adverise with khmeread Awal 2016 menteri susi tenggelamkan puluhan kapal ffd

ឥណ្ឌូនេស៊ីរិះគន់ចិន ដែលមកអះអាងថាមានទឹកដីនេសាទជាទម្លាប់ក្នុងដែនសមុទ្ររបស់ខ្លួន

​    ​យោងតាមវេបសាយឆានែលញូវអេស៊ាចេញផ្សាយថ្ងៃពុធនេះបានឱ្យដឹងថា ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​អង្គារ​បាន​រិះគន់​ខ្លាំងៗ​ចំពោះ​ការអះអាង​របស់​ចិន​អំពី "​ទឹកដី​នេសាទ​ប្រពៃណី​" ក្បែរ​ប្រជុំ​កោះ​ណា​ទូ​ណា (Natuna) របស់​ឥណ្ឌូនេស៊ី ក្នុងការ​ប្រឈមមុខគ្នា​ចុងក្រោយបង្អស់​រវាង​ប្រទេស​ទាំងពីរ​ជុំវិញ​ការចោទប្រកាន់​អំពី​ការនេសាទ​ខុសច្បាប់​។ 

​    ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​កំពុងតែ​កើនឡើង​ខ្ពស់ បន្ទាប់ពី​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​បាញ់​ព្រមាន​កប៉ាល់​នេសាទ​ចិន​ក្នុង​ដែនទឹក​ក្បែរ​ប្រជុំ​កោះ​ណា​ទូ​ណា​កាលពី​ថ្ងៃ​សុក្រ និង​ឃាត់ខ្លួន​អ្នកបើកបរ​កប៉ាល់​មួយចំនួន​។ 

​    ​បន្ទាប់ពី​ការប៉ះទង្គិច​កាលពី​ថ្ងៃ​សុក្រ ក្រសួងការបរទេស​ចិន​បាន​ថ្លែងថា "​ចិន និង​ឥណ្ឌូនេស៊ី​មានការ​អះអាង​ត្រួតស៊ីគ្នា​សម្រាប់​សិទ្ធិ​កាន់កាប់​ដែនទឹក និង​ផលប្រយោជន៍​នានា​" នៅក្នុង​តំបន់​នេះ​។ មុននេះ ចិន​បាន​ការពារ​សកម្មភាព​របស់ខ្លួន​ដោយនិយាយ​ថា ខ្លួន​បាន​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង "​ទឹកដី​នេសាទ​ប្រពៃណី​របស់​ចិន​"​។ 

​    ​រដ្ឋមន្ត្រី​កិច្ចការ​សមុទ្រ​និង​នេសាទ​ឥណ្ឌូនេស៊ី លោកស្រី ស៊ូ​ស៊ី ពូ​ឌី​អា​ស្ទូ​ទី (Susi Pudjiastuti) បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​សន្និសីទកាសែត​មួយ​ថា ចិន​មុននេះ​បាន​និយាយថា ខ្លួន​គ្មាន​បញ្ហា​ជាមួយ​ឥណ្ឌូនេស៊ី​ទេ​។ លោកស្រី​និយាយថា នេះ​បានន័យថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គោរព​អធិបតេយ្យភាព​របស់​ឥណ្ឌូនេស៊ី និង តំបន់​សេដ្ឋកិច្ច​ពិសេស​របស់ខ្លួន​។ 

​    ​យោងតាម​រដ្ឋមន្ត្រី​រូបនេះ ប្រទេស​ទាំងពីរ​ពុំមាន​កិច្ចព្រមព្រៀង​ដែនទឹក​ណាមួយ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទឹកដី​ដែល​បានបញ្ជាក់​ណាមួយ​ទេ ហើយ​ដូច្នេះ​កប៉ាល់​នេសាទ​ចិន​ក៏ត្រូវ​ចាត់ទុក​ដូច​កប៉ាល់​នេសាទ​ដទៃ ដែល​ខ្លួន​ចាប់បាន​នេសាទ​ខុសច្បាប់​ក្នុង​ដែនទឹក​ប្រទេសមួយ​នេះ​។ 

​    ​លោកស្រី​និយាយថា "​យើង​មិន​បានដឹង​អំពី​រឿងនេះ​សោះ យើង​មិន​បានដឹង​អំពី​វត្តមាន​របស់គេ (​ចិន​) ហើយ​យើង​មិន​ទទួលស្គាល់​ការអះអាង​របស់​នរណា​ម្នាក់ ដែល​និយាយថា មាន​តំបន់​នេសាទ​ប្រពៃណី​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ឥណ្ឌូនេស៊ី​ឡើយ លើកលែង​ក្នុង​ដែន​អធិបតេយ្យ​មួយ ដែល​យើង​បាន​ចុះហត្ថលេខា​ក្នុង​កិច្ចព្រមព្រៀង​ជាមួយ​ម៉ាឡេស៊ី គឺ​ច្រក​សមុទ្រ​ម៉ា​ឡា​កា​"​។ 

​    ​កប៉ាល់​នេសាទ​សរុប ៥៧ គ្រឿង​ត្រូវ​ចាប់បាន​ក្នុង​ដែនទឹក​ឥណ្ឌូនេស៊ី​ចាប់តាំងពី​ខែមករា​មក​។ កប៉ាល់​មួយ​គឺ​របស់​ថៃ កប៉ាល់​បួន​ទៀត​ជា​របស់​ម៉ាឡេស៊ី បី​ជា​របស់​ចិន និង ៤៩ ទៀត​ជា​របស់​វៀតណាម​។ 

​    ​មេបញ្ជាការ​កង​នាវា Western Fleet របស់​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី គឺ​ឧ​ត្ត​មនា​វី​ទោ លោក A Taufiq R បាន​និយាយថា ចិន​កំពុង​ព្យាយាម "​កំណត់​ទឹកដី​" ជាមួយ​វត្តមាន​ឆ្មាំ​សមុទ្រ​របស់ខ្លួន​។ លោក​ក៏បាន​បដិសេធ​ការចោទប្រកាន់​របស់​ចិន​ដែលថា ការបាញ់​ព្រមាន​របស់​ឥណ្ឌូនេស៊ី​បាន​បង្ក​របួស​ដល់​សមា​ជិ​ក​នាវិក​ចិន​ម្នាក់​ផងដែរ​។ 

​    ​លោកស្រី​ស៊ូ​ស៊ី​បាន​ទទូច​ម្តង​ទៀតថា តំបន់​សេដ្ឋកិច្ច​ពិសេស​ឥណ្ឌូនេស៊ី​គឺជា​ផ្នែក​នៃ​អធិបតេយ្យភាព​របស់​ឥណ្ឌូនេស៊ី​។​

​    ​លោកស្រី​និយាយថា "​ជាថ្មី​ម្តងទៀត ខ្ញុំ​មិន​ខ្វល់​ថា​នោះ​ជា​ប្រទេស​អ្វី ឬ​កប៉ាល់​នោះ​ជា​របស់​នរណា​នោះឡើយ​។ បើ​អ្នក​លួច​ត្រី​យើង អ៊ីចឹង​បានន័យថា​អ្នកឯង​បាន​ប្លន់​យើង ហើយ​ខ្ញុំ​ចង់​បញ្ជាក់​អះអាង​រួមជាមួយ​កងកម្លាំង​រប​ស់​យើង​ថា កុំ​មើលស្រាល​យើង​ឱ្យសោះ​។ យើង​នឹងមិន​គិត​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ឡើយ​ក្នុង​បញ្ហា​នេះ​។ អ្វីដែល​យើង​មើលឃើញ​គឺ​ការបំពាន​ដ៏​ធ្ងន់ធ្ងរ​"​។​

​    ​យោងតាម​រដ្ឋមន្ត្រី​រូបនេះ កប៉ាល់​ជាច្រើន​ត្រូវ​ចាប់បាន​ដោយសារតែ​ការ​ល្បាត​តាម​សមុទ្រ​ដ៏​សម្បើម​របស់​ឥណ្ឌូនេស៊ី​។ លោកស្រី​និយាយថា កងទ័ពជើងទឹក មន្ត្រី​មកពី​ក្រសួង​លោកស្រី និង​កងកម្លាំងប្រដាប់អាវុធ​ដែល​បង្កើតឡើង​ដើម្បី​ប្រយុទ្ធប្រឆាំង​ការនេសាទ​ខុសច្បាប់​នឹង​រៀបចំ​ប្រតិបត្តិការ​រួមគ្នា​នៅពេល​អនាគត​ដ៏​ខ្លី​៕ 

ប្រភព៖ ឆានែលញូវអេស៊ា

adverise with khmeread

មតិយោបល់