adverise with khmeread 1

​តម្លៃ​ប្រេង​ធ្លាក់ចុះ​ខ្លាំង ស្របពេល​លោក Cameron ប្រកាស​ចុះចេញ​ពី​តំណែង ក្រោយ​អង់គ្លេស​បោះឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​

​    ​លោក David Cameron បានប្រកាសថា​នឹង​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​ការបោះឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជា​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស​។​

​    ​គាត់​បាន​បដិសេធ​ផ្តល់​ពេលវេលា​ច្បាស់លាស់​មួយ​អំពី​ការចាកចេញ​ពី​តំណែង​របស់គាត់ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​អង់គ្លេស​រូបនេះ​បាន​និយាយថា លោក​ចង់បាន​មេដឹកនាំ​ថ្មី​មាន​នៅនឹងកន្លែង​ស្រាប់ នៅមុន​ការចាប់ផ្តើម​សន្និសីទ​បក្ស Tory នៅ​ខែតុលា​ខាងមុខ​។​

​    ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​គាត់ ដែល​បាន​ធ្វើឡើង​នៅមុខ​ទ្វារ​នៅ​ផ្លូវ 10 Downing Street គាត់​បាន​និយាយថា "​ប្រជាជន​ចក្រភព​អង់គ្លេស​បាន​បោះឆ្នោត​ចាក​ចេញពី EU ហើយ​បំណង​របស់​ពួកគេ​ត្រូវតែ​គោរព​...​បំណង​របស់​ប្រជាជន​ចក្រភព​អង់គ្លេស​គឺជា​ការណែនាំ​ដែល​ត្រូវតែ​ផ្តល់ជូន​។ មិន​អាចមាន​មន្ទិលសង្ស័យ​ចំពោះ​លទ្ធផល​នោះទេ​"​។​

​    ​គាត់​បាន​ធានា​ដល់ទី​ផ្សារ​និង​អ្នកវិនិយោគ​ដោយនិយាយ​ថា សេដ្ឋកិច្ច​ចក្រភព​អង់គ្លេស​គឺ​ខ្លាំងក្លា​ណាស់ និង​បាន​សន្យារ​ផងដែរ​ថា នឹង​ពុំមាន​ការប្រែប្រួល​សភាព​ការណ៍​ភ្លាមៗ​សម្រាប់​ប្រជាជន​អង់គ្លេស​ដែល​រស់នៅ​បរទេស ឬ​ជនជាតិ​អឺរ៉ុប​ដែល​រស់នៅ​អង់គ្លេស​នោះទេ​។​

​    ​គួរ​បញ្ជាក់ថា លទ្ធផល​ប្រជាមតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានបង្ហាញ​ការគាំទ្រ​ឱ្យ​អង់គ្លេស "​ចាកចេញ​" ពី EU មាន​ចំនួន ៥១,៩ ភាគរយ (១៧,៤ លាន​នាក់​) និង គាំទ្រ​ឱ្យនៅ "​បន្ត​" មាន​ចំនួន ៤៨,១ ភាគរយ (១៦,១ លាន​នាក់​)​។ 

​    ​រីឯ​ប្រាក់​ផោន​អង់គ្លេស​ឯណោះ​វិញ​បាន​ធ្លាក់ចុះ​ជាង ៩ ភាគរយ​ធៀប​នឹង​ដុល្លារ​គឺ​ស្មើ ១,១៣ ដុល្លារ​ក្នុង ១ ផោន ជាការ​ធ្លាក់ចុះ​ទាប​បំផុត​ក្នុង​រយៈពេល ៣១ ឆ្នាំ​មកនេះ​។ តម្លៃ​ប្រេង​ពិភពលោក​បាន​ធ្លាក់ចុះ​ជាង ៦ ភាគរយ​។ ផ្សារ​ហ៊ុន​តូ​ក្យូ​ធ្លាក់ចុះ​ជាង ៨ ភាគរយ ហើយក៏​ញ៉ាំងឱ្យ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន​ធ្វើ​សន្និសីទកាសែត​បន្ទាន់​ផងដែរ​ទាក់ទិន​នឹង​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​៕

ប្រភព​៖ CNN

adverise with khmeread

មតិយោបល់