1

Jolie តារា​នាំ​ហេង​? ក្រោយ​នាង​លាតត្រដាង​អំពី​មហារីក​សុដន់​ក្នុង​ឆ្នាំ​២០១៣​ឥឡូវ​គេ​ជិត​រកឃើញ "​ថ្នាំ​ទិព្វ​" សម្រាប់​ជំងឺ​នេះហើយ​

    ​ការសិក្សា​ថ្មី​បាន​លើកឡើងថា មហា​រី​សុដន់​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ដែលមាន​ស្រាប់ ដែល​គេ​កំពុង​យកទៅ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​ចំពោះ​ស្ត្រី​នាពេល​បច្ចុប្បន្ននេះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Daily Mail របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២០ មិថុនា​។  

​    ​ស្ត្រី​ដែលមាន​ហ្សែ​ន BRCA1 មិន​គ្រប់លក្ខណៈ​មានឱកាស​ខ្ពស់​ដល់​ទៅ ៨៧​ភាគរយ​ក្នុង​ការវិវត្ត​ទៅរក​ជំងឺមហារីក​សុដន់ និង​មហារីក​អូវែ​។ 

​    ​មនុស្ស​ស្រី​ជាច្រើន​ដែលមាន​ហ្សែ​ន BRCA1 មិន​គ្រប់លក្ខណៈ ដូចជា​តារាភាពយន្ត​ស្រី​ហូលីវូដ នាង Angelina Jolie បានឱ្យ​ពេទ្យ​ចៀរ​សាច់​សុដន់ និង​អូវែ​ចេញ​ដើម្បី​ជា​វិធានការ​ទប់ស្កាត់​មហារីក​។ 

​    ​នាង Jolie បានឱ្យ​ពេទ្យ​ចៀរ​សាច់​មហារីក​ចេញ​ពីរដង​ក្នុង​ឆ្នាំ ២០១៣ នៅ​អាយុ ៣៧ ឆ្នាំ បន្ទាប់ពី​ដឹងថា នាង​មាន​ហានិភ័យ​ក្នុង​ការវិវត្ត​ជំងឺមហារីក​សុដន់​ដល់​ទៅ ៨៧ ភាគរយ​។ 

​    ​បន្ទាប់មក នាង​បានឱ្យ​ពេទ្យ​ចៀរ​សាច់​អូវែ​ចេញ​ម្តងទៀត​កាលពី​ឆ្នាំមុន ក្រោយពី​ការធ្វើ​តេស្ត​បង្ហាញថា វា​អាច​ក្លាយជា​មហារីក​។ 
​    ​
​    ​លោកយាយ​និង​ម្តាយ​របស់​នាង​ស្លាប់​ដោយសារ​មហារីក​អូវែ ហើយ​ម្តាយមីង​របស់​នាង ដែល​ផ្ទុក​ហ្សែ​ន​ដូច​នាង ស្លាប់​ដោយសារ​មហារីក​សុដន់ គឺ​បី​ខែ​បន្ទាប់ពី​ការវះកាត់​ដំបូង​របស់ Jolie​។ 

​    ​ក្រុម​អ្នកស្រាវជ្រាវ​អះអាងថា វិធីសាស្ត្រ​ចៀរ​សាច់​ចេញ​នេះ​មិនយូរ​មិនឆាប់​លែង​ចាំបាច់​ប្រើ​តទៅ​ទៀតហើយ ព្រោះថ្នាំ​ដែលមាន​ស្រាប់​អាច​ទប់ស្កាត់​មហារីក​មិនឱ្យ​កកើត​ចេញ​ជា​ជាលិកា​មហារីក​សុដន់​នោះទេ​។ 

​    ​ក្រុម​អ្នកស្រាវជ្រាវ​អូស្ត្រាលី​បាន​និយាយថា ថ្នាំ​ព្យាបាល​ពុក​ឆ្អឹង ដូចជា Prolia និង Xgeva មាន​ប្រសិទ្ធភាព​ប្រឆាំង​មហារីក​សុដន់​ក្នុងការ​ធ្វើតេស្ត​នៅ​មន្ទីរពិសោធន៍​។ 

​    ​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា ការរកឃើញ​មួយ​នេះ​មានន័យថា "​ថ្នាំ​ទិព្វ​" ជិត​បង្កើតបាន​ហើយ ដូច្នេះ​ស្ត្រី​នឹងមិន​ចាំបាច់​ឆ្លងកាត់​ការវះកាត់​ដ៏​ឈឺចាប់​នោះឡើយ​។ 

​    ​ដោយសារ​ថ្នាំ​ទាំងនេះ​ត្រូវបាន​ធ្វើតេស្ត​ចំពោះ​មនុស្ស​រួចហើយ ដូច្នេះ​គេ​នឹង​ប្រើពេល​កាន់តែ​តិច មុនពេល​ថ្នាំ​ដ៏​មាន​ប្រសិទ្ធភាព​ត្រូវបាន​ផលិតឡើង ធៀប​នឹង​ថ្នាំ​សម្រាប់​ជំងឺ​ដទៃ​ដែល​ត្រូវ​ប្រើពេល​ពិសោធន៍​រយៈពេល​វែង​ទើប​អាច​ផលិត​បាន​។​

​       ក្រុម​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Walter and Eliza Hall lnstitute ក្នុង​ទីក្រុង Melbourne បាន​និយាយថា ថ្នាំ​ពុក​ឆ្អឹង ដែល​គេ​ធ្វើតេស្ត​ដោយ​ប្រើ​កោសិកា​ជាលិកា​សុដន់ បានបង្ហាញ​លទ្ធផល​គួរ​ជាទី​រំពឹង​ក្នុងការ​បញ្ឈប់​មហារីក​មិនឱ្យ​លូតលាស់​។ 

​    ​ពួកគេ​និយាយថា ប្រសិនបើ​ត្រូវបាន​ប្រកាស​ក្នុងការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ ថ្នាំ​នេះ​អាច​ផ្តល់នូវ​ជម្រើស​មិនបាច់​វះកាត់​ដើម្បី​បញ្ឈប់​មហារីក​សុដន់​ចំពោះ​មនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​វិវត្តន៍​ជំងឺ​នេះ​៕

​ប្រភព​៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់