adverise with khmeread 5 books

សៀវភៅ ៥ ក្បាលនេះអាចធ្វើឲ្យអ្នកក្លាយជាមនុស្សផ្សេងមួយរូប

សៀវភៅអស្ចារ្យគឺតែងតែមានអ្នកនិពន្ធដែលអាចធ្វើឲ្យអារម្មណ៍អ្នកអានកើតទុក្ខ សប្បាយចិត្ត រំភើបរីករាយ និងព្រួយបារម្ភជាដើម។ ពួកគេអាចសរសេរអំពីសាច់រឿងមួយ ដែលរំឭកដល់យុវវ័យរបស់អ្នក ឬអាចជាស្នេហាដែលបាត់បង់របស់អ្នក។ អ្នកនិពន្ធខ្លះទៀតអាចសរសេរអំពីពិភពលោក ដែលយើងសុបិនចង់បានជាយូរមកហើយ នៅពេលដែលយើងជាប់ផុងក្នុងភាពអន្ធកាល និងចង់រកច្រកចេញដើម្បីស្វែងរកពិភពលោកដែលភ្លឺស្វាងមួយ។ មិនថាអ្នកមានអាយុប៉ុន្មាននោះទេ វាច្បាស់ជាដល់ពេលមួយ ដែលអ្នកនឹងចង់ស្វែងរកការណែនាំ ឬដំបូន្មាន ដើម្បីត្រួសត្រាយជីវិតរបស់យើងឲ្យកាន់តែល្អប្រសើរឡើង។ ហើយជម្រើសដើម្បីទទួលបានការណែនាំ និងដំបូន្មានទាំងនោះគឺអាចរកបានតាមរយៈការអានសៀវភៅនេះឯង។ អ៊ីចឹងកុំឲ្យខាតពេលយូរ សូមក្រឡេកមើលសៀវភៅទាំង ៥ ក្បាលដូចខាងក្រោមដែលអាចធ្វើឲ្យអ្នកក្លាយជាមនុស្សផ្សេងមួយរូប។ 

១- សៀវភៅ The Alchemist និពន្ធដោយ Paulo Coelho
សៀវភៅនេះនិយាយអំពីក្មេងប្រុសគង្វាលចៀមឈ្មោះ Santiago ដែលសុបិនចង់ស្វែងរករតនសម្បត្ដិ។ អំឡុងដំណើរស្វែងរករតនសម្បត្ដិ Santiago បានជួបមនុស្សប្លែកមុខជាច្រើន ជាពិសេសជួបជាមួយនឹងតួអង្គស្រីក្នុងរឿងនេះ ដែលបានបង្រៀនរូបគេអំពីរបៀបស្វែងរករតនសម្បត្តិទាំងនោះ។ សៀវភៅនេះអស្ចារ្យណាស់សម្រាប់អ្នកដែលកំពុងស្វែងរកគោលដៅក្នុងជីវិតរបស់ខ្លួន។ 

២- សៀវភៅ The Little Prince និពន្ធដោយ Antonie de Saint-Exupery
សៀវភៅនេះនិយាយអំពីពីឡុតយន្តហោះមួយរូប ដែលយន្តហោះរបស់ខ្លួនបានធ្លាក់នៅវាលខ្សាច់សាហារ៉ា និងបានជួបព្រះអង្គម្ចាស់វ័យក្មេងមួយអង្គ។ ពេញមួយសាច់រឿងនេះ ព្រះអង្គម្ចាស់វ័យក្មេងអង្គនោះបានដើរផ្សងព្រេងគ្រប់ទីកន្លែងជាមួយនឹងពីឡុតយន្តហោះ។ ទ្រង់បានធ្វើដំណើរទៅកាន់ភពចំនួន ៦ខុសៗគ្នា ដោយបានជួបនឹងតួអង្គមួយ ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតរបស់ទ្រង់។ ទោះបីវាជាសៀវភៅកុមារក៏ដោយ ក៏ប៉ុន្តែវានឹងធ្វើឲ្យអ្នកចង់ឲ្យតម្លៃលើភាពយុវវ័យរបស់អ្នក និងជឿជាក់លើខ្លួនអ្នក។ 

៣- សៀវភៅ The Kite Runner និពន្ធដោយ Khaled Hosseini
សៀវភៅនេះនិយាយអំពីជីវិតហែលឆ្លងការលំបាកសព្វបែបយ៉ាងរបស់ ក្មេងប្រុសឈ្មោះ Amir ដែលបានកើត និងធំដឹងក្តីក្នុងប្រទេសអាហ្វហ្គានីស្ថាន។ សៀវភៅនេះនិយាយពីជីវិតរបស់ក្មេងប្រុសម្នាក់នេះតាំងពីយុវវ័យរហូតដល់ធំពេញវ័យ។ សៀវភៅនេះនឹងធ្វើឲ្យអ្នកយំ ធ្វើឲ្យអ្នកខឹង និង ធ្វើឲ្យអ្នកសប្បាយចិត្តផងដែរ។ អ្នកនឹងទទួលបានបទពិសោធន៍អំពីអាថ៍កំបាំងគ្រួសារ ស្នេហាគ្រាដំបូង និង ដឹងថាតើមិត្តភាពមានអត្ថន័យខ្លាំងប៉ុនណាចំពោះមនុស្សគ្រប់រូប។ 

៤- សៀវភៅ I am Malala និពន្ធដោយក្មេងស្រី Malala Yousafzai
ក្មេងស្រីម្នាក់នេះអាចនិពន្ធសៀវភៅបាននៅអាយុត្រឹមតែ ១៨ ឆ្នាំប៉ុណ្ណោះ។ នាងគឺជាអ្នករៃអង្គាសមូលនិធិ និងធ្លាប់ឈ្នះពានរង្វាន់ណូបែលសន្តិភាពទៀតផង។ ខណៈអានសៀវភៅនេះ អ្នកនឹងដឹងខ្លួនថា ក្នុងនាមជាមនុស្ស យើងមានរឿងច្រើនណាស់ត្រូវចេះជួយគ្នាទៅវិញទៅមក។ ហើយអំពើល្អរបស់អ្នកនឹងតាមថែរក្សាអ្នកជានិច្ច។   

៥- សៀវភៅ Zen និពន្ធដោយ Daniel Levin
សៀវភៅនេះនិយាយអំពីរឿងខ្លីៗ និងសម្រង់ពាក្យល្អៗជាច្រើន ដែលនឹងជួយដល់ចិត្តគំនិត និងរាងកាយរបស់អ្នកបានច្រើនណាស់។ ហើយអ្នកក៏នឹងស្វែងរកឃើញក្តីសង្ឃឹម និងក្តីរីករាយពីសៀវភៅនេះផងដែរ៕

 

adverise with khmeread

មតិយោបល់