adverise with khmeread 12 habits

ទម្លាប់ ១២ យ៉ាងដែលអ្នកគួរបោះចោលមុនពេលអ្នកឈានដល់វ័យ ៣០

អាយុ ៣០ ឆ្នាំគឺជាអាយុដ៏សំខាន់បំផុត។ នៅពេលអ្នកឈានដល់វ័យ ៣០ ឆ្នាំ ច្បាស់ជាមានទម្លាប់អាក្រក់ជាច្រើនដែលអ្នកគួរតែបោះបង់ចោល។  

១- អ្នកគួរឈប់ខ្វល់ថាតើពិភពលោកគិតអ្វីចំពោះអ្នក
តើអ្នកពិតជាចង់បានការចាប់អារម្មណ៍ពីពិភពលោក? តើអ្នកតែងតែសរសេរ Post ឬ បង្ហោះរូបភាពលើបណ្តាញសង្គម ហើយអ្នកស្រាប់តែក្លាយជាមនុស្សសកម្មលើបណ្តាញសង្គមរហូតដល់ថ្នាក់អ្នកពុំមានជីវិតមួយដើរតាមផ្លូវរបស់ខ្លួន? 

អ្នកត្រូវតែឈប់ខ្វល់ពីអ្វីដែលពិភពលោកគិតចំពោះអ្នក ហើយធ្វើនូវអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្តដោយពុំចាំបាច់ស្វែងរកការចាប់អារម្មណ៍ជ្រុលហួសហេតុណាមួយ។ វានឹងជួយអ្នកឲ្យផ្តោតការចាប់អារម្មណ៍លើឆាកជីវិតរបស់អ្នកជាជាងរបៀបដែលអ្នកដទៃមានប្រតិកម្មចំពោះវា។ 

២- អ្នកនៅតែបន្តគុំគួនក្នុងចិត្ត
ការអត់ឱនឲ្យគ្នាគឺសំខាន់ណាស់នៅពេលអ្នកឈានដល់អាយុ ៣០។ ការគុំគួនអាចជះផលប៉ះពាល់អវិជ្ជមានដល់ជីវិតសង្គមរបស់អ្នក និងទំនាក់ទំនងរបស់អ្នកជាមួយនឹងមនុស្សដែលអ្នកធ្វើការជាមួយ។ 

វាសំខាន់ណាស់សម្រាប់អ្នកក្នុងការអត់ឱនឲ្យមនុស្សដែលធ្វើឲ្យអ្នកឈឺចាប់ និងអភ័យទោសឲ្យខ្លួនឯង។ បើអ្នកអាចធ្វើរឿងនេះបាន អ្នកនឹងអាចបំបែកបាននូវរបាំងផ្លូវចិត្តគ្រប់ប្រភេទ ដែលបានប្រឆាំងនឹងរូបអ្នក។ 

៣- អ្នកមិនចង់ចេញមុខទទួលខុសត្រូវ
អ្នកមិនចង់ចេញមុខទទួលខុសត្រូវហើយបន្តរត់គេចពីវាជំនួសឲ្យការតទល់នឹងបញ្ហារបស់អ្នក និងដោះស្រាយជាមួយវា។ អ្នកនឹងទីទើរទៅមុខមិនរួចឡើយក្នុងការដើរតួជាជនរងគ្រោះ ដែលវារឹតតែបង្កើតនូវភាពតានតឹងក្នុងជីវិតសង្គមរបស់អ្នក និងមិនអនុញ្ញាតឲ្យអ្នករៀនសូតពីកំហុសរបស់អ្នកបានឡើយ។ 

អ្នកត្រូវតែចេះមានទំនួលខុសត្រូវក្នុងជីវិតរបស់អ្នក មិនថាទាំងខាងហិរញ្ញវត្ថុ ស្មារតី និងអារម្មណ៍នោះឡើយ។ អ្នកគួរតែឈប់យកលេសដោះសារ និង ទម្លាក់កំហុសទៅលើរឿងនេះឬរឿងនោះតទៅទៀត។ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលជាមួយនឹងកន្លែងដែលអ្នកកំពុងតែឈរជើងបច្ចុប្បន្នទេ អ្នកគួរតែប៉ះប៉ូវវាឡើងវិញទើបប្រសើរ។ 

៤- អ្នកមិនចេះសន្សំលុយកាក់
អ្នកមិនចេះសន្សំលុយខ្លួនឯងទេ ហើយរស់នៅពឹងផ្អែកតែប្រាក់ខែពីមួយខែទៅមួយខែ។ អ្នកគិតថាអ្នកគឺជាស្តេចតាមរយៈការទិញរបស់ប្រណីតថ្មីៗនៅទីផ្សារ នៅពេលដែលអ្នកបានយកសំណាញ់សុវត្ថិភាពរបស់អ្នកទៅបោះចោលអស់ហើយនោះ។ 

អ្នកត្រូវតែចាប់ផ្តើមផ្តោតលើអនាគតរបស់អ្នក។ ការសន្សំលុយគឺជាអ្វីដែលនឹងធានានូវអនាគតរបស់អ្នក។

៥- អ្នកនៅតែបន្តសេពគប់មនុស្សខុស
តើមិត្តភក្តិអ្នកនិយាយអ្វីខ្លះពីអ្នក? តើពួកគេមានឥទ្ធិពលវិជ្ជមានលើអ្នក ឬក៏អ្នកកំពុងព្យាយាមដើម្បីឲ្យមានអារម្មណ៍កក់ក្តៅតាមរយៈការដើរតាមពួកគេ? 

អ្នកសមនឹងនៅជាមួយមិត្តភក្តិ ដែលធ្វើឲ្យអ្នកបង្ហាញអស់ពីសមត្ថភាពរបស់ខ្លួន និងកោតសរសើរនូវចំណុចខ្លាំង និងបុគ្គលិកលក្ខណៈរបស់អ្នក។ ប្រសិនបើមិត្តរបស់អ្នកធ្វើឲ្យអ្នកស្ទាក់ស្ទើរទៅមុខមិនរួច អ្នកគួរតែបង្កើតទំនាក់ទំនងថ្មី និងរៀនសូត្រអំពីការធ្វើទំនាក់ទំនងថ្មីៗដើម្បីចាប់ផ្តើមជីវិតថ្មី។  

៦- អ្នកចូលចិត្តខ្ជះខ្ជាយសមត្ថភាពខ្លួនឯង
អ្នកជឿថាខ្លួនអ្នកនៅតែ "ជាក្មេងអស្ចារ្យ" ហើយអ្នកចូលចិត្តខ្ជះខ្ជាយពេលវេលាដើម្បីសញ្ជាក់ខ្លួនអ្នកថាអ្នកនៅតែក្មេង និងចូលចិត្តផ្សងព្រេង។ អ្នកនៅតែបន្តធ្វើបែបនេះ ហើយអ្នកនឹងធ្វើឲ្យប៉ះពាល់ដល់អាជីពរបស់អ្នក ជីវិតបុគ្គលរបស់អ្នក និងសុខភាពរបស់អ្នក។ 

ផ្តោតលើអ្វីៗដែលធ្វើឲ្យអ្នកបញ្ចេញអស់ពីសមត្ថភាព និងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ ដែលគ្រប់គ្នាចង់នៅជាមួយ។ មានវិធីច្រើនណាស់ដើម្បីរីករាយដោយមិនចាំបាច់សេពគ្រឿងញៀន ឬ សេពគ្រឿងស្រវឹង។ ស្វែងរកការផ្សងព្រេងបែបនោះជំនួសវិញទើបជាការប្រសើរ។  

៧- អ្នកមិនបានឲ្យតម្លៃទំនាក់ទំនងដ៏សំខាន់
អ្នកបានឃ្លាតឆ្ងាយសែនឆ្ងាយពីមិត្តភក្តិ និងគ្រួសារ។ អ្នកមិនបានឲ្យតម្លៃដល់ពួកគេ ឬសូម្បីចំណាយពេលនៅជាមួយពួកគេទេ។ អ្នកមករកមិត្តភក្តិ និងគ្រួសារទាល់តែពេលដែលអ្នកត្រូវការអ្វីមួយពីពួកគេ។ 

អ្នកត្រូវតែលៃលកពេលខ្លះសម្រាប់មិត្តភក្តិ និងគ្រួសារ ព្រោះពួកគេមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈរបស់អ្នក។ ការផ្តល់ការយកចិត្តទុកដាក់ដល់ទំនាក់ទំនងទាំងអស់នោះនឹងជួយឲ្យអ្នកលូតលាស់ ហើយជួយឲ្យអ្នកសម្រេចបានភាពជោគជ័យក្នុងរយៈពេលយូរអង្វែង។ 

៨- អ្នកមិនបានថែរក្សាបែបផែនជីវិតដែលមានសុខភាពល្អ
អ្នកពេញចិត្តនឹងដើរផឹកស៊ី ជក់ និងទទួលទានអាហារខាងក្រៅជាជាងដាក់វិន័យលើខ្លួនឯង និងរក្សាបែបផែនជីវិតដែលមានសុខភាពល្អ ដូចជា ការហាត់ប្រាណ ការចំអិនម្ហូប និងការទទួលទានឲ្យបានត្រឹមត្រូវ។ ការរក្សាបែបផែនជីវិតដែលពុំមានសុខភាពល្អនឹងបានត្រឹមតែបំផ្លាញនូវសុខភាពរបស់អ្នក និងបង្កគ្រោះថ្នាក់ដល់រាងកាយរបស់អ្នកក្នុងរយៈពេលយូរអង្វែងប៉ុណ្ណោះ។ ប្រការនេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងអវិជ្ជមានដល់សុខភាពរបស់អ្នក សមត្ថភាពរបស់អ្នកដើម្បីគ្រប់គ្រងស្ត្រេស៍ និងប្រហែលជីវិតសង្គមរបស់អ្នកទៀតផង។ 

សូមព្យាយាមរៀបចំកាលវិភាគដ៏តឹងរឹងមួយ ដូច្នេះអ្នកនឹងដឹងថាពេលណាអ្នកនឹងចេញទៅហាត់ប្រាណសម្រាប់សប្តាហ៍នីមួយៗ និងអ្វីដែលអ្នកនឹងត្រូវទទួលទាន។ ហាមផ្តាច់ការប្រើប្រាស់គ្រឿនញៀន និងត្រូវដាក់កំហិតចំពោះការសេពគ្រឿងស្រវឹង។    

៩- អ្នកបន្តបង្អែបង្អង់ពេលវេលា
អ្នករង់ចាំពេលវេលាដ៏សក្តិសមបំផុតមកដល់បានអ្នកចាប់ផ្តើមធ្វើសកម្មភាព។ ពិចារណាមើលខ្លួនឯងទៅ គ្មានពេលវេលាសក្តិសមបំផុតណាមួយដើម្បីធ្វើនូវអ្វីដែលអ្នកត្រូវធ្វើនោះទេ។ ពិភពលោកនេះនឹងមិនរង់ចាំអ្នកនោះទេ។ រៀនចាប់ផ្តើមធ្វើសកម្មភាព និងបន្តចាប់ក្តីសុបិនរបស់អ្នក។ 

១០- អ្នកនៅតែដិតដានជាប់នឹងអតីតកាលរបស់អ្នក
អតីតកាលគឺជាអតីតកាល។ អ្នកមិនត្រូវបន្តបន្ទោសខ្លួនឯងចំពោះកំហុសដែលអ្នកបានប្រព្រឹត្តនោះទេ។ រស់នៅក្នុងវិប្បដិសារីនឹងមិននាំអ្នកទៅណាបានឡើយ។ 

រៀនផ្តោតលើអ្វីដែលនៅចំពោះមុខ និងកំណត់គោលដៅ រួចរៀបចំផែនការសម្រាប់អនាគត។ 

១១- អ្នកគ្មានគោលដៅច្បាស់លាស់
អ្នកពុំមានភាពច្បាស់លាស់អំពីទីកន្លែងដែលអ្នកនឹងត្រូវទៅនោះទេ។ អ្នករស់នៅតាមតែការបង្គាប់របស់គេ។ អ្នកបានធ្វើឲ្យអ្នកដទៃកំណត់ទិសដៅរបស់អ្នកនៅពេលអ្នកគ្មានភាពច្បាស់លាស់ទាល់តែសោះអំពីគោលដៅរបស់ខ្លួន។ 

អ្នកគួរកំណត់ថាតើអ្នកចង់ទៅដល់ទីណា និងអ្វីដែលអ្នកចង់បានពីជីវិតរបស់អ្នក និងបង្កើតផែនទីផ្លូវមួយសម្រាប់វា។ 

១២- អ្នកតែងតែព្រួយបារម្ភ
អ្នកបារម្ភពីអ្វីៗសព្វបែបយ៉ាង ដូចជា: អ្វីទៅនឹងកើតឡើងក្នុងរយៈពេលប្រាំឆ្នាំទៀត, តើមិត្តភក្តិអ្នកកំពុងគិតអ្វីចំពោះអ្នក, ស្វែងរកដៃគូក្នុងសុបិនរបស់អ្នក, ត្រូវកា្លយជាសេដ្ឋីនៅមុនអាយុ ៣៥ ។ល។

ការបារម្ភមិនអាចដោះស្រាយបញ្ហាបានទេ។ វាបានត្រឹមតែធ្វើចុះខ្សោយថាមពល ដែលសមតែប្រើប្រាស់ក្នុងអ្វីមួយដែលទទួលបានផលជាងនេះ។ ព្យាយាមកុំឲ្យមានការបារម្ភពេក និង ដោះស្រាយជាមួយអ្វីៗទាំងឡាយនៅពេលដែលវាកើតឡើង៕

adverise with khmeread

មតិយោបល់