B74c944c 84ed 497c 84be f8dc3d6a45a5

ឃាត់ខ្លួន​បុរស​ម្នាក់​រួមទាំង​អាវុធ AK​ មួយ​ដើម​នៅ​ពោធិ៍សាត់​

    ពោធិ៍សាត់ ៖ ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ព្រៃ​ញី បាន​ឃាត់ខ្លួន​បុរស​ម្នាក់​រួមទាំង​អាវុធ AK ១​ដើម​ បញ្ជូនទៅ​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ពោធិ៍សាត់​ដើម្បី​ចាត់ការ​បន្ត កាលពី​វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​ក្រាំង​តា​សែន សង្កាត់​ព្រៃ​ញី ក្រុង​-​ខេត្តពោធិ៍សាត់។​

    ប៉ូលិស​ក្រុង​ពោធិ៍សាត់​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ លាស់ ហៅ​ក្រ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​កន្លែង​ចាប់ខ្លួន​។ ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​មាន​លក្ខណៈ​ដូចជា​មាន​សតិ​មិនល្អ​ឆ្លើយ​ទៅមុខ​ទៅក្រោយ​មិនទាន់​យកសា​ច់ការ​បាន​នៅឡើយ​ទេ​។​

    ប៉ូលិស​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ចាប់​អាវុធ AK ស្វាយ​បត់ ១​ដើម ដែលមាន​លេខ 2354 ផលិត​នៅ​ប្រទេស​ចិន និង​បង់​១ គុណភាព​១០០% ហើយ​ការឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​អាវុធ​ធុន AK ខាងលើនេះ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ខណៈ​ជនសង្ស័យ​បាន​លាក់ទុក​ដោយ​ខុសច្បាប់​ជា​យូរ​មកហើយ ប៉ុន្ដែ​សមត្ថកិច្ច​តាម​ចាប់​នៅពេល​ជនសង្ស័យ​បង្វែរ និង​ផ្លាស់ប្ដូរ​ទិសដៅ ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​នឹង​តាមដាន។​

    បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​យ៉ាងច្បាស់​ថា ការ​លាក់ទុក​អាវុធ​ខាងលើនេះ មាន​គ្រាប់​ចំនួន ៦​គ្រាប់ ប៉ុន្ដែ​ប៉ូលិស​ដកហូត​បានតែ​អាវុធ និង​បង់​ទទេ​គ្មាន​គ្រាប់​នោះឡើយ។ ករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​គ្រាប់​បន្ត។​

    តាម​ចម្លើយ​របស់​ជនសង្ស័យ​និយាយ​មិន​ច្បាស់លាស់ ម្ដង​ទៅ​លិច​ម្ដង​ទៅ​កើត​ថា​កាំភ្លើង​នេះ​គេ​រើស​បានមកពី​ព្រៃ ខណៈ​បររទេះ​ទៅធ្វើ​ចម្ការ ចម្លើយ​មិនបានការ​ខាងលើនេះ ធ្វើឱ្យ​សមត្ថកិច្ច​វិលក្បុង​នៅ​នៅឡើយ។ យ៉ាងណាក៏ដោយ​ក៏ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដែរ៕

មតិយោបល់