ករណីនេះជាករណីគំនុំ។ សមត្ថកិច្ចកំពុងត្រួតពិនិត្យសាកសពនិងស្រាវជ្រាវរកមុខជនសង្ស័យ៕
