មហាសេដ្ឋីក្រុមហ៊ុន Alibaba លោក ជែក ម៉ា (Jack Ma) មានភាពល្បីល្បាញខាងការចែករំលែកគតិបណ្ឌិតដ៏មានតម្លៃរបស់លោកក្នុងឱកាសអញ្ជើញតាមកម្មវិធីទូរទស្សន៍លើពិភពលោកម្តងៗ។ លើកនេះក្នុងកម្មវិធីមួយលើប៉ុស្តិ៍ទូរទស្សន៍កូរ៉េ KBS1 លោកបានបង្ហើបនៅមុខទស្សនិកជនវ័យក្មេងឲ្យដឹងពីការក្រេបយកបទពិសោធន៍អាជីវកម្ម និងប្រាប់ពីតម្រុយថាគួរជ្រើសរើសប្រភេទក្រុមហ៊ុនណាសម្រាប់មនុស្សវ័យក្មេងដែលសង្វាតចង់ធ្វើការនៅក្រុមហ៊ុនធំ។
ខាងក្រោមនេះគឺជាការដកស្រង់ចេញពីបទសម្ភាសន៍របស់លោក៖
"មុនអាយុ ២០ ឆ្នាំ ត្រូវរៀនឲ្យពូកែ។ ប្រសិនបើអាច ត្រូវមានបទពិសោធន៍ការងារខ្លះ។ មុនអាយុ ៣០ ធ្វើតាមគំរូមនុស្សណាម្នាក់។ ចូរធ្វើការឲ្យក្រុមហ៊ុនតូច។ ជាធម្មតា នៅក្រុមហ៊ុនធំល្អសម្រាប់រៀនអំពីដំណើរការ។ អ្នកគឺជាផ្នែកនៃម៉ាស៊ីនដ៏ធំមួយ។ ប៉ុន្តែនៅពេលអ្នកធ្វើការនៅក្រុមហ៊ុនតូច អ្នកនឹងរៀនពីមហិច្ឆតា។ អ្នករៀនអំពីក្តីសុបិន។ អ្នករៀនអំពីរបៀបធ្វើរឿងជាច្រើនក្នុងពេលតែមួយ"។
"ពីអាយុ ៣០ ដល់ ៤០ អ្នកត្រូវតែចេះគិតគូរឲ្យច្បាស់លាស់។ ត្រូវធ្វើការឲ្យខ្លួនឯង ប្រសិនបើអ្នកចង់ក្លាយជាសហគ្រិន។ នៅពេលអ្នកមានអាយុ ៥០ ទៅ ៦០ រៀនធ្វើការពីមនុស្សវ័យក្មេងវិញ ព្រោះមនុស្សវ័យក្មេងអាចធ្វើបានប្រសើរជាងអ្នក។ ដូច្នេះត្រូវពឹងផ្អែកលើពួកគេ វិនិយោគលើពួកគេ ហើយត្រូវប្រាកដថាពួកគេជាមនុស្សពូកែ"។
"នៅពេលអ្នកមានអាយុ ៦០ ប្លាយ ត្រូវចំណាយពេលសម្រាប់ខ្លួនឯង។ ដេកអាំងថ្ងៃនៅមាត់សមុទ្រជាដើម ព្រោះវាយឺតពេលសម្រាប់ឲ្យអ្នកធ្វើការផ្លាស់ប្តូរហើយនៅអាយុប៉ុណ្ណេះ"។
លោកជែក ម៉ាក៏បានលាតត្រដាងដែរថា វិប្បដិសារីធំបំផុតរបស់លោកគឺការក្លាយជាមហាសេដ្ឋីល្បីឈ្មោះ ព្រោះវាបានដណ្តើមយកសិទ្ធិឯកជនរបស់លោកអស់រលីង អ៊ីចឹងហើយបានជាលោកប្រាថ្នាឲ្យខ្លួនលោកបានចំណាយពេលច្រើនជាមួយគ្រួសារ៕
Good Message from AliBaba PresidentMr Ma Yun
Posted by Sai Satish on Saturday, June 6, 2015
